ភ្នំពេញ៖ វិធានការចំនួន៥ចំណុច ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដាក់ចេញ ដើម្បីស្តារវិស័យកសិកម្មនេះឡើងវិញជាបន្ទាន់ ក្រោយគ្រោះទឹកជំនន់បានថយចុះ។ ចំពោះការចុះវាយតម្លៃទំហំផលប៉ះពាល់ និងខូចខាតជាក់ស្ដែង ការផ្តល់ពូជស្រូវ និងដំណាំ និងពូជសត្វ ក៏ដូចការជំរុញការអនុវត្តគម្រោង ឬកម្មវិធីនានារបស់អង្គការដៃគូ ឬម្ចាស់ជំនួយនានា សុទ្ធសឹងតែស្ថិតក្នុងវិធានការស្តារវិស័យកសិកម្មដែលរងគ្រោះដោយទឹកជំនន់នេះ។
ជាក់ស្តែងចំពោះវិធានការទាំង៥នោះរួមមាន៖ គឺរដ្ឋមន្ត្រីក្រសួងកសិកម្ម បានប្រាប់ទៅថ្នាក់ដឹកនាំក្រសួងកសិកម្ម និងមន្ត្រីក្រោមឱវាទ ឲ្យបន្តចុះត្រួតពិនិត្យ និងវាយតម្លៃលើផលប៉ះពាល់ និងខូចខាតជាក់ស្ដែងលើដំណាំស្រូវ ដំណាំសាកវប្បកម្ម សត្វពាហនៈ និងវារីវប្បកម្ម ជាពិសេសកំណត់ឲ្យច្បាស់ទីតាំងខូចខាត ទំហំផ្ទៃដី និងគ្រួសារដែលរងគ្រោះ ដោយសហការជាមួយរដ្ឋបាលខេត្តដែលពាក់ព័ន្ធ។
វិធានការរបស់ក្រសួងកសិកម្មដែលបានដាក់ចេញនោះ ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួងកសិកម្ម ត្រូវបន្តធ្វើយុទ្ធនាការស្ដារឡើងវិញ ផ្ទៃដីដាំដុះដែលរងគ្រោះដោយទឹកជំនន់ និងចែកជូនពូជស្រូវ, ពូជដំណាំ,ត្រី,កង្កែប ដល់កសិករដែលរងគ្រោះ ដើម្បីឆ្លើយតបនឹងការខូចខាតកន្លងមក។ ទន្ទឹមនឹងនេះ ក្រសួងកំណែដល់គ្រប់អង្គភាពគម្រោង និងកម្មវិធីអភិវឌ្ឍន៍វិស័យកសិកម្ម ត្រូវសហការនិងពន្លឿនការអនុវត្តកម្មវិធី ឬគម្រោងនានា ដើម្បីស្ដារឡើងវិញ នូវផលប៉ះពាល់តាមបណ្ដាខេត្តគោលដៅរបស់ខ្លួន។
គួរជម្រាបថា ដើម្បីស្តារឡើងវិញផលប៉ះពាល់នានាដោយសារទឹកជំនន់ កាលពីថ្ងៃទី២៦ ខែតុលាកន្លងមក ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេច ហ៊ុន សែន បានបញ្ជាឲ្យក្រសួងចំនួន៤ ចុះដោះស្រាយបន្ទាន់ ជូនដល់ពលរដ្ឋដែលរងគ្រោះ។ ក្រសួងទាំង៤ នោះរួមមាន៖ ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងធនធានទឹក និងឧត្តុនិយម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងអភិវឌ្ឍន៍ជនបទ។
ដោយឡែកមន្រ្តីជំនាញខាងអគ្គនាយកដ្ឋានកសិកម្ម មានតួនាទីពិនិត្យសន្និធិពូជស្រូវ ពូជបន្លែ និងដំណាំផ្សេងៗ សម្រាប់ជួយអន្តរាគមន៍ ព្រមទាំងសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរកសិកម្មខេត្ត ចុះស្ដារការដាំដុះឡើងវិញឲ្យទាន់ពេលវេលា។ក្រសួងកសិកម្មបន្តណែនាំដូច្នេះ មុននឹងជំរុញអង្គភាពជំនាញ ឲ្យខិតខំយកចិត្តទុកដាក់ បន្តចុះពិនិត្យតាមដានសុខភាពសត្វ ចាក់វ៉ាក់សាំងការពារជំងឺឆ្លងសត្វផ្សេងៗ និងទប់ស្កាត់ចលនាសត្វដោយខុសច្បាប់ នៅតាមបណ្ដារាជធានី-ខេត្ត ជាប់ជាប្រចាំរួមទាំងបទល្មើសជលផល និងព្រៃឈើផងដែរ។
សូមបញ្ជាក់ថា សម្រាប់ក្រសួងកសិកម្មបានចាប់ផ្តើមយុទ្ធនាការស្តារឡើងវិញវិស័យកសិកម្ម និងវារីវប្បកម្មនេះហើយ ដោយចាប់ផ្តើមពីខេត្តសៀមរាប បន្តទៅបន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត ។ គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ដំណាំស្រូវប្រមាណ ៣៨ម៉ឺនហិកតាបានប៉ះពាល់ និងខូចខាតដោយសារទឹកជំនន់ ក្នុងនោះប៉ះពាល់លើដំណាំស្រូវជាង ២៨ម៉ឺនហិកតា៕ដោយ៖ស តារា