លោក ស៊ុន ចាន់ថុល៖ បើអង្គភាពសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣៨ខ្សែ នៅខេត្តសៀមរាប មិនបានអនុវត្តត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស មិនទទួលបានការទូទាត់ប្រាក់ជាដាច់ខាត

ចែករំលែក៖

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់ថា៖ ប្រសិនបើអង្គភាពសាងសង់ណាមួយត្រូវបានរកឃើញថា៖ ហេដ្ឋារចនាសម្ព័ន្ធសំណង់របស់ខ្លួន មិនបានអនុវត្តត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ឬសៀវភៅបន្ទុក អង្គភាពនោះនឹងមិនទទួលបានការទូទាត់ប្រាក់ជាដាច់ខាត។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងបែបនេះ ក្នុងការអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប។

សូមជម្រាបជូនថា៖ ថ្ងៃពុធ ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់ មន្ត្រីបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សាឱ្យបានយល់កាន់តែច្បាស់អំពីតម្រូវការ គោលជំហរ និងគោលការណ៍ នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យមានគុណភាពរឹងមាំ ក៏ដូចជានីតិវិធីនៃការផ្គត់ផ្គង់ ការទូទាត់ថ្លៃ សម្ភារ និងការជ្រើសរើសសម្ភារសាងសង់ប្រកបដោយស្តង់ដារ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣៨ខ្សែនេះ នឹងត្រូវសាងសង់ ឡើងដោយអង្គភាពចំនួនប្រាំមួយ បែងចែកជាកំណាត់ៗ ប្រកបដោយភាពបត់បែន និងច្នៃប្រឌិតខ្ពស់ ចាក់បេតុងកៅស៊ូសមស្របតាមទំហំចរាចរណ៍ និងការដឹកទំនិញធ្ងន់ ឬស្រាល ដោយផ្ដោតជាសំខាន់លើគុណភាព ប្រសិទ្ធភាព និងបញ្ចប់គម្រោងបានទាន់ពេលវេលាតាមការគ្រោងទុក។

លោកទេសរដ្ឋមន្ត្រីបានបន្តថា ដើម្បីទទួលបានផ្លូវមានគុណភាពស្របតាមស្តង់ដារបច្ចេកទេស និង បញ្ចប់គម្រោងតាមការគ្រោងទុក ភាគីពាក់ព័ន្ធទាំងអស់ទាំងរដ្ឋក៏ដូចជាឯកជនក្តី ត្រូវសហការគ្នាឱ្យបាន ជិតស្និទ្ធក្នុងទិសដៅតែមួយ ពោលគឺ៖ សាងសង់ផ្លូវឱ្យមានប្រសិទ្ធភាពនិងគុណភាពរឹងមាំ និងបញ្ចប់ គម្រោងតាមផែនការ ដោយប្រើប្រាស់សម្ភារមានស្តង់ដារ និងការផ្គត់ផ្គង់សម្ភារបានទាន់តម្រូវការផងដែរ។

លើសពីនេះទៀត លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ផងដែរថា៖ ប្រសិនបើអង្គភាពសាងសង់ណាមួយត្រូវបានរកឃើញថា៖ ហេដ្ឋារចនាសម្ព័ន្ធសំណង់របស់ខ្លួន មិនបានអនុវត្តត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ឬសៀវភៅបន្ទុក អង្គភាពនោះនឹងមិនទទួលបានការទូទាត់ប្រាក់ជាដាច់ខាត។

សូមញ្ជាក់ជូនថា៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣៨ខ្សែនេះ គ្រោងសម្ពោធបើកការដ្ឋានសាងសង់នៅ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print