សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ១១កើត ខែកក្ដិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោក Anatoly BOROVIK ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅកម្ពុជា ព្រមទាំងសហការីចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្ដើម លោកឯកអគ្គរដ្ឋទូតរស្ស៊ី បានថ្លែងអំណរគុណសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី ដែលបានឆ្លៀតឱកាសទទួលជួបលោកនាពេលនេះ។ លោកក៏បានសម្ដែងនូវការរំលែកមរណទុក្ខចំពោះប្រជាជនកម្ពុជាដែលបានរងគ្រោះដោយជំនន់ទឹកភ្លៀង។ ជាមួយគ្នានេះ លោកបានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំងទាំងអស់ដែលបានបំពេញការងារយ៉ាងសស្រាក់សស្រាំងក្នុងការជួយដល់ប្រជាពលរដ្ឋក្នុងគ្រាមានអាសន្ននេះ។

លោកក៏បានថ្លែងអំណរគុណក្រសួងមហាផ្ទៃ ដែលបានរក្សាសន្តិសុខសុវត្ថិភាព ជូនដល់ទីតាំងស្ថានទូត ក៏ដូចជាមន្រ្តីរបស់ស្ថានទូតរស្ស៊ីនៅកម្ពុជា។ លោកជម្រាបជូនសម្ដេចអំពីស្ថានភាពជំងឺកូវីដ-១៩នៅលើពិភពលោកដែលនៅតែកំពុងរាតត្បាត ប៉ុន្តែថា លោកសូមកោតសរសើររាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញវិធានការប្រកបដោយប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរីករាលជំងឺនេះ ធ្វើឱ្យលោក រួមទាំងជនបរទេសដទៃទៀតនៅកម្ពុជា មានភាពកក់ក្ដៅដូចប្រជាជនកម្ពុជាដែរ។

លោក ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ក៏បានជម្រាបជូនសម្ដេចក្រឡាហោម នូវការថ្លែងអំណរគុណរបស់រដ្ឋាភិបាលរុស្ស៊ីចំពោះកម្ពុជា ដែលបានជួយគាំទ្រគំនិតផ្ដួចផ្ដើមផ្សេងៗរបស់សហព័ន្ធរុស្ស៊ី និងសម្ដែងក្ដីសង្ឃឹមថាភាគីកម្ពុជា និងអាចទទួលបានជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ដែលជោគជ័យនេះ គឺជាការបង្ហាញឥទ្ធិពលរបស់អាស៊ី និងកម្ពុជាដែលនៅក្នុងតំបន់នេះ។

លោកបានបន្តលើកឡើងអំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខរបស់សហព័ន្ធរុស្ស៊ី ក្នុងនោះមានវិស័យប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន ឧក្រឹដ្ឋកម្មឆ្លងដែន និងសកម្មភាពផ្សេងៗទៀត ដូចជាការទប់ស្កាត់បដិវត្តន៍ពណ៌ និងការបណ្ដុះបណ្ដាលធនធានមនុស្ស។ 

លោកបានបន្តថាភាគីរុស្ស៊ីនៅតែបន្តការប្ដេជ្ញាចិត្តក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សជូនកម្ពុជា ជាពិសេស ដល់កងកម្លាំងនគរបាលក្រសួងមហាផ្ទៃតាមរយៈបណ្ដាញអនឡាញ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិការរវាងក្រសួងទាំងពីរនេះដែរ លោក ឯកអគ្គរដ្ឋទូតរុស្ស៊ី បានបន្តថា កន្លងមកភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន ក៏ប៉ុន្តែក៏នៅមានការងារផ្សេងទៀត ដែលទាមតារឱ្យភាគីទាំងពីរបន្តឈានទៅបញ្ចប់នាពេលខាងមុខ ក្នុងនោះក៏មានកិច្ចព្រមព្រៀងស្ដីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ឯកឧត្តមក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ភាគីរុស្ស៊ីក្នុងការរក្សាស្ថិរភាព និងសន្តិសុខក្នុងតំបន់អាស៊ីប៉ាហ្វិក។

ឆ្លើយតបនឹងការលើកឡើងរបស់ លោកឯកអគ្គរដ្ឋទូរុស្ស៊ី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍អំពីទំនាក់ទំនងល្អរវាងកម្ពុជា និងរុស្ស៊ី ជាពិសេសចាប់តាំងពីពេលឈានទៅផ្ដួលរំលំរបបខ្មែរក្រហម ដែលពេលនោះ រុស្ស៊ី ដែលនៅជាសហភាពសូវៀតនៅឡើយ បានចូលរួមជួយគាំទ្រការវាយរំលំរបបខ្មែរក្រហម និងបន្តគាំទ្រកម្ពុជាក្នុងការទប់ស្កាត់មិនឱ្យរបបអាវខ្មៅនេះត្រឡប់មកវិញ ព្រមទាំងបានជួយកម្ពុជាក្នុងគ្រាជួបគ្រាដ៏លំបាក ក្រោយពីបញ្ចប់នោះ។

សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណរុស្ស៊ី ជាពិសេសនៅក្នុងវិស័យធនធានមនុស្ស ដែលពេលនេះមានមន្រ្តីកម្ពុជាជាច្រើនដែលបានបញ្ចប់ការសិក្សានៅប្រទេសរុស្ស៊ី។ សម្ដេចក៏បានបង្ហាញការឯកភាពចំពោះអ្វីដែល ឯកអគ្គរដ្ឋទូតរុស្ស៊ី បានលើកឡើងស្ដីអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរុស្ស៊ី និងជំរុញឱ្យមន្ត្រីជំនាញភាគីទាំងពីរពន្លឿនការបញ្ចប់នីតិវិធីឈានទៅចុះហត្ថលេខាលើកិច្ចប្រព្រមព្រៀងផ្សេងៗទៀត។

សម្ដេច បានបន្ថែមថាទោះបីជាបញ្ហាជំងឺកូវីដ-១៩បានបង្កជាឧបសគ្គនៃទំនាក់ទំនងនានា រាប់ទាំងជាមួយរស្ស៊ីក្ដី ក៏ប៉ុន្តែប្រទេសទាំងពីរ នៅតែខិតខំបន្តនូវកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ហើយសម្ដេចក៏សូមកោតសរសើរភាគីរុស្ស៊ី ដែលបានផលិតនូវវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩មុនគេ និងទទួលបានការបញ្ជាទិញជាច្រើន ជាពិសេសពីប្រទេសឥណ្ឌា។

សម្ដេច ក៏ពិតជារីករាយបន្ទាប់ពីបានទទួលដំណឹងថាភាគីរុស្ស៊ី ជាពិសេសក្រុមអ្នកជំនាញរុស្ស៊ី កំពុងសិក្សាជាមួយអ្នកជំនាញនៅកម្ពុជាស្ដីពីលក្ខណៈពិសេសៗនៃជំងឺកូវីដ-១៩ និងវ៉ាក់សាំងប្រឆាំងនឹងជំងឺមួយនេះ។ 

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍ថាក្នុងកាលៈទេសៈបច្ចុប្បន្ននេះ កម្ពុជាកំពុងខិតខំស្វះស្វែងរកដៃគូសេដ្ឋកិច្ច ដោយនាពេលកន្លងទៅនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយភាគីចិន ហើយនាពេលខាងមុខជាមួយសាធារណរដ្ឋកូរ៉េ ឬកូរ៉េខាងត្បូង ដោយសម្ដេចក៏សង្ឃឹមថាភាគីរុស្ស៊ី និងកម្ពុជា ក៏អាចនឹងមានកិច្ចព្រមព្រៀងនេះដែរ។

សម្ដេចក៏បានថ្លែងអំណរគុណចំពោះភាគីរុស្ស៊ីដែលបានផ្ដល់កិច្ចសហប្រតិបត្តិការផ្នែកការពារសន្តិសុខជាមួយនឹងក្រសួងមហាផ្ទៃ។ សម្ដេចក៏បានបញ្ជាក់ជូនសារជាថ្មីអំពីការត្រៀមខ្លួនសហការជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតដើម្បីដោះស្រាយបញ្ហានានាដែលអាចនឹងកើតមានឡើងនៅក្នុងអាណត្តិការងាររបស់លោក។ 

លោក Anatoly BOROVIK ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី បានថ្លែងអំណរគុណសម្ដេច និបានគោរពអញ្ជើញសម្ដេចក្រឡាហោម ស ខេង បំពេញទស្សនកិច្ចសារជាថ្មីនៅប្រទេសរុស្ស៊ី បន្ទាបប់ពីបញ្ហាកូវីដ-១៩ បានបញ្ចប់៕

        

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print