ភ្នំពេញ៖ បើតាមការអះអាងពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានបញ្ជាក់ថា នៅក្នុងឱកាសពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២០នេះ ទណ្ឌិត៦៩៥នាក់ ក្នងនោះស្រី ៦៥នាក់ ត្រូវបានដាក់ទៅក្នុងបញ្ជីស្នើសុំលើកលែងទោស និងបន្ធូរបន្ថយទោស។
អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ បានគូសបញ្ជាក់ថា៖«រដ្ឋមន្រី្តក្រសួងយុត្តិធម៌ និងប្រធានគណៈកម្មការថ្នាក់ជាតិ បានពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតទាំងនោះ ហើយក៏បានសម្រេចជ្រើសយក ទណ្ឌិត៦៩៥នាក់ សម្រាប់ស្នើទៅសម្ដេច ហ៊ុន សែន ដើម្បីទូលថ្វាយព្រះមហាក្សត្រ ព្រះប្រទានការអនុគ្រោះទោស»។
សូមជម្រាបថា នាឱកាសពិធីបុណ្យអុំទូកឆ្នាំនេះ ទណ្ឌិតជាង១ពាន់នាក់ មកពីបណ្ដាពន្ធនាគាររាជធានី-ខេត្តចំនួន២៤និងមណ្ឌលអប់រំកែប្រែ៤ បានដាក់សុំស្នើបន្ធូរបន្ថយ និងលើកលែងទោស។ ប៉ុន្តែមានតែទណ្ឌិត ៦៩៥នាក់ប៉ុណ្ណោះ ត្រូវបានសម្រេចបញ្ចូលទៅក្នុងបញ្ជីសម្រាប់ស្នើសុំបន្ធូរ និងលើកលែងទោស។
លោក គឹម សន្តិភាព បន្តថា ក្នុងចំណោមអ្នកទោសដែលស្ថិតក្នុងបញ្ជីស្នើសុំនោះ មានទណ្ឌិតស្ត្រីចំនួន ៦៥នាក់។ បន្ថែមពីនេះលោក គឹម សន្តិភាព បញ្ជាក់ទៀតថា ទណ្ឌិតទាំង៦៩៥នាក់នោះ នឹងត្រូវដាក់ស្នើសុំបន្ថយទោសមួយជីវិត មកនៅ២០ឆ្នាំចំនួន៥នាក់, ស្នើសុំលើកលែងទោស១៩នាក់។ ចំណែកទណ្ឌិត ដែលស្នើសុំបន្ធូរបន្ថយទោស១២ខែ មាន៩២នាក់, ស្នើសុំបន្ធូរបន្ថយទោស៩ខែ មាន៩៥នាក់ និងស្នើសុំបន្ធូរបន្ថយទោស៦ខែ មាន៤៨៤នាក់៕ដោយ៖ស តារា