ខេត្តស្ទឹងត្រែង៖ លោក ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាង លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង តំណាងក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមនិងមន្ទីរជំនាញក្នុងខេត្ត អញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារថែទាំផ្លូវលក្ខណ:ខួបតាមគម្រោងដែលមានហើយនោះ ។ផ្លូវនេះក្រាលក្រួសក្រហមអាចម៍ផ្កាយ ចំនួន០១ខ្សែ ប្រវែង ១៤,៥០០ ម៉ែត្រ ទទឹងខ្នងលើ ៦ ម៉ែត្រ. កម្រាស់ ០,២ ម៉ែត្រ និងសាងសង់លូមូលមុខទំហំ ០១ ម៉ែត្រ ប្រវែង ៨ ម៉ែត្រ ចំនួន ០២ កន្លែង នៅថ្ងៃពុធ ១១រោច ខែកត្តឹកឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលស្ថិតនៅ ភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។
គណៈប្រតិភូអន្តរក្រសួងមកពី(ក្រសួងអភិវឌ្ឍន៍ជនបទ-ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) បានពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារជួសជុល និងថែទាំផ្លូវលក្ខណៈខួបតាមគម្រោងដែលមាន ការងារជួសជុលផ្លូវខួបក្រាលក្រួសក្រហមអាចម៍ផ្កាយល្បាយ ប្រវែង ១៤,៥០០ម៉ែត្រ ទទឹងខ្នងលើ០៦ម៉ែត្រ កម្រាស់ ០.២ ម៉ែត្រ និងសាងសង់លូថ្មីចំនួន២កន្លែង ដែលមានមុខកាត់ ០១ម៉ែត្រ ប្រវែង០៨ម៉ែត្រ ។ ក្រោយពីបានចុះពិនិត្យជាក់ស្តែងតាមគម្រោងនីមួយៗ រួចមកជាលទ្ធផល គណៈកម្មការអន្តរក្រសួង បានប្រជុំសម្រេចវាយតម្លៃបញ្ចប់សុពលភាពលើគម្រោង ដោយពិនិត្យឃើញថាសំណង់នៅរក្សាគុណភាព និងសោភណ្ឌភាពបានល្អត្រឹមត្រូវទៅតាមបទដ្ឋាន បច្ចេកទេស និងកិច្ចសន្យា១០០%ភាគរយ ។
លោកប៊ុន ច័ន្ទវណ្ណៈ ក៏បានបញ្ជាក់ថា ការចុះពិនិត្យគម្រោងសកម្មភាពសាងសង់ផ្លូវនេះគឺស្របតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ក៏ដូចជា លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានមានប្រសាសន៍បញ្ជាក់ថា ការស្តារនិងកែលម្អផ្លូវលំ តាមភូមិ ឃុំ គឺជាការរួមចំណែកដល់ការតភ្ជាប់គ្នារវាង ភូមិ នឹងឃុំ ដែលបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរពី ភូមិមួយ ទៅភូមិមួយ នឹងពីឃុំមួយ ទៅឃុំមួយ ព្រមទាំងងាយស្រួលដល់ការដឹកជញ្ជូន ដំណាំកសិផលកសិកម្មរបស់ពួកគាត់ ទៅកាន់ទីផ្សារ និងបានបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ នៅពេលដែលពួកគាត់ មានជំងឺងាយស្រួលដឹកទៅមណ្ឌលសុខភាពព្យាបាលជំងឺ ជៀសវាងហានិភ័យផ្សេងៗដល់អ្នកជំងឺនិងពលរដ្ឋ ជាពិសេសទៀតនោះងាយស្រួលដល់ប្អូនៗ សិស្សានុសិស្សក្នុងការធ្វើដំណើរទៅសិក្សានៅឯសាលារៀន និងងាយស្រួលដល់បងប្អូនទៅរកសេវារដ្ឋបាលសាធារណៈ ដែលជាសេវាតម្រូវការមូលដ្ឋានជាដើម។
ឆ្លៀតក្នុងឱកាសនោះដែរលោកប៊ុន ច័ន្ទវណ្ណៈ បានបន្តដំណើរចុះត្រួតពិនិត្យជាក់ស្តែងនូវ ស្ពានឈើចំនួន ២កន្លែងដែលចាស់ទ្រុឌទ្រោម ដើម្បីដាក់ការស្នើសុំទៅកាន់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការសាងសង់ស្ពានបេតុងខាងលើ ងាលស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើផងដែរ៕
ដោយ៖ មាស សុផាត