ក្រុមបាតុករគាំទ្រព្រះមហាក្សត្រថៃរាប់សិបពាន់នាក់បាននាំគ្នាដង្ហែក្បួន ដោយលើកពាក្យស្លាកថា «កុំប៉ះពាល់ដល់របបរាជានិយម និងព្រះមហាក្សត្រ»។ ក្រុមបាតុករគាំទ្រព្រះមហាក្សត្របានធ្វើឡើងនៅខេត្ត ឈៀងម៉ៃ ចាន់បូរី Lampang, Nan, Narathiwat និង Songkhla នៅថ្ងៃទី២១ខែតុលានេះ ដើម្បីគាំទ្រព្រះមហាក្សត្រ ។
តាមសារព័ត៌មាន CNA នៅថ្ងៃ ទី២១ ខែតុលា បានផ្សាយថា នៅក្នុងពិធីជួបជុំគ្នា ក្រុមអ្នកស្មោះស្ម័គ្រនឹងរបបរាជានិយមពាក់អាវយឺតពណ៌លឿង បាននិយាយថា ពួកគេមិនមានបញ្ហាអ្វីនោះទេចំពោះក្រុមបាតុករដែលកំពុងធ្វើបាតុកម្មទាមទារឱ្យលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង។ ក៏ប៉ុន្តែ មិនត្រូវប៉ះពាល់ព្រះមហាក្សត្រ Maha Vajiralongkorn ជាដាច់ខាត។
សារព័ត៌មានរ៉យទ័របានដកស្រង់សម្ដីរបស់បាតុករស្មោះស្ម័គ្រនឹងរបបរាជានិយមថៃម្នាក់ដែលលើកឡើងថា «ខ្ញុំសូមអង្វរពួកអ្នក ធ្វើអ្វីដែលពួកអ្នកចង់ធ្វើចុះ។ ប៉ុន្តែ មិនត្រូវប៉ះពាល់ព្រះមហាក្សត្រជាដាច់ខាត។ ខ្ញុំមិនចង់ឱ្យមានអំពើហិង្សា ហើយខ្ញុំសូមអង្វរម្ដងទៀត កុំនាំរបបរាជានិយមទៅប្រឡាក់ប្រឡូកនឹងនយោបាយ»។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ ក្រោយពីមានបាតុកម្មទាមទារឲ្យនាយករដ្ឋមន្ត្រីចុះចេញពីតំណែង នៅថ្ងៃទី២១ខែតុលានេះ យោធាថៃបានច្រានចោលពាក្យចចាមអារ៉ាមពីការប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់លោក ប្រាយុទ្ធ ចាន់អូចា ចេញពីតំណែង ខណៈកងទ័ពថ្មើរជើងមួយចំនួនត្រូវបានគេរាយការណ៍ថាកំពុងចល័តរថពាសដែកនៅភាគខាងកើតជាយរាជធានីបាងកក។
អ្នកនាំពាក្យយោធាថៃ លោកស្រី Sirichan Ngathong បានបដិសេធថាការដឹកជញ្ជូនរថពាសដែក Stryker ចំនួន១៤គ្រឿងពីទីក្រុងកំពង់ផែ Laem Chabang ក្នុងខេត្ត Chonburi មិនមែនជាការប៉ុនប៉ងធ្វើរដ្ឋប្រហារដូចពាក្យចចាមអារ៉ាម នៅលើបណ្ដាញទំនាក់ទំនងសង្គមឡើយ។ លោកស្រីបន្ថែមថា រថពាសដែកទាំងនេះត្រូវបានបញ្ជាឱ្យដឹកទៅកាន់បន្ទាយក្នុងខេត្ត Saraburi ដោយត្រូវឆ្លងកាត់ភាគខាងកើតជាយរាជធានីបាងកក តែប៉ុណ្ណោះ។
ប៉ុន្តែសកម្មភាពខាងលើវាជួនទៅនឹងការទាមទារទម្លាក់នាយករដ្ឋមន្ត្រី ទើបធ្វើឲ្យមានពាក្យចចាមអារ៉ាមថា លោកប្រយុទ្ធបានធ្វើរដ្ឋប្រហារ ទម្លាក់នាយករដ្ឋមន្ត្រី ពេលនេះត្រូវគេធ្វើរដ្ឋប្រហារទម្លាក់លោកវិញម្តង៕