រាជរដ្ឋាភិបាលទទួលបានថវិកាជំនួយឧបត្ថម្ភកើនដល់ជាង៧លាន៥សែនដុល្លារ សម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ត្រឹមម៉ោង៥ល្ងាចថ្ងៃទី១៩ ខែតុលានេះ

ចែករំលែក៖

 

ភ្នំពេញ៖ គិតត្រឹមម៉ោង៥ល្ងាចថ្ងៃទី១៩ ខែតុលានេះ រាជរដ្ឋាភិបាលទទួលបានជំនួយឧបត្ថម្ភកើនដល់ ៧.៥៧៣.១៦៣ដុល្លារសហរដ្ឋអាមេរិក សម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់។ នេះបើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាផ្លូវការ នៅល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា៖ ការជួយឧបត្ថម្ភជាថវិកានេះបានបង្ហាញយ៉ាងច្បាស់ពីការជួយគ្នាក្នុងគ្រាលំបាករបស់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាការយកចិត្តទុកដាក់ជួយដោះស្រាយទុក្ខលំបាកប្រជាជនពីសំណាក់ រាជរដ្ឋាភិបាលលើបញ្ហាទឹកជំនន់ ដោយមិនប្រកាន់និន្នាការនយោបាយ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានប្រកាសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងទទួលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងនាពេលនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់សង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា និងសូមបន្តចាត់វិធានការចាំបាច់នានា និងដឹកនាំកម្លាំងក្នុងការចេញទៅជួយសង្គ្រោះប្រជាពលរដ្ឋ តាមភូមិសាស្ត្រ ដែលទទួលខុសត្រូវឱ្យបានទាន់ពេលវេលា ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវការលំបាក និងផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិនានា។
បើយោងតាមតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ប្រជាជនកម្ពុជាប្រមាណ ៧៨,០៥៦គ្រួសារ ស្មើប្រមាណ ៣១២,២២៤នាក់ បានរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង ក្នុងនោះពលរដ្ឋចំនួន ២៥នាក់បានស្លាប់៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print