សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ (គោលដៅទីពីរ ចំនួន៥០០០គ្រួសារ)

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីសណេះសំណាល និងចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋនៅទីតាំងទី១ និងអញ្ជើញចុះសួរសុខទុក្ខដល់ផ្ទះបងប្អូនប្រជាពលរដ្ឋដែលលិចលង់រួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញបន្តដំណើរមកសួរសុខទុក្ខ និងចែកអំណោយនៅទីតាំងទី២ ជាបន្តទៀតដែលស្ថិតនៅ ចំនុចផ្សារធំថ្មី បូរីជ័យ II ចំការតាដោក ភូមិចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ។

សម្តេចតេជោ ហ៊ុន សែន បង្ហាញនូវក្តីរីករាយដែលបានអញ្ជើញមកសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យនាពេលនេះ។ សម្តេចតេជោក៏បានពាំនាំនូវព្រះរាជសារផ្តាំសាកសួរសុខទុក្ខពីព្រះមហាក្សត្រ និងសម្តេចម៉ែ ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោតទឹកជំនន់នេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏សូមចូលរួមនូវមរណទុក្ខចំពោះគ្រួសារដែលបានបាត់បង់ជីវិតក្នុងពេលមានគ្រោះទឹកជំនន់នេះផងដែរ។ សម្តេចបន្តថា ខេត្តបន្ទាយមានជ័យ ជាខេត្តដែលរងគ្រោះធ្ងន់ជាងគេ និងយូរជាងគេ ដែលចាំបាច់ត្រូវផ្តល់អទិភាពសង្រ្គោះផង និងស្តារឡើងវិញក្រោយទឹកជំនន់ផង។

សម្តេចតេជោ ហ៊ុន សែន ក៏សូមថ្លែងអំណរគុណចំពោះបណ្តាសប្បុរសជន ដែលជួយផ្តល់ជាថវិកាក្តីជាសម្ភារៈស្បៀងអាហារក្តី តាមរយះរាជរដ្ឋាភិបាល ឬកាកបាទក្រហម ឬអាជ្ញាធរថ្នាក់ក្រោមជាតិក្នុងការចុះចែកផ្ទាល់ដល់ប្រជាពលរដ្ឋដែលរងគ្រោះ។
សម្តេចតេជោក៏បានកោតសរសើរចំពោះស្ថាបន័ថ្នាក់ជាតិនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃក្រុមយុវជនទាំងអស់ដែលបានចូលរួមជួយសង្រ្គោះប្រជាពលរដ្ឋនៅតំបន់រងគ្រោះដែលនេះ ដែលបានបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំនិងទូលំទូលាយនៃជាតិយើង។ សម្តេចតេជោបានមានប្រសាសន៍ថា អ្វីដែលសំខាន់គឺការជម្លៀសប្រជាពលរដ្ឋចេញពីកន្លែងរងគ្រោះអោយបានដើម្បីជៀសវាងការគ្រោះថ្នាក់ដល់អាយុជីវិត។

នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បន្ទាប់ពីចែកអំណោយនៅថ្ងៃស្អែករួច សម្ដេចនឹងអញ្ជើញទៅកាន់ទីក្រុងភ្នំពេញដើម្បីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រ ហើយនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ សម្ដេចនឹងអញ្ជើញត្រឡប់ទៅកាន់ខេត្តបន្ទាយមានជ័យសារជាថ្មីទៀត ដើម្បីពិនិត្យមើល សួរសុខទុក្ខ និងផ្ដល់អំណោយជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះ ជាបន្តទៀត។

ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានជំរុញអោយអាជ្ញាធរក៏ ដូចជាប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តចំពោះវិធានការសំខាន់ ៣ក្នុងអំឡុងពេលនេះ ទី១)ចូលរួមទប់ស្កាត់ការចម្លងជម្ងឺកូវីដ១៩ ទី២)ជម្នះការលំការជាមួយគ្នាក្នុងការគ្រប់គ្រងទឹកជំនន់ និងទី៣)យើងត្រូវខិតស្តារអភិវឌ្ឍន៍ឡើងវិញក្រោយពេលទឹកជំនន់៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print