អភិបាលខណ្ឌច្បារអំពៅដឹកនាំកម្លាំងចុះប្រមូលសំរាមនិងលាងផ្លូវជាតិ

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីដោះស្រាយបញ្ហាប្រឈមនៅចំពោះមុខ នាព្រឹកថ្ងៃចន្ទ ៩រោច ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនិឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលជាថ្ងៃបុណ្យឯករាជ្យជាតិ និងជាថ្ងៃខួបកំណើតកងយោធពលខេមរភូមិន្ន លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បាន ដឹកនាំកម្លាំងចម្រុះចុះធ្វើយុទ្ធនាការ ប្រមូលសំរាម រើសសំរាម និងបាញ់ទឹកសម្អាតផ្លូវជាតិលេខ១ ដើម្បីឱ្យមានសណ្តាប់ធ្នាប់ល្អ បរិស្ថាន អនាម័យល្អ ។
យុទ្ធនាការចុះរៀបចំសណ្តាប់ធ្នាប់ ប្រមូលសំរាម រើសសំរាម លាងផ្លូវជាតិនេះដែរ លោកអភិបាលខណ្ឌបានណែនាំឱ្យមន្ត្រីក្រុមការងារ និងកងកម្លាំងក្នុងជួរគណៈបញ្ជាការឯកភាពខណ្ឌ សង្កាត់ ត្រូវយកចិត្តទុកដាក់និងពង្រឹងបន្ថែមទៀតលើការងារសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យជាប់ជាប្រចាំ ដើម្បីទីក្រុងស្អាត បរិស្ថានអនាម័យល្អ ។ លើសពីនេះទៀតត្រូវប្រាប់ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យចូល​រួម​សហការ​ទុក​ដាក់​ និង​វេចខ្ចប់សំរាម​ឱ្យបាន​ត្រឹម​ត្រូវ​ និង​តាម​ពេល​វេលា​ដែល​បាន​កំណត់​ ដេីម្បី​ងាយស្រួល​ដល់ក្រុមការងារ​ប្រមូល​សំរាម​ បានលឿន​ ។
ជាមួយគ្នានេះដែរ លោក​អភិបាលខណ្ឌ ក៏បានក្រើនរំលឹកដល់កងកម្លាំងគ្រប់ផ្នែក មន្ត្រីក្រុមការងារគ្រប់ការិយាល័យរួមទាំងលោកចៅសង្កាត់ ត្រូវចូលផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយពីវិធានការបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលកំពុងតែគំរាមកំហែងសុខភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាសកល ។ ជាពិសេសត្រូវផ្សព្វផ្សាយឱ្យបងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តជាប់ជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
សូមរំលឹកថា កាលពីថ្ងៃទី៦ ខែតុលា កន្លងទៅ លោក ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញបានបញ្ចេញរថយន្តប្រមូលសំរាមថ្មីចំនួន៧០គ្រឿង​ រួមជាមួយរុឺម៉ក់ប្រមូលសំរាមរាប់សិបគ្រឿង និងកម្លាំងសន្តិសុខ​សណ្តាប់​ធ្នាប់គ្រប់ខណ្ឌ​ ​ចេញប្រតិបត្តិការប្រមូលសំរាម ដើម្បីបញ្ជៀសកុំឱ្យមានការកកស្ទះ ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថានអនាម័យក្នុងរាជធានីភ្នំពេញ។ដោយឡែកសម្រាប់ខណ្ឌច្បារអំពៅ លោកអភិបាលខណ្ឌបានដាក់ផែនការឱ្យអាជ្ញាធរសង្កាត់រួមសហការជាមួយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និងមន្ត្រីសាលាខណ្ឌ ត្រូវអនុវត្តជាប្រចាំទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថានអនាម័យ ។ ទីក្រុងស្អាត សណ្តាប់ធ្នាប់ល្អ បរិស្ថានអនាម័យល្អ គឺផ្តើមចេញពីយើងទាំងអស់គ្នា ៕ សណ្តោស


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print