ព្រះមហាក្សត្រថៃ ទទួលបានការគោរពស្រឡាញ់យ៉ាងខ្លាំងពីមហាជនថៃ ដោយមិនមានពលរដ្ឋណាមួយហ៊ានប៉ះពាល់ដល់ព្រះមហាក្សត្រនោះឡើយ អ្នកប៉ះពាល់អាចនឹងត្រូវជាប់ទោស ។ ប៉ុន្តែពេលនេះ ពលរដ្ឋ ភាគច្រើនជាយុវវ័យ ក្រុមនិស្សិត សិស្ស ដែលជាទំពាំងស្នងឬស្សីថៃ បាននាំគ្នាធ្វើបាតុកម្ម ប្រឆាំង រដ្ឋាភិបាល និងព្រះមហាក្សត្រ ថៃ ទាមទារឲ្យកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ ក្នុងរដ្ឋាភិបាល។
ក្រៅពីធ្វើបាតុកម្ម ជាច្រើន សប្តាហ៍នាពេលកន្លងមក ពេលនេះក្រុមនិស្សិតថៃ ជាងពាក់កណ្តាលមិនទៅចូលរួម ក្នុងកម្មវិធីចែកសញ្ញាបត្រ ក្រោមអធិបតេយ្យ របស់ ព្រះមហាក្សត្រ។ ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថារបបរាជានិយមនៅថៃ អាចប្រឈមនិងផលប៉ះពាល់ បើស្ថានភាពនៅតែបែបនេះ នោះ។
សារព័ត៌មាន CNA នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០បានផ្សាយថា និស្សិតមួយចំនួនធំដែលបានបញ្ចប់ការសិក្សា នៅឯសាកលវិទ្យាល័យ ធម្មាសាត (Thammasat) ដ៏ល្បីល្បាញរបសប្រទេសថៃ មិនបានចូលរួម នៅក្នុងពិធីចែកសញ្ញាបត្រ ដែលព្រះមហាក្សត្រថៃព្រះបាទ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn) បានយាងជាព្រះរាជាធិបតីដ៏ខ្ពស់នោះឡើយ។
ពិធីចែកសញ្ញាបត្ររាល់ឆ្នាំ គឺត្រូវបានចាត់ទុកជាឱកាសដ៏សំខាន់បំផុត ដោយក្រុមនិស្សិតថៃដែលបានបញ្ចប់ការសិក្សា ប៉ុន្តែពេលនេះ គឺខុសប្លែកពីមុន។ បណ្តាញទូរទស្សន៍ថៃ PBS និស្សិតចំនួនពាក់កណ្តាល (៥០%) នៃនិស្សិតបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យធម្មាសាតទាំងអស់ ៩,៦០០នាក់ ត្រូវបានគេជឿជាក់ថា មិនបានចូលរួមពិធីខាងលើនេះឡើយ។រាជវាំងថៃមិនទាន់បានឆ្លើយតបអ្វីឡើយ នៅពេលអ្នកសារព័ត៌មានសុំការបកស្រាយអំពីរឿងនេះ ហើយដោយឡែកគណៈគ្រប់គ្រង នៃសាកលវិទ្យាធម្មាសាតវិញក៏ដូចគ្នាដែរ៕ដោយ៖ធីរីណា