ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនពង្រឹងវរសេនាតូចលេខ៥២៣ វគ្គហ្វឹកហ្វឺនជំនាញស៊ើបការណ៍ប្រដាប់អាវុធ និងបើកវគ្គហ្វឹកហ្វឺនយុទ្ធដំណើរទ័ពសហការវាយលុក ថ្នាក់កងអនុសេនាធំ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ ស្ថិតក្នុងភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
លោកឧត្តមសេនីយ៍ឯក ឯក សំអូន បានថ្លែងឲ្យដឹងថាយោធភូមិភាគទី៥ បានបើកវគ្គហ្វឹកហ្វឺនជាបន្តបន្ទាប់តាមបណ្តាកងឯកភាពចំណុះដើម្បីធ្វើការពង្រឹងសមត្ថភាពដល់កងទ័ព ហើយវគ្គហ្វឹកហ្វឺននេះជាកញ្ចប់ថវិការបស់ក្រសួងការពារជាតិសម្រាប់ការហ្វឹកហ្វឺនប្រចាំឆ្នាំ។
លោកឧត្តមសេនីយ៍ឯក បានផ្តាំផ្ញើដល់សិក្ខាកាមដែលបានបញ្ចប់វគ្គហ្វឹកហ្វឺនត្រូវយកចំណេះដឹងទៅបន្តប្រើប្រាស់ក្នុងអង្គភាពនិងបង្រៀនបន្តដល់អ្នកមិនចេះត្រូវគោរពបទបញ្ជាផ្សេងៗរបស់កងទ័ពឲ្យបានត្រឹមត្រូវ ត្រូវសាមគ្គីឯកភាពផ្ទៃក្នុងជាមួយកងទ័ពជាពិសេសជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានល្អប្រសើរត្រូវអនុវត្តគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវនិងជៀសឆ្ងាយអំពីបញ្ហាគ្រឿងញៀន និងបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលពាក់ព័ន្ធនឹងបញ្ហាកូវីត-១៩ ដោយឡែកចំពោះសិក្ខាកាមដែលបើកវគ្គហ្វឹកហ្វឺនក្នុងថ្ងៃនេះត្រូវយកចិត្តទុកដាក់ប្រឹងប្រែងសិក្សារៀនសូត្រ គោរពវិន័យឲ្យបានត្រឹមត្រូវ ដើម្បីឲ្យវគ្គហ្វឹកហ្វឺននេះទទួលបានលទ្ធផលកាន់តែល្អប្រសើរ។
ចុងបញ្ចប់នៃកម្មវិធីឧត្តមសេនីយ៍ឯក ឯក សំអូនបានផ្ដល់ថវិកាចំនួន ២លានរៀល ដល់កងពលតូចថ្មើរជើងលេខ៥២ ៕ ដោយ៖ សូរិយា