ក្រុមចោរប្រដាប់ដោយដាវសាម៉ូរៃស្ទាក់កាប់ប្លន់យកម៉ូតូបានដោយសុវត្ថិភាព នៅក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្តាល៖ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈមក មានការល្បាត និងពួនស្ទាក់ពីកម្លាំងនគរបាលក្រុងតាខ្មៅ ។ ឥឡូវនេះហាក់កក្រើកឡើងវិញដោយក្រុមចោរប្រដាប់ដោយដាវសាម៉ូរៃបានស្ទាក់កាប់ប្លន់យកម៉ូតូ ពីពលរដ្ឋអ្នកធ្វើដំណើរ បានដោយសុវត្ថិភាពនៅលើផ្លូវ២១ ជិតផ្ទះសំណាក់រស្មី៨៨ ក្រុងតាខ្មៅ។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០០និង២០នាទី រំលងអាធ្រាត្រ ចំណុចផ្លូវជាតិលេខ២១ជិតផ្ទះសំណាក់រស្មី៨៨ភូមិទួលក្រសាំងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ តាវ ជ្រូ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ទីលំនៅបច្ចុប្បន្នភូមិពោធិ៍តាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះមានរបួសស្នាម ត្រង់កដៃខាងឆ្វេង។

ជនសង្ស័យ០២នាក់ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុជាង២០ឆ្នាំ ។

បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះបានចូលរួមផឹកស៊ីជាមួយ មិត្តភក្តិ នៅកោះពេជ្រ។ លុះមកដល់វេលាម៉ោង០៩យប់នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ជនរងគ្រោះបានឈប់ផឹក ហើយជិះម៉ូតូតែម្នាក់ឯងត្រឡប់ទៅផ្ទះនៅឯភូមិពោធិ៍តាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល វិញ តែនៅពេលជិះមកដល់ម្តុំចាក់អង្រែលើ ត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យ ដាក់កម្លាំងវាស់ជាតិអាល់កុលហើយឃាត់ខ្លួនជនរងគ្រោះនិងម៉ូតូយកទៅសាកសួរនៅប៉ុស្តិ៍ និងផាកពិន័យគាត់អស់លុយ៦ម៉ឺនរៀលរហូតដល់វេលាម៉ោង០០និង០៥នាទីរំលងអាធ្រាត្របានអនុញ្ញាត ឲ្យគាត់យកម៉ូតូជិះត្រឡប់ទៅផ្ទះវិញ។ រហូតមកដល់វេលាកើតហេតុខាងលើ នៅពេលគាត់ជិះតាមផ្លូវ២១ក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ជិតដល់ផ្ទះសំណាក់រស្មី៨៨ មានម៉ូតូ១គ្រឿងជិះឌុបគ្នា២នាក់ភេទ
ប្រុស អាយុជាង២០ឆ្នាំ រាងស្គម ជិះម៉ូតូម៉ាកអេសិចទ័រពណ៌ខ្មៅ មិនចាំស្លាកលេខ បានជិះមកកាក់ពីមុខម៉ូតូគាត់ឲ្យឈប់ ហើយគ្នាវាម្នាក់បានដកដាវសាម៉ូរៃ កាប់គាត់ចំត្រង់កដៃខាងឆ្វេង បណ្តាយរយៈដាច់សរសៃ មានរបួសស្នាមហូរឈាមយ៉ាងច្រើន ហើយពួកវាបានដណ្តើមយកម៉ូតូគាត់ នាំគ្នាជិះគេចខ្លួនទៅទិសខាងត្បូង បត់តាមផ្លូវថ្មី តាមផ្លូវសិត្បូ ទៅបាត់។

បច្ចុប្បន្នករណីនេះ កម្លាំងយុត្តិធម៌ក្រុងតាខ្មៅនិងកម្លាំងជំនាញខេត្តសហការ កំពុងបន្តការ ស៊ើបអង្កេតស្រាវជ្រាវ ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ៖  ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print