ថ្ងៃឈប់សម្រាក៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ មានភ្ញៀវទេសចរណ៍ជាង១.៦ម៉ឺននាក់ បានធ្វើដំណើរកម្សាន្តតាមរម្មណីដ្ឋាននៅតំបន់ទេសចរណ៍នានា ក្នុងខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ៖ លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានឱ្យដឹងនៅវេលាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ក្នុងឱកាសថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមានចំនួន ១៥,៨២១នាក់ បានធ្វើដំណើរកម្សាន្ដនៅតាមតំបន់ទេសចរណ៍នានា ក្នុងខេត្តព្រះវិហារ។

លោក គង់ វិបុល បានបន្តថា ក្នុងរយៈពេល៣ថ្ងៃនេះ ភ្ញៀវទេសចរជាតិចំនួន ១៥,៧១១នាក់ និងភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ១១០នាក់ បានដើលេងកំសាន្ត តាមគោលដៅទេសចរណ៍នានាក្នុងខេត្តរបស់យើង។ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ភ្ញៀវទេសចរណ៍មានការថយចុះចំនួន ៨៥.៩៦% ដែលការថយចុះចំនួនភ្ញៀវ ទេសចរណ៍នេះបណ្តាលមកពីកត្តាអាកាសធាតុ។

សូមជម្រាបថា គោលដៅទេសចរណ៍សំខាន់ៗនៅក្នុងខេត្តព្រះវិហារយើងនេះ ដែលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ តែងដើរលេងកម្សាន្ត រួមមានទស្សនាប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ប្រាសាទកោះកែ ស្ថិតក្នុងស្រុកគូលែន ទឹកធ្លាក់ភ្នំត្បែង និងវត្តថ្មបីដុំ ស្ថិតនៅលើកំពូលភ្នំត្បែងក្នុងស្រុកត្បែងមានជ័យ ទឹកជ្រោះសុភមិត្ត ស្ថិតក្នុងស្រុកឆែប ជាប់ព្រំដែនឡាវ និងតំបន់រម្មណីយដ្ឋានទេសចណ៍រនានា ជាច្រើនកន្លែងទៀត។

ជំនួសមុខឱ្យលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ លោក គង់ វិបុល បានថ្លែងនូវការអរគុណចំពោះក្រុមការងារចុះជួយឃុំស្រអែម ស្រុកជាំក្សាន្ត ដែលបានរៀបចំ ពិធីប្រណាំងទូករយៈពេល៣ថ្ងៃ នៅស្រះទឹកសម្តេចតេជោ ហ៊ុន សែន អូរស្វាយ ស្ថិតក្នុងភូមិធម្មជាតិសម្តេចតេជោ ដើម្បីបង្ករការសប្បាយរីករាយជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជិតឆ្ងាយផងដែរ។

ដោយអនុវត្តន៍តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និងបទបញ្ជាលោកអភិបាលនៃគណ:អភិខេត្ត មន្ទីរទេសចរណ៍ខេត្ត បានរៀបចំនូវវិធានការ ដើម្បីសុវត្ថិភាពទេសចរណ៍តាមតំបន់ទេសចរណ៍នានា ក្នុងទិសដៅដើម្បីការពារជំងឺកូវីដ១៩ ជូនភ្ញៀវទេសចរណ៍ទាំងអស់ទៀតផង៕

ដោយ៖ មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print