លោក ឃួង ស្រេងបន្តទទួលជំនួយពីសប្បុរសជនដើម្បីយកចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់និងជនងាយរងគ្រោះ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបន្តទទួលជំនួយឧបត្តម្ភជាគ្រឿងឧបភោគ បរិភោគពីសប្បុរសជនក្នុងរាជធានីភ្នំពេញដើម្បីយកទៅបន្តចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងជនងាយរងគ្រោះក្នុងមូលដ្ឋានរាជធានីភ្នំពេញ ។ ពិធីទទួលអំណោយនេះបានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងអំណរគុណចំពោះសប្បុរសជនដែលបានបន្តចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគដើម្បីរដ្ឋបាលរាជធានីភ្នំពេញបានយកទៅបន្តចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ពិសេសប្រជាពលរដ្ឋដែលកំពុងជម្លៀសមកកាន់ទីទួលសុវត្ថិភាព។
លោកអភិបាលរាជធានីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្ដាក្រុមហ៊ុន,អង្គការ, សមាគម, លោកឧកញ៉ា, អ្នកឧកញ៉ា, លោកជំទាវ សប្បុរសជនជិតឆ្ងាយដែលបានចូលរួមឧបត្ថម្ភជាសម្ភារប្រើប្រាស់ ជាគ្រឿងឧបភោគបរិភោគសម្រាប់ជួយសង្រ្គោះដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។
លោកបានសន្យាថា រាល់អំណោយរបស់សប្បុរសជនទាំងអស់នឹងនាំយកទៅជួនដល់ដៃបងប្អូនប្រជាពលរដ្ឋរងគ្រោះ ហើយបើនៅសេសសល់នឹងយកទៅជួយដល់ប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋានដោយមិនធ្វើឱ្យម្ចាស់អំណោយខកបំណងឡើយ។
សូមបញ្ជាក់ថា គ្រោះទឹកជំនន់ដែលបង្កឡើងដោយសារទឹកភ្លៀងដ៏ច្រើនលើសលប់ ព្រោះឥទ្ធិពលសម្ពាធទាប និងព្យុះចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បណ្តាលឲ្យមានមនុស្សស្លាប់ និងប៉ះពាល់ប្រជាពលរដ្ឋជាច្រើនម៉ឺនគ្រួសារ រួមទាំងកសិផល និងទ្រព្យសម្បត្តិយ៉ាងច្រើន សន្ធឹកសន្ធាប់ផងដែរ៕ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print