ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំត្រពាំងស្តៅចែកអំណោយជូនដល់គ្រួសាររងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង៨៥គ្រួសារនៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកខេន សុវណ្ណ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំត្រពាំងស្តៅ នាព្រឹកថ្ងៃទី៣១ខែតុលាឆ្នាំ២០២០បានអញ្ជើញជួបសំណេះសំណាលនិងចែកអំណោយជូនដល់គ្រួសាររងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង៨៥គ្រួសារស្មើនឹង៩ភូមិនៅឃុំត្រពាំងស្ដៅ ស្រុករមាសហែក។

ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់លោកទី ហួត លោក ស៊ូ  ម៉ុល អភិបាលស្រុករមាសហែក លោកប្រធានក្រុមប្រឹក្សាស្រុក លោកមេឃុំ និងក្រុមការងារជាច្រើនរូបផងដែរ។

លោកខេន សុវណ្ណ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលពុំបានទុកប្រជាពលរដ្ឋណាម្នាក់ចោលដោយអត់អាហារ និងពុំបានដោះស្រាយជូនពួកគាត់នោះទេ នៅក្នុងកាលៈទេសៈដែលតំបន់មួយចំនួននៃប្រទេសកម្ពុជាកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងបានជួយដោះស្រាយដល់ប្រជាពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩  ។
ទន្ទឹមនឹងនេះ លោកក៏បានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព និងសុវត្ថិភាពដោយ៖

១. សូមប្រជាពលរដ្ឋទាំងអស់ ជាពិសេសក្រុមគ្រួសារដែលមានកូនតូចៗ និងចាស់ជរា ត្រូវយកចិត្តទុកដាក់មើលថែទាំឱ្យបានល្អ និងបង្កើនការប្រុងប្រយ័ត្នពីគ្រោះដែលអាចកើតឡើងជាយថាហេតុ ។
២. សូមប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទនាពេលទឹកឡើង និងពេលទឹកស្រកទៅវិញ ដែលពួកវាអាចបង្កគ្រោះថ្នាក់ដល់ជីវិតយើង។
៣. សូមគិតគូរពីសុខភាព និងការរក្សាអនាម័យ ការពារទប់ស្កាត់នូវជំងឺកូវីដ-១៩ ធ្វើយ៉ាងណាគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឱ្យកើតមានជំងឺរាករូស ឬជំងឺរាតត្បាតនានា ។
៤. នៅពេលទឹកស្រក មុនពេលត្រឡប់ទៅរស់នៅលំនៅឋានវិញ សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត និងមានអនាម័យ ហើយសូមបន្តប្រកបរបរចិញ្ចឹមជីវិតដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ។

សូមបញ្ជាក់ថា គ្រួសារដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង៨៥គ្រួសារក្នុងមួយគ្រួសារទទួលបានអង្ករ ២២គីឡូក្រាម, មី១កេស, ទឹកត្រី១យួរនិងថវិកាចំនួន២ម៉ឺនរៀល។

បន្ទាប់មកលោកប្រធាននិងក្រុមការងារក៏បានឧបត្ថមដល់អនុសាខាកាកបាទក្រហមស្រុករមាសហែកមានទឹកត្រី ៥០យួរនិងថវិកាចំនួន៣លានរៀលផងដែរ៕

ដោយ៖ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print