ក្រុមហ៊ុនអាកាសចរណ៍អាមេរិក American Airlines បានប្រកាសខាតបង់ប្រាក់ដល់ទៅ ២,៤ពាន់លានដុល្លារ ក្នុងត្រីមាសទី៣ដោយសារតែប្រាក់ចំណូលរបស់ក្រុមហ៊ុនថយចុះដល់ទៅ ៧៣ភាគរយព្រោះតែការផ្អាកការហោះហើរបណ្តាលមកពីកូវីដ-១៩ ។
កាលពីថ្ងៃទី២២ខែតុលា ក្រុមហ៊ុនAmerican Airlines បានប្រកាស ក្នុងរយៈពេល៣ខែកន្លងមក បានសម្រេចកាត់បន្ថយការចំណាយដល់ទៅ៤៤លានដុល្លារក្នុងមួយថ្ងៃប៉ុណ្ណោះ ។ ចំណែកនៅក្នុងត្រីមាសទីពីរ គឺការចំណាយដល់ទៅ ៥៨លានដុល្លារក្នុងមួយថ្ងៃ។
នាយកប្រតិបត្តិក្រុមហ៊ុន American Airlines លោកDoug Parker បានបញ្ជាក់ថា « ក្នុងត្រីមាសទី៣ យើងបានកាត់បន្ថយការចំណាយជាច្រើន ប៉ុន្តែបានបង្កើតប្រសិទ្ធភាពដើម្បីផ្តល់ទំនុកចិត្តដល់អ្នកដំណើរ ក្រោយការធ្វើដំណើរតាមយន្តហោះឡើងវិញ ពេលកូវីដ-១៩បានបញ្ចប់។
លោកDoug Parker បានបញ្ជាក់ថា ការកាត់បន្ថយការចំណាយគឺផ្តោតទៅលើការកាត់បន្ថយជើងហោះហើរ ដោយឲ្យយន្តហោះជាច្រើនផ្អាកការហោះហើរ។ ក្រុមហ៊ុនក៏បានខ្ជីប្រាក់៥,៥ពាន់លានដុល្លារពីក្រសួងហិរញ្ញវត្ថុអាមេរិកផងដែរ។
ក្រុមហ៊ុនអាកាសចរណ៍ American Airlines ក៏បានផ្អាកបុគ្គលិកដល់ទៅ១៩.០០០នាក់ ហើយខិតខំស្វែងរកប្រាក់ជំនួយពីបណ្តារដ្ឋ ប៉ុន្តែមិនទទួលបានជោគជ័យឡើយ។ ជាមួយគ្នានោះក៏មានបុគ្គលិកត្រូវឈប់សម្រាកច្បាប់ ដល់ទៅ២ម៉ឺននាក់ក្នុងរយៈពេលយូរខណៈក្រុមហ៊ុនជួបឧបសគ្គ៕