ធ្លាយឧស្ម័នអាម៉ូញាក់ ចេញពីរោងចក្រផលិតទឹកកកយីហោ “ទឹកកកអនាម័យ ម៉ាស្ទ័រ MASTER ICE” នៅក្នុងភូមិចំពុះក្អែក សាយភាយធ្វើឲ្យពលរដ្ឋរស់នៅជិតខាងពិបាកដកដង្ហើម

ចែករំលែក៖

ភ្នំពេញ៖ រោងចក្រផលិតទឹកកកអនាម័យមួយកន្លែង យីហោ “ទឹកកកអនាម័យ ម៉ាស្ទ័រ MASTER ICE” នៅក្នុងភូមិចំពុះក្អែក ផ្លូវ៣៦៩ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានធ្លាយចេញឧស្ម័នអាម៉ូញាក់ (សម្រាប់បង្កកទឹកឲ្យរឹងកក) សាយភាយមកខាងក្រៅ ធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ ជាពិសេសអ្នកនៅក្រោមខ្យល់ ធ្វើឲ្យពិបាកដកដង្ហើម ទើបបងប្អូនអ្នកភូមិយកដៃខ្ទប់ច្រមុះ អ្នកខ្លះពាក់ម៉ាស អ្នកខ្លះយកក្រមាមកខ្ទប់ច្រមុះ ចេញមកឈរនៅមុខរោងចក្រទឹកកក ហើយនាំគ្នារាយការណ៍ប្រាប់សមត្ថិច្ចមូលដ្ឋានជួយអន្តរាគមន៍ និងចុះពិនិត្យមើលជាក់ស្តែង ។

បើតាមការអះអាងពីប្រជាពលរដ្ឋ ដែលរស់នៅក្បែររោងចក្រផលិតទឹកកកយីហោ “ទឹកកកអនាម័យ ម៉ាស្ទ័រ MASTER ICE” នោះ បានប្រាប់ថា មុនពេលកើតហេតុ ពួកគាត់បានឃើញមានធ្លាយខ្យល់ឧស្ម័នពណ៌ស លាន់ឮជាសម្លេងខ្លាំងៗ ហើយបានសាយភាយចេញមកខាងក្រៅ ដែលជាឧស្ម័នអាម៉ូញាក់ (សម្រាប់បង្កកទឹកឲ្យរឹងកក) ធ្វើឲ្យពួកគាត់ផ្សារភ្នែក និងឆ្លុលច្រមុះពិបាកដកដង្ហើម ទើបបងប្អូនអ្នកភូមិយកដៃខ្ទប់ច្រមុះ អ្នកខ្លះពាក់ម៉ាស ។ ស្របពេលនោះ ប្រជាពលរដ្ឋទាំងក្មេងទាំងចាស់ បាននាំគ្នាមកឈរនៅមុខរោងចក្រទឹកកក ទោះបីជាយកដៃខ្ទប់ច្រមុះ អ្នកខ្លះពាក់ម៉ាស អ្នកខ្លះយកក្រមាមកខ្ទប់ច្រមុះក៏ដោយ ក៏ចេញមករាយការណ៍ និងស្នើសុំឲ្យសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍ ព្រោះពួកគាត់ពិបាកដកដង្ហើមណាស់ ថប់ៗដង្ហើម និងផ្សារភ្នែកយ៉ាងខ្លាំង។

ដោយឡែកបើតាមការអះអាងពីកម្មកររោងចក្រនៅទីនោះ ក៏បានប្រាប់ឲ្យដឹងដែរថា មានការធ្លាយធុងឧស្ម័នអាម៉ូញាក់នោះពិតប្រាកដមែន ដែលជាវត្ថុធាតុដើម សម្រាប់បង្កកទឹកឲ្យរឹងកក ។ ប៉ុន្តែបន្តិចបន្តួចតែប៉ុណ្ណោះ ក្រោយពេលធ្លាយពួកគាត់ក៏រាយការណ៍ប្រាប់ម្ចាស់រោងចក្រ និងទូរស័ព្ទហៅជាងមកជួសជុលហើយ ដោយមានជាងមកដល់បានបំពាក់ឧបករណ៍ម៉ាសអុកស៊ីហ្សែន ដើម្បីចូលទៅពិនិត្យរកមើលមូលហេតុ បន្ទាប់មកត្រូវបានបិទជិតវិញហើយ នៅសល់តែចំហាយប៉ុណ្ណោះ។

សូមជម្រាបថា ឧស្ម័នអាម៉ូញ៉ាក់នេះ វាអាចប៉ះពាល់សុខភាពដូចជា ផ្សារភ្នែក ថប់ដង្ហើម ខ្សោយឆ្អឹងខ្នង និងសួត ថែមទៀតផង ទើបប្រជាពលរដ្ឋទាមទារឲ្យអាជ្ញាធរចុះពិនិត្យទីតាំងរោងចក្រផលិតទឹកកកខាងលើនេះផង ។

ជុំវិញបញ្ហានេះដែរ មន្រ្តីជំនាញសាលាខណ្ឌច្បារអំពៅ បានប្រាប់អង្គភាព កាសែតនគរវត្ត និង អង្គភាពនគរដ្រេហ្គន នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកានេះថា ករណីខាងលើនេះមិនបង្កឲ្យរាលដាលខ្លាំងនោះទេ ព្រោះនៅយប់កើតហេតុភ្លាមៗ មន្រ្តីជំនាញបានចុះដល់កន្លែងកើតហេតុ ត្រួតពុនិត្យជាក់ស្តែងមិនមានប្រជាពលរដ្ឋណាម្នាក់ រងគ្រោះឡើយ ។ មិនតែប៉ុណ្ណោះ មន្រ្តីជំនាញ ក៏បានណែនាំឲ្យម្ចាស់រោងចក្រកុំឲ្យមានការធ្វេសប្រហែសដូចនេះទៀត ៕ដោយ៖ភារ៉ា ដង្កោ

...

        

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print