សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ (គោលដៅទីមួយ ចំនួន៥០០០គ្រួសារ)

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ(គោលដៅស្រុកថ្មពួ ៥ពាន់គ្រួសារ និងគោលដៅក្រុងប៉ោយប៉ែត ៥ពាន់គ្រួសារ) នៅខេត្តបន្ទាយមានជ័យ។

សម្តេចតេជោ ហ៊ុន សែន បង្ហាញនូវក្តីរីករាយដែលបានអញ្ជើញមកសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋនៅនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យនាពេលនេះ។ សម្តេចតេជោក៏បានពាំនាំនូវព្រះរាជសារផ្តាំសាកសួរសុខទុក្ខពីព្រះមហាក្សត្រ និងសម្តេចម៉ែ ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោតទឹកជំនន់នេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏សូមចូលរួមនូវមរណទុក្ខចំពោះគ្រួសារដែលបានបាត់បង់ជីវិតក្នុងពេលមានគ្រោះទឹកជំនន់នេះផងដែរ ក្នុងនោះសម្តេចតេជោបានផ្តល់ជូនគ្រួសារដែលបាត់សជិកសម្រាប់រៀបចំបុណ្យសព្វចំនួន១០លានរៀលផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបន្តថា ខេត្តបន្ទាយមានជ័យ ជាខេត្តដែលរងគ្រោះធ្ងន់ជាងគេ និងយូរជាងគេ ដែលចាំបាច់ត្រូវផ្តល់អទិភាពសង្រ្គោះផង និងស្តារឡើងវិញក្រោយទឹកជំនន់ផង។ សម្តេចតេជោបញ្ជាក់ថា អំឡុងពេលមានទឹកជំនន់ អ្វីដែលយើងត្រូវគិតសំខាន់មុនគេនោះ គឺការជម្លៀសបងប្អូនប្រជាពលរដ្ឋទៅរកកន្លែងសុវត្តិភាព ដើម្បីជៀសវាងការគ្រោះថ្នាក់ និងប៉ះពាល់ដល់អាយុជីវិត។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គណបក្សប្រជាជន គឺជាគណបក្សមួយដែលតែងតែរួមទាំងសុខ រួមទាំងទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវលា និងគ្រប់ទីកន្លែង។ «ស្រលាញ់គ្នាក្នុងគ្នាក្រ ស្គាល់មិត្តល្អនៅពេលលំបាក»។ នេះគឺជាការសម្រួលការលំបាកដល់ប្រជាពលរដ្ឋ ដែលកំពុងមានគ្រោះអាសន្នដោយទឹកជំនន់នេះ ហើយក្នុងពិធីនេះ ទោះបីជាបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនធ្លាប់បានទទួលអំណោយពីមុនក៏ដោយ ក៏ពួកគាត់ត្រូវទទួលបានបន្ថែមទៀត ពេលសម្តេចតេជោចុះមកប្រគល់ដោយផ្ទាល់នេះ។

ថ្ងៃនេះ​ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា តំបន់ស្រុកពួក ខេត្តបន្ទាយមានជ័យ ពីអតីតកាលគឺជាកន្លែងសមរភូមិក្តៅដែលពោពេញដោយសង្គ្រាម តែចាប់ពីឆ្នាំ១៩៩៨ ក្រោយពីប្រទេសជាតិត្រូវធ្វើសមាហរណកម្ម គឺបាប្រែក្លាយតំបន់ព្រំដែនដែលធ្លាប់ជាសមរភូមិក្តៅទាំងអស់ទៅជីតំបន់ដែលមានសុខ សន្តិភាព។

សម្តេចតេជោ ហ៊ុន សែន ក៏សូមថ្លែងអំណរគុណចំពោះបណ្តាសប្បុរសជន ដែលជួយផ្តល់ជាថវិកាក្តីជាសម្ភារៈស្បៀងអាហារក្តី តាមរយះរាជរដ្ឋាភិបាល ឬកាកបាទក្រហម ឬអាជ្ញាធរថ្នាក់ក្រោមជាតិក្នុងការចុះចែកផ្ទាល់ដល់ប្រជាពលរដ្ឋដែលរងគ្រោះ។

សម្តេចតេជោក៏បានកោតសរសើរចំពោះស្ថាបន័ថ្នាក់ជាតិនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃក្រុមយុវជនទាំងអស់ដែលបានចូលរួមជួយសង្រ្គោះប្រជាពលរដ្ឋនៅតំបន់រងគ្រោះដែលនេះ បានបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំនិងទូលំទូលាយនៃជាតិយើង។ សម្តេចតេជោបានមានប្រសាសន៍ថា អ្វីដែលសំខាន់គឺការជម្លៀសប្រជាជនចេញពីកន្លែងរងគ្រោះអោយបានដើម្បីជៀសវាងការគ្រោះថ្នាក់ដល់អាយុជីវិត។

ចំពោះអំណោយដែលផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នាំពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូ, មី១កេស, ទឹកត្រី១យួ, ទឹកស៊ីអ៊ីវ១យួ, ទឹកបរិសុទ្ធ១កេះធំ, ឃីត១ (មុង១ ភួយ១ ខ្នើយ១ ក្រមា១ កន្ទេល១) និងថវិកា ៥ម៉ឺនរៀល៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print