ខេត្តបន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ បញ្ជាក់ថា ថៃមិនទាន់បើកទឹកទម្លាក់មកទេ, ទឹកឡើងនៅតាមព្រំដែន ដោយសារជំនន់ទឹកភ្លៀង។ លោកថ្លែងប្រាប់បែបនេះ ចេញពីកន្លែងជួយសង្គ្រោះប្រជាពលរដ្ឋដោយសារទឹកជន់លិច នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។
លោក អ៊ុ រាត្រី អភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ៖ ទឹកឡើងនៅតាមព្រំដែនកម្ពុជា-ថៃ កើតឡើងដោយសារជំនន់ទឹកភ្លៀង មិនមែនមកពីថៃបើកទឹកទម្លាក់មកនោះទេ។
សូមបញ្ជាក់ថា៖ លោក អ៊ុំ រាត្រី បានថ្លែងប្រាប់ពីដំណឹងនេះ បន្ទាប់ពីស្ថានភាពទឹកជំនន់នៅតាមមាត់អូរខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ កំពុងកើនឡើងបណ្តើរៗ គួរឲ្យព្រួយបារម្ភ ដោយមានមតិខ្លះថា គឺជាជំនន់ទឹក ដែលកើតឡើងដោយសារថៃបើកទឹកទម្លាក់មក។
លោកអភិបាលខេត្តបានបញ្ជាក់ថា «រហូតមកដល់ពេលនេះ ថៃមិនទាន់មានការបើកទឹកទម្លាក់មកទេ ហើយទឹកដែលឡើងនៅតាមអូរខ្សែបន្ទាន់ព្រំដែននោះ មកពីជំនន់ទឹកភ្លៀង ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ ជាពិសេសនៅក្នុងខេត្តបន្ទាយមានជ័យ កុំមានការព្រួយបារម្ភ។ ពេលនេះមានករណីកើតឡើងនោះ ខាងរដ្ឋបាលខេត្តនឹងជូន ដំណឹងភ្លាមៗទៅកាន់ប្រជាពលរដ្ឋហើយ»។
សូមបញ្ជាក់ថា នាយប់ម៉ោង ៨៖៣០នាទីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ស្ថានភាពទឹកជំនន់នៅតាមមាត់អូរខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ កំពុងតែហក់ឡើងយ៉ាងខ្មួលខ្មាញ់ និងឡើងបណ្តើរៗ គួរឲ្យព្រួយបារម្ភ។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានចេញប្រតិបត្តិការដឹកនាំមន្ត្រីអាជ្ញាធរក្រុងប៉ោយប៉ែត ចុះពិនិត្យទឹកជំនន់ ដែលកំពុងតែហក់ឡើងខ្លាំងលិចចូលផ្ទះប្រជាពលរដ្ឋ នៅតាមតំបន់ព្រំដែននេះ។
សូមជម្រាបថា៖ នៅព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបន្តផ្តល់អំណោយ មនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័សចំនួន ១៤៣គ្រួសារ រស់នៅភូមិចំនួន៩ ក្នុងឃុំបន្ទាយនាង ខេត្តបន្ទាយមានជ័យ៕
ដោយ៖ សិលា