ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ លោកស្រី ពេជ្រ ច័ន្ទមុន្នី បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងលោកស្រីបណ្ឌិត បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិនព្រមទាំងសហការីបន្តចុះចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន៧៧៨គ្រួសារ នៅ២កន្លែង ផ្សេងគ្នាក្នុងស្រុកសាលាក្រៅ នៃខេត្តប៉ៃលិន ។
ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋលោកស្រីបណ្ឌិត បាន ស្រីមុំអ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានមានប្រសាសន៍ថាពេលមានទុក្ខលំបាក មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលតែងតែចុះជួយ និងនៅជិតបងប្អូនប្រជាពលរដ្ឋមិនថាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ឬជួបការលំបាកផ្សេងៗ ក្រុមការងាររបស់គណប្រជាជនកម្ពុជា នៅចាំជួយជានិច្ច។ សូមបងប្អូនរាយការណ៍បន្ទាន់ទៅក្រុមការងារក្នុងភូមិបើមានគ្រោះអាសន្នឬ ហេតុការណ៍អ្វីកើតឡើង។
ជាមួយគ្នានោះដែរ លោកស្រីពេជ្រ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានពាំនាំពាក្យផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែនឹករលឹកនិងខ្វល់ខ្វាយពីទុក្ខលំបាករបស់ប្រជាពលរដ្ឋជានិច្ច។ដូចជាពេលនេះ សម្តេចកំពុងតែចុះចែកអំណោយជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យជាង១ម៉ឺនគ្រួសារផងដែរ ។
លោកស្រី ពេជ្រ ច័ន្ទមុន្នី បានផ្តែផ្តាដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នចំពោះក្មេងៗ កុំឲ្យចុះលេងទឹក ព្រោះវាអាចឲ្យលង់បាត់បង់ជីវិត។
ម្យ៉ាងទៀតត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វអសិរពិសហើយត្រូវថែរក្សាសុខភាព ដោយពិសាទឹកស្អាត ឬដាំពុះសំរាន្តក្នុងមុង ជាប្រចាំ ដើម្បីការពារជំងឺផ្សេងៗ ។
ប្រភពបន្តទៀតថា អំណោយដែលចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកំនន់នាពេលនេះក្នុង១គ្រួសារៗ ទទួលបានអង្ករ៥០គីឡូក្រាម មី១កេស ទឹកសុទ្ធ១កេស មី១កេស ភួយ១ សារុង១ប្រេងខ្យង២ដបសាប៊ូដុសខ្លួន១ដុំ ថ្នាំដុសធ្មេញ១ដប ថ្នាំពេទ្យ១ឈុត និងថវិកា ៥មុឺនរៀលផងដែរ៕ស សារ៉េត