ភ្នំពេញ ៖ លោកម៉េត មាសភក្តី អ្នកនាំពាក្យ រដ្ឋបាល រាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២០នេះថា ៖ រដ្ឋបាលរាជធានីភ្នំពេញ បានធូរទ្រូងបន្ដិច រឿងសំរាមនៅរាជធានីភ្នំពេញ បានវិលទៅរក ស្ថានភាពប្រក្រតីឡើងវិញហើយបន្ទាប់ពីមានការខិតខំ ប្រឹងប្រែងដោយ យកចិត្តទុកដាក់ និងចាត់ វិធានការ ប្រើប្រាស់កំលាំង និងមធ្យោបាយសរុប របស់លោក ឃួ ង ស្រេង អភិបាលរាជធានីភ្នំពេញ និង កម្មករ ក្រុមហ៊ុនស៊ីនទ្រី បានចូលធ្វើការវិញ ព្រមទាំងមានការខិតខំក្នុងរយៈពេលកន្លងមកនេះ ។
លោកម៉េត មាសភក្តី បានបញ្ជាក់ថា៖ ក្នុងរយៈពេលកន្លងមកនេះដោយមានការចង្អុលបង្ហាញ ពីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ និង ដោយ មានការសម្របសម្រួល ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រសួងស្ថាប័នពាក់ពន្ធ័ ផងនោះ កម្មករក្រុមហ៊ុនស៊ីនទ្រីបានព្រមចូលធ្វើការវិញ ទាំងអស់គ្នាវិញចាប់ពីរសៀលថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០នេះ ដោយទទួលយកនូវអ្វី ដែលជាការ ព្រមព្រៀងគ្នា ។
លោកបន្តថា បន្ទាប់ពីព្រមព្រៀងគ្នាជាលើកទី២ នៅរសៀលថ្ងៃទី១៤ខែតុលាឆ្នាំ២០២០កម្មករនិយោ ជិតរបស់ ក្រុមហ៊ុនស៊ីនទ្រី ទាំងអស់នោះ បាន យល់ព្រមចូល ធ្វើការវិញ តាមតួនាទី របស់ពួក គេ រៀងៗ ខ្លួន ព្រមទាំង មានការ ជួយយ៉ាងសកម្ម ពី ក្រុមការងារ ដែល រៀបចំដោយ រដ្ឋបាល រាជធានី ភ្នំពេញ ទាំងមធ្យោបាយផង នោះរហូតមក ដល់ពេល នេះ បញ្ហា សំរាមមានសភាពធម្មតា ឡើងវិញ ហើយ មានន័យថា ពេលនេះការងារដូច ថ្ងៃធម្មតា គឺសំរាមចាស់ ត្រូវបានប្រមូល និង ដឹកជញ្ជូនយក ទៅទីលាន ចាក់សំរាម អស់ហើយដែលនៅសល់ តែសំរាមដែល ប្រជាពលរដ្ឋ ផលិត រាល់ថ្ងៃនោះទេ ដែលកម្មករ ក្រុមហ៊ុនសិន ទ្រីកំពុង ប្រមូលរាល់ថ្ងៃនេះ ។
លោក ម៉េត មាសភក្តី បានបញ្ជាក់ថា ក្រុមការងារ ប្រមូល សំរាម ដែលរៀបចំ ដោយរដ្ឋបាល រាជធានី ភ្នំពេញ នោះពេលនេះបានសម្រាក ហើយ ដោយ ប្រគល់ ការងារនេះ អោយទៅកម្មករ របស់ក្រុមហ៊ុន សិនទ្រីជាអ្នកទទួលខុសត្រូវវិញ ។
ចំណែក លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ ធ្លាប់បានបញ្ជាក់ថា ប្រជាពលរដ្ឋ រស់នៅ ក្នុង រាជធានី ភ្នំពេញ បានផលិតសំរាមចំនួន២៨៦៥ តោន ក្នុងមួយថ្ងៃដែលកិច្ចការងារប្រមូលសំរាម នេះ រដ្ឋបាលរាជធានីភ្នំពេញ បានគិតគូរតាំងពី ឆ្នាំ២០១៩ មកដោយបាន ចែកម៉ូតូកង់បី សំរាប់ដឹក សំរាម នៅ តាម បណ្ដាខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ ជាមួយនឹង ការទិញ គ្រឿងចក្រចំនួន៧០ គ្រឿងដើម្បី ដឹកជញ្ជូនសំរាម ទៅចាក់ទីលានផងដែរ ។
លោក ឃួ ង ស្រេង បាន អំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ មេត្តាទុកដាក់វេច ខ្ចប់ទុកដាក់ សំរាមឲ្យបានល្អ និងសុំឲ្យបង់ថ្លៃសេវាប្រមូល សំរាមឲ្យបានគ្រប់ៗ គ្នាផងដែរ ។
សូមបញ្ជាក់ថា៖ ចាប់តាំងពីល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ ២០២០ រហូតមកដល់ថ្ងៃទី១៤ ខែតុលាកម្មករប្រមូល សំរាមរបស់ ក្រុមហ៊ុនស៊ីនទ្រីបានធ្វើកូដកម្ម នៅ យានដ្ឋាន ក្រុមហ៊ុនស៊ីនទ្រីដែលមានទីតាំងនៅភូមិម័រ សង្កាត់ ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមិន ចេញ ប្រមូលសំរាមដែលធ្វើ ឱ្យមានសំរាមកកស្ទះ នៅតាមដងផ្លូវ នានា ក្នុងរាជធានីភ្នំពេញប៉ុន្តែចាប់ពី ល្ងាចថ្ងៃ ទី១៤ ខែតុលា នោះមកកម្មករទាំងនោះបាន ខិតខំ ធ្វើការប្រមូល និងដឹកជញ្ជូនសំរាមរហូតមក ដល់ ពេលនេះទើបមានភាពល្អ ប្រសើរឡើងវិញ ៕. សំរិត