ជិះម៉ូតូមកលេងប្រពន្ធកូននៅស្រុកកំណើតចៃដន្យជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិដែលដើរហាត់ប្រាណនិងអ្នកធ្វើដំណើរទាំងព្រលឹមអុរខណៈប្រទះឃើញបុរសម្នាក់ស្លាប់នៅក្បែរម៉ូតូ។ពេលឃើញបែបនេះគេក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យមកពិនិត្យសពដែលគេសង្ស័យថាជាករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូដួលម្នាក់ឯង។

ហេតុការណ៍ប្រទះឃើញសពនេះគឺកើតឡើងកាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី១៧ខែតុលាឆ្នាំ២០២០ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ១ក្នុងភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំខេត្តស្វាយរៀង។

បើតាមម្ដាយបុរសរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកថា កូនប្រុសមានឈ្មោះពៅភារៈ អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់មានស្រុកកំណើតនៅភូមិត្រោកតូច ឃុំស្វាយធំ ស្រុកស្វាយជ្រំ មានកូនស្រី២នាក់ក្នុងបន្ទុក ខណៈប្រពន្ធទើបឆ្លងទន្លេបាន៩ខែសន្លប់នៅផ្ទះ។បន្ទាប់ពីទទួលដំណឹងអកុសលនេះកូនរបស់គាត់ក៏ជិះម៉ូតូមកមើលប្រពន្ធ។

ប្រភពបន្តថា មុនកើតហេតុកូនប្រុសគាត់បានចេញពីភ្នំពេញវេលាម៉ោង៩យប់ដោយជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០១៥មួយគ្រឿងក្នុងទិសដៅពីលិចមកកើតក្នុងគោលបំណងមកលេងប្រពន្ធកូននៅស្រុកកំណើតនៅឃុំស្វាយធំ។

ប្រភពបន្តថា គាត់និងកូនប្រសាស្រីខំចាំនិងបានតេទូរស័ព្ទចូលប៉ុន្តែមិនមានអ្នកលើករហូតដល់ព្រឹកឡើងទើបដឹងព័ត៏មានថាកូនស្លាប់ក៏មានការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកសមត្ថកិច្ចខាងចរាចរណ៍បានមកពិនិត្យសពនិងវាស់វែងកន្លែងកើតហេតុរួចប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតទាំងក្ដុកក្ដួលបំផុត៕ ដោយ៖  យឹម  សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print