នៅថ្ងៃទី២០ខែតុលា គណៈរដ្ឋមន្ត្រីថៃ បានបើកកិច្ចប្រជុំដោយបានសម្រេចស្នើរដ្ឋសភាកោះប្រជុំជាបន្ទាន់ រយៈពេល២ថ្ងៃគឺនៅថ្ងៃទី២៦-២៧ខែតុលាឆ្នាំ២០២០ដើម្បីស្វែងរកដំណោះស្រាយនយោបាយ ក្រោយពីមានបាតុកម្មជាច្រើនកើតឡើង ។
បច្ចុប្បន្នរដ្ឋាភិបាលថៃ បានប្រកាសអាសន្នក្នុងទីក្រុងបាងកកដើម្បីទប់ស្កាត់ការធ្វើបាតុកម្ម ប៉ុន្តែក្រុមបាតុករនៅតែបន្តធ្វើបាតុកម្មដដែលមិនខ្វល់ពីច្បាប់ហាមប្រាមនោះឡើយ។ នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធកន្លងមកបានប្រកាសពីគោលជំហររបស់រដ្ឋាភិបាលការពារព្រះមហាក្សត្រនិងរបបរាជានិយម។ លោកក៏បានស្នើដល់ក្រុមបាតុករ មិនត្រូវបង្កឲ្យមានអំពើហិង្សានោះឡើយ។
តាមរូបភាពវីដេអូ ដែលបានបង្ហោះនៅលើគេហទំព័រ Vnewsនាថ្ងៃទី២០ខែតុលា ក្រុមបាតុករបានធ្វើបាតុកម្មទាំងកណ្តាលភ្លៀងធ្លាក់ខ្លាំង ហើយបាតុករទាំងអស់បានពាក់អាវភ្លៀងការពារទទឹកដើម្បីបន្តធ្វើបាតុកម្ម។
កន្លងមក សារព័ត៌មាន The Nation បានផ្សាយថា កាលពីថ្ងៃ ទី១៩ ខែតុលា ក្រុមគ្រូពេទ្យបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះការប្រើបូលិសបំបែកការប្រមូលផ្តុំ កាលពីថ្ងៃសុក្រ (១៦ តុលា) ខណៈដែលប៉ូលិសបានប្រើរថយន្ដពន្លត់អគ្គិភ័យបង្រ្កាបទៅលើក្រុមអ្នកតវ៉ានៅទីលាន Pathumwan ជាចំណុចផ្លូវប្រសព្វ បិទរថយន្ដសង្គ្រោះបន្ទាន់ ចំពេលកំពុងដឹកអ្នករងគ្រោះថ្នាក់។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រុមគ្រូពេទ្យនោះ បានបញ្ជាក់ថា បុគ្គលិកពេទ្យត្រូវតែព្យាបាលមនុស្សគ្រប់គ្នាទាំងអស់ដោយគ្មានការរើសអើង ក្រោមកាលៈទេសៈណាមួយ ហើយការពារសិទ្ធិ និងលក្ខណៈឯកជនរបស់អ្នកជំងឺទាំងអស់។ ជាមួយគ្នានេះ ក្រុមគ្រូពេទ្យទាមទារឱ្យអាជ្ញាធរអនុវត្ត តាមបទបញ្ជាអន្តរជាតិ និងបញ្ឈប់ការប្រើប្រាស់អំពើហិង្សា ប្រឆាំងនឹងក្រុមអ្នកតវ៉ាដោយសន្តិវិធី ហើយធានាថា មន្ទីរពេទ្យជាទីតាំងមានសុវត្ថិភាព និងអព្យាក្រឹត សម្រាប់ជនរងគ្រោះទាំងអស់៕