កាលពីព្រេងនាយ មានជនពីរនាក់ប្ដីប្រពន្ធ, បុរសជាប្ដី បានឃើញគេរៀនរបៀនពូកែ ចង់រៀនណាស់ យកប្រាក់ ៣០តម្លឹង លាប្រពន្ធដើរទៅរករៀន ដើរពីស្រុកមួយដល់ខែត្រមួយឮគេថា ទីត្រង់ណា មានអ្នកចេះរបៀនអាគមគាថាពូកែ ក៏ទៅរកត្រង់នោះ ដល់ទៅជួបនឹងគ្រូណាពូកែ គេសូត្រឲ្យស្ដាប់គេធ្វើឲ្យមើលដូចម្ដេចៗ ក៏ចេះតែមិនចូលចិត្ត, លុះដើរឆ្ងាយទៅៗ ក៏បានជួបនឹងតាចាស់ម្នាក់ ។ តាចាស់សួរថា «អ្នកឯងទៅណា ដើរមកតែម្នាក់ឯង ស្វះស្វែងរកអ្វី ? » ។ បុរសនោះឆ្លើយថា «ឱ ! តាអើយ ! ខ្ញុំមកនេះ ត្បិតឮគេថានៅទីនេះ មានគ្រូចេះរបៀនពូកែបានជាខ្ញុំខំសង្វាតមក ក្រែងតាចេះដឹង ប្រដៅចៅផង»។ តាចាស់ឆ្លើយថា តាមានរបៀនបីបទ តម្លៃ ៣០ តម្លឹង បើចៅឯងកាន់ជាប់ ចៅឯងមិនច្បុតទេ គង់បានដូចចិត្ត បើមានកិច្ច មានដំណើរអ្វីឲ្យសូត្ររបៀនតានេះចុះ ពូកែណាស់ » ។ បុរសនោះថា «តាសូត្រឲ្យខ្ញុំស្ដាប់មើល ! បើខ្ញុំចូលចិត្ត ខ្ញុំយក» តានោះសូត្រឲ្យស្ដាប់ថា <«ពឹសដៃផ្ទៃឆ្អែត, ដេកយប់កុំនិយាយនឹងស្រី, ឃ្លានកុំអាលស៊ី » ។ បុរសនោះស្ដាប់បាន ចូលចិត្ត ក៏ប្រគល់ប្រាក់ ៣០ តម្លឹងឲ្យតានោះ ហើយទន្ទេញរបៀនទាំងបីបទនោះ ចាំស្ទាត់រត់មាត់ ។ ឯតាចាស់ប្រាប់ថា «បើចៅកាន់របៀនទាំងបីបទនេះបាន តាឲ្យទទេ មិនយកតម្លៃទេ » ។ ហើយតាចាស់ប្រគល់ប្រាក់ឲ្យបុរសនោះវិញ ។ បុរសនោះក៏លាតាចាស់នោះ វិលមកស្រុកវិញ ។ មាត់បុរសនោះចេះតែទន្ទេញរបៀនបីបទនោះ ចប់តែតាមផ្លូវមក ពុំមានភ្លេច ។ លុះដើរឆ្ងាយបន្តិចមក ជួបនឹងសំពៅឈ្មួញមួយ បុរសនោះ ក៏សុំសំពៅគេដោយសារមកស្រុក, ដង្ខៅសំពៅក៏ព្រមឲ្យដោយសារ ។ បុរសនោះតាំងពីចុះមកនៅក្នុងសំពៅថ្ងៃណា ក៏ចេះតែទន្ទេញរបៀនបីបទនោះ ហើយចេះតែជួយលាង ជួយថែទាំ ជួយជួសជុលសំពៅដូចជារបស់ខ្លួន ។ នាយសំពៅនឹកក្នុងចិត្តថា «អ្នកនេះតាំងតែពីចុះដោយសារសំពៅអញកាលណាមក គាត់ចេះតែធ្វើការដូចជារបស់គាត់ នឹកហើយ ក៏ស្រឡាញ់បុរសនោះ ឲ្យរៀបបាយទឹកឲ្យស៊ីតែរាល់ថ្ងៃរៀងមក ។ ឯបុរសនោះពុំខ្ជិលសោះ ចេះតែខំធ្វើការក្នុងសំពៅ ដូចជាកូនឈ្នួលឯទៀតៗ ។ នាយសំពៅនឹកតែក្នុងចិត្តថា «បើកាលណាបានដល់ស្រុកអញនឹងចែករបស់ទ្រព្យឲ្យចៅនេះរកស៊ីតទៅ» ។ លុះបើកសំពៅមកដល់កណ្ដាលស្រុកមួយ បានឃើញវិហារមួយគេរៀបអណ្ដាប់ពោរពាស សុទ្ធតែចំណី ស្រា បាយ ទុកឲ្យយក្សវាមកស៊ី ។
ឯអ្នកសំពៅ កាលដល់វិហារនោះ ក៏ចតសំពៅ ឡើងទៅលេងឃើញចំណីទាំងនោះ ពុំមានមនុស្ស ក៏នាំគ្នាស៊ីផឹកស្រាស្រវឹងដេកនៅក្នុងវិហារនោះទាំងអស់គ្នា ខានតែបុរសម្នាក់នោះ មាត់គាត់ចេះតែទន្ទេញថា «រពឹសដៃផ្ទៃឆ្អែត ដេកយប់កុំនិយាយនឹងស្រី ឃ្លានកុំអាលស៊ី» ដោយគិតថា «ចំណីអស់នេះមានហេតុអ្វីមួយហើយ បានជាគេរៀបទុកនៅទីនេះ, ឥឡូវអ្នកទាំងអស់នេះស៊ីគង់តែមានភ័យមិនខាន» គិតដូច្នោះហើយពុំហ៊ានស៊ី ឡើងទៅពួនលើធ្នឹមវិហារ ដោយស្ងៀមស្ងាត់ចាំលបមើល ។
លុះដល់ថ្ងៃត្រង់ យក្សមកដល់ ហើយវាខឹងខ្លាំងណាស់ថា «នរណាហ៊ានមកស៊ីចំណីអស់នេះ» ។ យក្សថាហើយ ក៏ប្រើដំបងមកវាយមនុស្សដែលដេកនោះ ស្លាប់ទាំងអស់ទៅ ។ ឯដំបងក៏វិលមកខាងយក្សវិញ ហើយយក្សកាច់កអស់មនុស្សទាំងនោះស៊ីអស់ទៅ រួចក្រឡេកមើលក្រឡេមក្រឡឺម ។ បុរសឃើញយក្សភ័យណាស់ មាត់ចេះតែទន្ទេញរបៀនបីបទ ហើយគិតថា «បើអញស្រែក ក្រែងយក្សឮវាឃើញអញ ហើយវានឹងស៊ីអញទៀត» គិតហើយក៏លោតចុះពីលើធ្នឹម ស្រែកវ៉ាសឡើង យក្សភ័យណាស់ រត់ចោលដំបងទៅបាត់ទៅ ។ បុរសនោះ បានដំបងវាយឯងហើយ ក៏ដើរត្រឡប់មកស្រុក ចោលសំពៅនៅកំពង់វិហារនោះឯង ។ លុះដើរមកដល់ផ្ទះ ក្នុងវេលាយប់ បុរសនោះ យកដំបងទៅលាក់ក្រោមជណ្ដើរយកថ្មសង្កត់លើ ហើយឡើងទៅដេកលើផ្ទះ ។ ប្រពន្ធសួរ ប្រាប់ប្រពន្ធថា ចាំព្រឹកសឹមនិយាយប្រាប់ ។
ក្រោយពេលដែលប្ដីទៅ ប្រពន្ធនៅផ្ទះ វាមានសហាយ វេលាយប់ដែលប្ដីមកដល់ផ្ទះ សហាយនោះ វាមកស្ដាប់នៅក្រោមផ្ទះ វាចង់ដឹងរឿងឆាប់ វាឲ្យមេស្រីសហាយវា សួរថា ដំណើរដូចម្ដេច ក៏ចាំព្រឹកទើបនិយាយបាន ? ។ ប្រពន្ធចេះតែឱបអង្អែល ។ ទ្រាំពុំបានប្ដីក៏និយាយប្រាប់ថា : អញនិយាយនឹងឯងនេះខុសគ្រូហើយ ត្បិតគ្រូផ្ដាំថា «ដេកយប់កុំនិយាយនឹងស្រី » ឥឡូវនេះអញនិយាយខុសបណ្ដាំគ្រូហើយ ។ ប្រពន្ធសួរថា «អ្នកទៅបានរបស់អ្វីមកខ្លះ» ។ ប្ដីថា «បានតែរបៀនបីបទហើយត្រឡប់មកវិញ ដល់ពាក់កណ្ដាលផ្លូវ បានដំបងវាយឯងទៀត » ។ ប្រពន្ធសួរថា «ឯងនោះទុកនៅឯណា ឥឡូវនេះ ? ខ្ញុំចង់ឃើញ » ។ ប្ដីថា « អញទុកក្រោមជណ្ដើរ យកថ្មគ្រប » ថាហើយក៏ដេកលក់ទៅ ។ សហាយ លបស្ដាប់ឮហើយ ក៏ទៅក្រោមជណ្ដើរ រើសយកដំបងនោះទៅបាត់ទៅ ។
លុះព្រឹកព្រហាមស្រាងៗ ឡើងបុរសនោះ រឭកពីដេក ចុះទៅរកដំបងពុំឃើញក៏ប្រាប់ប្រពន្ធថា «អញប្រាប់មិនជឿ អញថា ខុសគ្រូហើយ ឯងចេះតែលួងអញ ទាល់តែអញប្រាប់ ឥឡូវនេះ មនុស្សឮ វាលួចយកដំបងបាត់ហើយ » ។ ប្រពន្ធឮហើយដឹងថាសហាយលួច ក៏មិនស្ដី ដណ្ដាំបាយឲ្យប្ដីស៊ីៗរួចហើយ បុរសនោះក៏យកខ្សែមកចងថ្មដែលគ្របលើដំបងនោះ នាំទៅប្ដឹងមេស្រុក ឲ្យជំនុំជម្រះរកចោរឲ្យ ។ មេស្រុក ពុំដឹងបើជំនុំជម្រះដូចម្ដេច ពីព្រោះថ្មមិនចេះស្ដី គេជេរថា «អាកំព្រើល ! តាំងពីដូនតាមក នរណាដែលឃើញដំបងវាយឯង » គេគំរាមហើយគេដេញចេញទៅ ។ បុរសនោះចេះតែអូសថ្មទៅប្ដឹង តាំងតែពីមេស្រុក ដល់ទៅលោកយមរាជ អ្នករាជការគ្រប់ក្រសួង គេចេះតែដេញចេញ គេថា មនុស្សឆ្កួត គេមិនឲ្យចូល ។ បុរសនោះអូសថ្មទៅថ្វាយស្ដេចៗទ្រង់សួរសព្វគ្រប់ហើយ ទ្រង់មានព្រះបន្ទូលប្រាប់អស់នាម៉ឺនថា «មែនបានគេថា, មានប្រឡាយបានទឹកវាហូរ មានសំរាមបានឆ្កែវាជុះ, អស់នាម៉ឺនកុំថាវាឆ្កួតសេចក្ដីនេះមែនហើយបានជាវាហ៊ានថា ស្ដេចមានបន្ទូលប្រាប់បុរសថា «ណ្ហើយ វិលទៅផ្ទះចុះ កាលណាអញប្រើឲ្យគេទៅហៅសឹមមក » ។ បុរសនោះទទួលថា «ព្រះករុណាថ្លៃវិសេស » ហើយក្រាបថ្វាយបង្គំលាទៅវិញ ។
ក្រោយពេលបុរសនោះទៅ ស្ដេចទ្រង់ព្រះរាជបញ្ជា ឲ្យប្រាប់បណ្ដារាស្ត្រថា ត្បិតស្ដេចឲ្យអស់ព្រះស្នំចេញរាំបីថ្ងៃបីយប់ ឲ្យបណ្ដារាស្ត្រមើលតាមចិត្តពុំមានឃាត់ឃាំងឡើយ » ហើយទ្រង់ឲ្យរៀបលេងល្ខោន ។ កាលនោះអស់រាស្ត្រសឹងតែចូលទៅមើលគ្រប់គ្នា ។ ស្ដេចទ្រង់យាងចូលទៅ ក្នុងព្រះរាជដំណាក់ ជ្រើសរើសប្រេងក្រអូបយ៉ាងឯកមួយដបដែលសម្រាប់តែស្ដេច អស់រាស្ត្រនិងនាម៉ឺន ពុំដែលមាន ទ្រង់ប្រើអាមាត្យម្នាក់ យកទៅឲ្យបុរសនោះ ហើយប្រាប់ថា «ស្ដេចទ្រង់ព្រះរាជទានឲ្យអ្នកឯង និងប្រពន្ធអ្នកឯងលាប ប៉ុន្តែឲ្យអ្នកឯងនៅផ្ទះ កុំទៅមើលល្ខោនឲ្យតែប្រពន្ធទៅមើលបានហើយ» ។ អាមាត្យអ្នកយកទៅឲ្យប្រាប់សព្វគ្រប់ហើយ វិលទៅក្រាបបង្គំទូលស្ដេចវិញ ។ បុរសនោះបានប្រេង ក៏ហៅប្រពន្ធមកហុចប្រេងទៅឲ្យប្រាប់ថា «ព្រះករុណាជាអម្ចាស់ជីវិត ទ្រង់ព្រះរាជទានប្រេងនេះមក ព្រោះទ្រង់អាណិតស្រឡាញ់យើង ឲ្យយើងលាបទៅមើលល្ខោននឹងគេ តែឥឡូវនេះអញឈឺក្បាល ឯងយកទៅលាប ហើយទៅមើលល្ខោននឹងគេចុះ ។ ឯប្រពន្ធឮប្ដីបើកឲ្យទៅ ហើយឲ្យទាំងប្រេងទៅលាបផងដូច្នោះអរពន់ពេក ដោយពុំបានដឹងកលជាគេចាប់ ក៏យកប្រេងទៅឲ្យសហាយលាបផង ហើយបណ្ដើរគ្នាទៅមើលល្ខោនឈរទន្ទឹមគ្នា លុះបន្តិចទៅស្ដេចទ្រង់ធុំក្រអូបប្រេងនោះ ទ្រង់ខ្សឹបប្រាប់នាម៉ឺនម្នាក់ «ចូរអ្នកទៅហិតក្លិនអស់បណ្ដារាស្ត្រ ដែលមើលល្ខោនទាំងប៉ុន្មាន បើធុំក្លិនប្រេងក្រអូបយ៉ាងនោះ ប៉ុន្មាននាក់ ចូរអ្នកនាំយកមកឲ្យអញជាឆាប់ »។
នាម៉ឺននោះ ក្រាបថ្វាយបង្គំហើយ ទៅហិតមនុស្សឯទៀត មិនធុំសោះ ធុំតែប្រុសម្នាក់ ស្រីម្នាក់ ដែលឈរទន្ទឹមគ្នា លាបប្រេងក្រអូបទាំងពីរនាក់នោះ ក៏នាំទាំងប្រុសទាំងស្រី យកទៅថ្វាយស្ដេចៗឲ្យលែងរាំទៅ ហើយទ្រង់ឲ្យហៅទាំងប្រុសទាំងស្រី មកដល់ហើយទ្រង់សួរថា « នេះជាប្រពន្ធចៅឯងមែនឬ ?» បុរសនោះក្រាបទូលថា «មែន»។ ទ្រង់មានព្រះបន្ទូលសួរ ទៅប្រុសសហាយនោះថា ឯងបានទៅលួចដំបងចៅនេះមែនឬ?» ។ សហាយនោះក្រាបបង្គំទូលថា «លួចមែន » ។ ទ្រង់ឲ្យទៅយកដំបងនោះមក ឲ្យយកសហាយទាំងប្រុសស្រីនោះ ទៅដាក់ច្រវាក់ធ្វើទោស ។ បុរសជាម្ចាស់ដំបងក្រាបថ្វាយបង្គំសូមទោស ហើយក៏ប្រគល់ទាំងផ្ទះសម្បែង ទាំងប្រពន្ធឲ្យទៅសហាយនោះទាំងអស់ដោយពុំមានខឹងអ្វីឡើយ ។ ប្រុសសហាយនោះអរណាស់សំពះសូមទោសរួចវិលទៅវិញ ។
ឯបុរសម្ចាស់ដំបង ថ្វាយដំបងទៅស្ដេច ហើយក្រាបលាទៅទៀតស្ដេចឃាត់ក៏ពុំព្រម ទ្រង់មានព្រះបន្ទូលថា «ដំបងវាយឯងនេះថ្លៃណាស់ ទ្រង់ព្រះរាជានុញ្ញាតឲ្យបើកឃ្លាំងមាស ប្រាក់ឲ្យបុរសនោះយកតាមចិត្ត ។ បុរសនោះរើសអស់ទាំងឃ្លាំងមាសប្រាក់អម្បាលនោះទៅ ឃើញកាំបិតបន្ទោះមួយចាស់នៅក្រោមឃ្លាំង ក៏យកកាំបិតនោះនិងប្រាក់បន្តិចបន្តួចគ្រាន់ចាយតាមផ្លូវ ហើយចូលទៅក្រាបថ្វាយបង្គំលាស្ដេច ដើរចេញទៅទៀត ។ ស្ដេចពុំមានព្រះបន្ទូលអ្វីទេ , តែអស់នាហ្មឺន គេត្មះតិះដៀលបុរសនោះ ថាជាមនុស្សឆោត ប្រាក់មាសមិនយកទៅយកឯកាំបិតច្រែះស៊ី ។ បុរសនោះ ក៏ដើរចេញអំពីនគរនោះ បានទៅដល់នគរមួយដទៃទៀត ។ ជួនជាថ្ងៃនោះ ស្ដេចនគរនោះទ្រង់មានព្រះបន្ទូលបង្គាប់សេដ្ឋីម្នាក់ថា «ព្រឹកស្អែក ទ្រង់នឹងទៅក្រសាលព្រៃ ឲ្យមហាសេដ្ឋីធ្វើរទេះមួយយ៉ាងល្អល្អះ ឲ្យឆ្លាក់ក្បាច់លាបលនឲ្យហើយ ឲ្យទាន់ក្នុងពេលព្រឹកស្អែកនេះ បើធ្វើពុំទាន់ នឹងយកទោសដល់ជីវិត »។ រីឯមហាសេដ្ឋីនោះធ្វើពុំទាន់ ហើយពុំធ្វើរទេះ បែរជាធ្វើមឈូសទៅវិញ ។
ថ្ងៃនោះ ជួនជាបុរសនោះដើរទៅឃើញសេដ្ឋីនោះ កំពុងតែធ្វើបុណ្យក៏សួរថា «ចុះលោកមានការអ្វី បានជាធ្វើបុណ្យមានក្ដារមឈូសផងដូច្នោះ ?» ។ គេប្រាប់ថា «ស្ដេចឲ្យធ្វើរទេះមួយ លាបលនយ៉ាងល្អ ឲ្យទាន់ព្រឹកនេះ ស្ដេចក្រសាលព្រៃ បើធ្វើពុំទាន់ស្ដេចនឹងយកទោសដល់ជីវិត ឥឡូវនេះមហាសេដ្ឋីធ្វើពុំទាន់ដឹងខ្លួនថាស្លាប់ បានជាធ្វើមឈូសធ្វើបុណ្យវិញ» ។
បុរសនោះឆ្លើយថា «ក្រអីប៉ុណ្ណឹង ឲ្យតែបាយខ្ញុំស៊ីខ្ញុំនឹងធ្វើឲ្យៗ ទាន់ព្រឹកនេះ» មហាសេដ្ឋីបានឮដូច្នោះអរណាស់ ហើយក៏ឲ្យរៀបបាយទឹកស៊ីឆ្អែត រួចប្រគល់ឈើឲ្យធ្វើរទេះ ។ បុរសនោះក៏ធ្វើតែនឹងកាំបិត ១ដែលយកពីក្រោមបាតឃ្លាំងមកនោះ បានរួចស្រេចក្នុងយប់នោះ ហើយលាបលនយ៉ាងល្អ ព្រឹកឡើងក៏អូសរទេះទៅថ្វាយស្ដេចៗទ្រង់ទតឃើញ ទ្រង់ឲ្យរៀបប្រដាប់ប្រដាទៅក្រសាលព្រៃ ។ ឯមហាសេដ្ឋីលុះរួចពីស្លាប់ហើយ ក៏នឹកក្នុងចិត្តថា <<អ្នកនេះមានគុណធ្ងន់ណាស់ ឥឡូវនេះនឹងរកអ្វីសងឲ្យស្មើគ្មាន មានតែកូនក្រមុំ ១ ល្មមឲ្យមានប្ដី ដូច្នោះមានតែអញការឲ្យអ្នកនោះ» គិតហើយក៏ហៅមកការឲ្យទៅ ។ លុះការរួចហើយក្នុងយប់នោះ ពេលផ្សំដំណេក បុរសនោះ គិតល្បងចិត្តប្រពន្ធ ហើយធ្វើជាផឹកស្រាស្រវឹងដេកទៅ លុះយប់យូរបន្តិចក៏ធ្វើជាក្អួតប្រឡាក់ប្រពន្ធអស់ ។ កូនសេដ្ឋីឃើញកម្អួតប្ដីប្រឡាក់ខ្លួនដូច្នោះ ក៏ស្រែកឡើងក្នុងយប់នោះថា «លោកឪពុករកប្ដីឲ្យខ្ញុំជាមនុស្សប្រមឹក ក្អួតប្រឡាក់ខ្ញុំអស់ហើយ ខ្ញុំទ្រាំមិនបានទេ» ។ មហាសេដ្ឋីឮកូនស្រែកដូច្នោះ ក៏ឃាត់ថា «កូនដេកទៅ កុំនិយាយ ត្បិតប្ដីកំពុងស្រវឹង ហើយគេមានគុណផង»ឃាត់ដូចម្ដេច ក៏កូនស្រីមិនស្ដាប់ហើយវាចេះតែរអ៊ូថា «បើឲ្យទៅឆ្កែឆ្មាទ្រាំបាន ឯមនុស្សប្រមឹកខ្ញុំទ្រាំមិនបានទេ» ។
លុះព្រឹកឡើង បុរសនោះរលឹកពីដេក ក៏ចូលទៅរកសេដ្ឋីប្រគល់កូនឲ្យវិញ ប្រាប់ថា «មិនព្រមយកទេ» ហើយថា មិនបានពាល់ដៃជើងឡើយ ។ មហាសេដ្ឋីឃាត់សុំទោសឲ្យកូនយ៉ាងណា ក៏បុរសនោះពុំព្រមនៅ ពុំព្រមយក ហើយលាមហាសេដ្ឋីយកតែកាំបិតដើរទៅទៀត ។ លុះស្ដេចយាងមកពីព្រៃ ទ្រង់ឲ្យទៅរកជាងដែលធ្វើរទេះនោះពុំឃើញទ្រង់ស្ដាយណាស់ ទ្រង់ឲ្យអស់នាហ្មឺនចាត់សំបុត្ររកគ្រប់ខេត្ត ក៏ពុំឃើញហើយទ្រង់ស្ងៀមទៅ ។
បុរសនោះ លាសេដ្ឋីដើរទៅឆ្ងាយ ក៏បានទៅដល់នគរមួយដទៃទៀត ។ ស្ដេចនគរនោះ ទ្រង់ឲ្យនាហ្មឺនម្នាក់ៗទៅដេកវេន ចាំយាមនៅចុងព្រះរាជរោងរាល់យប់ ។ ស្ដេចទ្រង់ចេញកាប់តែរាល់យប់ ចាប់តាំងពីថ្ងៃដែលទ្រង់បង្គាប់មកនោះស្លាប់អស់ជាច្រើន ។
នៅថ្ងៃដែលបុរសនោះ ទៅដល់ជួនត្រូវលើវេនចៅហ៊្វា ទៅដេកថ្វាយស្ដេចកាប់ចៅហ៊្វានោះ ក៏ធ្វើបុណ្យទានក្នុងថ្ងៃនោះ ។ បុរសនោះទៅដល់សួរគេថា «លោកមានការអ្វីបានជាធ្វើបុណ្យទាន ហើយហេតុដូចម្ដេច ក៏បានជាកូនប្រពន្ធលោកយំរាល់គ្នាដូច្នេះ» ។ គេប្រាប់ថាលោក លោកត្រូវទៅដេកវេន ថ្វាយស្ដេចកាប់ក្នុងពេលល្ងាចនេះ បានជាលោកធ្វើបុណ្យមុនស្លាប់» ។ បុរសនោះថា «ឲ្យតែបាយខ្ញុំស៊ីចុះ ខ្ញុំទៅដេកថ្វាយស្ដេចកាប់ជួស» ។ គេឮដូច្នោះ ក៏ទៅជម្រាបចៅហ៊្វាឲ្យហៅបុរសនោះទៅ ហើយឲ្យរៀបបាយទឹកឲ្យស៊ី ។ រួចហើយសួរថា «បើអ្នកទៅដេកវេនថ្វាយស្ដេចជួសខ្ញុំ ខ្ញុំនឹងធ្វើបុណ្យឲ្យអ្នក» ។ បុរសនោះក៏ទទួលទៅដេកជួសហើយសុំគ្រឿងប្រដាប់ដែលចៅហ្វានោះពាក់ យកមកពាក់ រួចហើយក៏លីកាំបិតបន្ទោះចូលទៅដេកនៅចុងព្រះរាជរោងចាំស្ដេចចេញកាប់ ។ លុះទៅដល់ចុងព្រះរាជរោង បុរសនោះពុំដេកឡើយចាំមើលស្ដេច ពេលយប់ជ្រៅស្ងាត់ ស្ដេចទ្រង់បើកទ្វារចេញមកទ្រង់កាន់ព្រះខ័ន យាងចូលមកនិងកាប់បុរសនោះ ឃើញស្ដេចយាងចូលមកជិត ក៏ស្ទុះចូលទៅចាប់ស្ដេចនោះជាប់ ហើយក៏ចាក់នឹងកាំបិតបន្ទោះបង្ខុសពីរបីដង ។ ហើយសួរថា «នរណាចូលមកទាំងយប់នោះ? ស្ដេចទ្រង់ឲ្យអញចាំយាមក្នុងយប់នេះ ? ស្ដេចទ្រង់ឲ្យអញចាំយាមក្នុងយប់នេះ» ថាហើយ ក៏ចាក់បង្ខុសទៀត ។ ស្ដេចទ្រង់មានព្រះបន្ទូលថា «ទេអញទេ» ។ «នរណាអញទេៗ ! អញជាស្ដេច» ។ «ស្ដេចអីមកពេលនេះ, អញមិនដឹងទេ ! ត្បិតស្ដេចទ្រង់ឲ្យអញចាំរាជរោងយប់នេះ» ។
សួរដេញដោលដូច្នោះហើយ បុរសក៏លុតជង្គង់ថ្វាយបង្គំស្ដេចសូមទោស ។ ស្ដេចត្រាស់សួរថា «ចៅនៅឯណា!»។ បុរសនោះថា «ខ្ញុំនៅផ្ទះចៅហ៊្វា» ។ ស្ដេចទ្រង់ជ្រាប ទ្រង់ញញឹមហើយទ្រង់ចូលទៅវិញ ។
លុះព្រឹកឡើង បុរសនោះ លីកាំបិតចេញពីក្នុងវាំងមកផ្ទះចៅហ៊្វា ។ អ្នកផងឃើញហើយឆ្ងល់ថា «បុរសនោះទៅដេកវេនថ្វាយស្ដេចកាប់ ម្ដេចក៏មិនស្លាប់ត្រឡប់ជាមកវិញ» ។ ចៅហ៊្វាយសួរ បុរសនោះក៏ជម្រាបតាមដំណើរសព្វគ្រប់ហើយជម្រាបថែមថា «ស្ដេចសព្វថ្ងៃនេះមិនមែនជាកាចទេ ត្បិតទ្រង់ពិសោធរកមនុស្សប្រាជ្ញចេះដឹងក្នុងនគរ ដើម្បីរក្សាស្ដេចបានជាទ្រង់ចាត់មនុស្សឲ្យយាម តែអ្នកដែលទៅយាមចេះតែដេកលក់ ទើបស្ដេចទ្រង់កាប់ ចុះបើសត្រូវចូលទៅលុកលុយស្ដេចហើយយើងដេកលក់នោះ តើនឹងជាយ៉ាងណាទៅ?» ។ បុរសនោះនិយាយរឿងប្រាប់សព្វគ្រប់ ទើបភ្ញាក់ខ្លួនគ្រប់គ្នា ។
ចៅហ៊្វានោះ មានកូនក្រមុំមួយក៏ឲ្យជាប្រពន្ធបុរសនោះ ដោយគិតថា បុរសនេះមានគុណធ្ងន់ណាស់ ។ លុះព្រឹកឡើង ស្ដេចទ្រង់ឲ្យហៅបុរសនោះមក ទ្រង់ឲ្យធ្វើជានាហ្មឺនធំរក្សាព្រះនគរ បន្ទាប់ពីព្រះអង្គ ។
វេលាស្ដេចទ្រង់ព្រះជរាទៅ ទ្រង់ពុំមានព្រះរាជបុត្រនឹងសោយរាជ្យស្នង មានតែព្រះរាជធីតាមួយអង្គ ក៏ទ្រង់ព្រះរាជទានព្រះរាជធីតា និងរាជសម្បត្តិឲ្យបុរសនោះសោយរាជ្យជាស្ដេចតទៅ ។
(ពាក្យពិតមិនចេះស្លាប់)
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)