ដោយសារតែការបោះឆ្នោតអាមេរិក កាន់តែក្តៅហើយភាគរយនៃការយកឈ្នះរបស់បេក្ខភាពនិមួយៗមិនប្រាកដ ទាំងនោះហើយទើបបានក្លាយជាឱកាសដល់ក្រុមអ្នករកស៊ីនៅប្រទេសជាច្រើនជុំវិញពិភពលោក យកព្រឹត្តិការណ៍បោះឆ្នោតអាមេរិករកប្រាក់ចំណូលបានជាច្រើនក្នុងអាជីវកម្ម។
នៅលើទីផ្សារល្បែងស៊ីសងនៅក្នុងប្រទេសអង់គ្លេស ក្រុមអ្នកភ្នាល់ បានដាក់ប្រាក់ជាច្រើនសម្រាប់ការបោះឆ្នោតអាមេរិកនាថ្ងៃទី៣ខែវិច្ឆិកាខាងមុខ។ តាមតួលេខប្រាក់ភ្នាល់បានកើនឡើងច្រើនជាងគេបង្អស់ ក្នុងព្រឹត្តិការណ៍សំខាន់ៗ នានាលើពិភពលោក ដូចជាបាល់ទាត់ពិភពលោកជាដើម។ គិតមកត្រឹមថ្ងៃទី២៨ខែតុលា មានពលរដ្ឋអង់គ្លេសបានដាក់ប្រាក់ភ្នាល់ កើនឡើងដល់ទៅ២២០លានផោន តាមក្រុមហ៊ុនBetfair Exchange ដែលជាក្រុមហ៊ុនភ្នាល់ធំបំផុតលើពិភពលោក។ នៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៦ ការភ្នាល់តាមក្រុមហ៊ុនBetfair Exchange មានទឹកប្រាក់តែ១៩៩លានដុល្លារតែប៉ុណ្ណោះ។
ក្រៅពីក្រុមហ៊ុន Betfair Exchange នៅមានក្រុមហ៊ុនជាច្រើនផ្សេងទៀត បានធ្វើអាជីវកម្មរបស់ខ្លួនបែបនេះដែរ។
លោកRupers Adams អ្នកនាំពាក្យក្រុមហ៊ុន William Hill ជាអ្នកធ្វើមេក្នុងការភ្នាល់នោះបានឲ្យដឹងថា មកទល់ពេលនេះក្រុមហ៊ុនទទួលបានការភ្នាល់ចំនួន ៤លានដុល្លារប្រាក់សុទ្ធ ហើយនៅថ្ងៃខាងមុខនិងទទួលបានការភ្នាល់ជាច្រើនផ្សេងទៀត។ លោកRupers Adams បន្តទៀតថា លោកក៏មិននឹកស្មានដល់ថាព្រឹត្តិការណ៍នយោបាយបែរជាទទួលបានការភ្នាល់ច្រើនបែបនេះសោះ ។
នៅក្នុងការបោះឆ្នោតនៅថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២០ អ្នកដែលចាក់ខាងលោកត្រាំ ១០ដុល្លារនិងទទួលបានមកវិញដល់ទៅ១៨,៨ដុល្លារ។ ចំណែកអ្នកចាក់ខាងលោកបៃឌិន ១០ ដុល្លារទទួលបាន ៥,២៦ដុល្លារតែប៉ុណ្ណោះ ។ ទាំងនោះមានន័យថា ឱកាសឈ្នះរបស់លោកត្រាំមានតែ ៣៤ភាគរយប៉ុណ្ណោះ ។
ប្រាក់ភ្នាល់សរុបកាលពីឆ្នាំ២០១៦ ជាង១ពាន់លានដុល្លារ ហើយឆ្នាំនេះនឹងកើនឡើងខ្ពស់ជាងនេះទៀត៕