បើករថយន្តលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកព្រះពុទ្ធរូបហើយមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកខឿនសួនច្បារក្រឡាប់ផ្ងារជើង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តមួយគ្រឿងបានបោះពួយយ៉ាងលឿនជ្រុលទៅបុករូបចម្លាក់ព្រះពុទ្ធខូចខាតអស់ជាច្រើនរូប ហើយរថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវធ្វើឱ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃនិងធ្វើឲ្យអ្នកជិះក្នុងរថយន្តរងរបួសស្រាល៣នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាករ៉េងរ៉ូវើរ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BI-1669បើកបរដោយបុរសម្នាក់រួមដំណើរមានគ្នាពីរនាក់ទៀតធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុដោយស្ថានភាពផ្លូវកោងហើយអ្នកបើកបរខ្វះការប្រុងប្រយ័ត្នក៏រេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុករូបចម្លាក់ព្រះពុទ្ធបាក់អស់ជាច្រើនរូប ចំណែករថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ ភ្លាមនោះម្ចាស់រថយន្តទាំងអ្នករួមដំណើរបានស្ទុះចេញមកក្រៅហើយត្រូវបានប្រជាពលរដ្ឋហៅរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុក៏បានទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងដើម្បីយករថយន្តទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ចំណែករូបចម្លាក់ព្រះពុទ្ធដែលខូចខាតខាងរថយន្តបង្កព្រមចេញថ្លៃខូចខាតទាំងអស់៕
ដោយ៖ ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print