ភ្នំពេញ ៖ ឡំប្រឺតាមួយគ្រឿងបើកគេចពីម៉ូតូក៏ក្រឡាប់សង្កត់ទៅលើអ្នករួមដំណើរ២នាក់បណ្ដាលឲ្យស្រ្ដីម្នាក់ស្លាប់និងចៅស្រីរងរបួសស្រាល កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្បែរទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌមានជ័យ ក្នុងភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហួន នីម ហៅស្រូយ ភេទស្រី អាយុ៥៨ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិត្នោតជ្រំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។
យោងតាមប្រភពពីអ្នកបេីកឡំប្រឺតាបានប្រាប់ថា មុនពេលកើតហេតុគាត់បានឌុបស្រ្ដីនិងចៅស្រីជាជនរងគ្រោះពីផ្លូវវេងស្រេងទៅផ្ទះនៅឯភូមិត្នោតជ្រំ៤ សង្កាត់ស្ទឹងមានជ័យទី២ ពេលជិះមកដល់ទីស្នាក់ការកងរាជអាវុធហត្ថខណ្ឌមានជ័យ ក៏មានម៉ូតូម៉ាកធូដេមួយគ្រឿងជិះដោយយុវជនម្នាក់ក្នុងទិសដៅពីកើតទៅលិចដោយប្រើល្បឿនលឿន ខណៈនោះគាត់ក៏បានគេចពីម៉ូតូធ្វើឱ្យក្រឡាប់ឡំប្រឺតាសង្កត់ទៅលើស្រ្ដីនិងចៅស្រីដែលរួមដំណើរបណ្ដាលឲ្យស្លាប់ស្រ្ដីម្នាក់នោះនៅក្នុងថ្លុកឈាម ចំណែកចៅស្រីរងរបួសស្រាល។
ចំពោះម្ចាស់ឡំប្រឺតានិងម្ចាស់ម៉ូតូធូដេ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្ដិ៍ស្ទឹងមានជ័យទី២ដើម្បីធ្វើការសាកសួរនិងចាត់ការតាមផ្លូវច្បាប់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏មកដល់និងសហការជាមួយមន្ត្រីជំនាញចរាចរណ៍ខណ្ឌធ្វើការវាស់វែងនិងយកឡំប្រឺតារួមទាំងម៉ូតូទៅរក្សាទុកជាបណ្ដោះអាសន្ន។ ចំណែកសពសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារនិងសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕ដោយ៖ ភារ៉ា ដង្កោ