ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋបានប្រទះឃើញសពស្ត្រីម្នាក់នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០២០នៅចំណុចខាងត្បូងស្ពានភ្នំតុប(ស្ពានរាកអាចម៍)ចម្ងាយ១៥០ម៉ែត្រខាងកើតផ្លូវជាតិលេខ៥៦A ប្រហែល១០ម៉ែត្រ ខាងជើងផ្លូវលំស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុបុរសឈ្មោះ អាង សួ ភេទប្រុសអាយុ៦៥ឆ្នាំ នៅភូមិក្បាលស្ពាន សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានទៅមើលស្រែនៅចំណុចខាងត្បូងស្ពានភ្នំតុប(ស្ពានរាកអាចម៍)ចម្ងាយ១៥០ម៉ែត្រខាងកើតផ្លូវជាតិលេខ៥៦A និងប្រហែល១០ម៉ែត្រ ខាងជើងផ្លូវលំ ពេលនោះឃើញមែកឈើសង្កត់ដើមស្រូវក៏យកដៃទៅចាប់ទាញស្រាប់តែឃើញដៃសពជនរងគ្រោះផុសចេញមក។ ឃើញបែបនេះឈ្មោះអេង សួក៏រត់ទៅរាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍រដ្ឋបាលម្កាក់ឲ្យទៅពិនិត្យមើល។នៅពេលដែលចុះទៅពិនិត្យសពនោះ គេក៏សង្កេតឃើញលោកឧត្តមសេនីយ៍ត្រីសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបានដឹកនាំកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ កម្លាំងនគរបាលជំនាញបច្ចេកទេសវិទ្យាសាស្ត្រ និងកម្លាំងនគរបាលក្រុងសិរីសោភ័ណ ចុះពិនិត្យនិងធ្វើកោសល្យវិច័យ។ សពមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ភេទស្រី អាយុប្រមាណជា៣០ឆ្នាំជាង ពាក់អាវយឺតពណ៌ក្រហមដៃវែង ស្លៀកខោកីឡាជើងវែង។ នៅលើខ្លួនសពមានស្នាមចាក់ដោយវត្ថុរឹងចុងស្រួច ត្រូវចុងដង្ហើម១កន្លែង, ដើមកខាងស្តាំ១កន្លែងនិងស្នាមឆូតលើផ្ទៃមុខជាច្រើនកន្លែង ។
សមត្ថកិច្ចបាននិយាយថា នៅកន្លែងកើតហេតុបានរកឃើញវ៉ែនតានៅជាប់នឹងខ្លួន១ នៅនឹងដី១ និងកូនកាំបិតចុងស្រួច១ ។បើតាមការសន្និដ្ឋានគឺជាករណីឃាតកម្មគិតទុកជាមុន តែនៅមិនទាន់ដឹងថាជាករណីគំនុំ ឬប្លន់យកទ្រព្យសម្បតិ្តឬជាករណីស្នេហាត្រីកោណនោះឡើយ។ នៅពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ប្រសិនបើឈាមស្រែកស្បែកហៅឃាតកពិតនឹងត្រូវសមត្ថកិច្ចវែកមុខជាពុំខាន ដោយមិនឲ្យរួចផុតពីសំណាញ់ច្បាប់នោះឡើយ ។
សមត្ថកិច្ចបានអំពាវនាវដល់បងប្អូនដែលបាត់សមាជិកគ្រួសារ ឬបងប្អូនដែលបានស្គាល់ស្ត្រីរងគ្រោះសូមមេត្តាជួយផ្តល់ព័ត៌មានមកសមត្ថកិច្ចផង៕ វណ្ណា