នាវាដោះមីន HS Kallisto របស់កម្លាំងទាហានជើងទឹកប្រទេសក្រិក បានបាក់ជាពីរកំណាត់ក្រោយពីប៉ះជាមួយនាវាដឹកកុងតឺន័រធុនធំនៅកំពង់ផែPiraeusនាព្រឹកថ្ងៃទី ២៧ ខែតុលា។
កម្លាំងទាហានជើងទឹកប្រទេសក្រិកបានឲ្យដឹងថា ហេតុការណ៍ប៉ះទង្គិចនេះកើតឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៧ខែតុលា នៅតំបន់សមុទ្រ Saronic ជិតកំពង់ផែPiraeus។ នាវាដឹកទំនិញដែលបុកចំនាវារុករកមីនមានឈ្មោះLauncheston បំពាក់ទង់ជាតិអេស្ប៉ាញ។
នាវា HS Kallisto ត្រូវនាវាដឹកទំនិញLauncheston បុកចំពេលកំពុងតែចាកចេញពីកំពង់ផែPiraeus ដែលមូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់ខាងលើកើតឡើងនោះគេមិនទាន់ដឹងនៅឡើយទេ ។ នាវា HS Kallisto ត្រូវទឹកចូលយ៉ាងឆាប់រហ័សហើយបាក់ជាពីរតែម្តង។
មន្ត្រីក្រិកមួយរូបបានឲ្យដឹងថា មានមនុស្ស២៧នាក់នៅលើនាវាHS Kallisto នៅពេលហេតុការណ៍គ្រោះថ្នាក់កើតឡើង ហើយក្នុងចំណោមនោះមានតែពីរនាក់ប៉ុណ្ណោះរងរបួសស្រាល។ ទាហានជើងទឹកក្រិចបានបញ្ជូននាវាទៅអូសនាវាដែលរងគ្រោះខាងលើមកកាន់កំពង់ផែ៕