សាធារណមតិបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីសង្គ្រាមវាយប្រហារអុីរ៉ង់ របស់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ។ គោលដៅនៃការវាយប្រហារដើម្បីរក្សាអំណាច ដឹកនាំអាមេរិក ក្រោយបរាជ័យក្នុងការបោះឆ្នោតឆ្នាំ២០២០ ។
ការសម្រេចដកតំណែងរដ្ឋមន្ត្រីការពារជាតិ Mark Esper កាលពីថ្ងៃទី៩ ខែវិច្ឆិកា និងដាក់បុគ្គលថ្មីស្តាប់បង្គាប់ដែលងាយស្រួលក្នុងការបញ្ជា គឺលោកChristopher Miller បានបង្កក្តីបារម្ភពីការវាយប្រហារអុីរ៉ង់មុនពេលលោកចាកចេញពីសេតវិមាននៅថ្ងៃទី ២០ខែមករាឆ្នាំ២០២១។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា គោលដៅដែលលោកត្រាំ ដកតំណែងរដ្ឋមន្ត្រីការពារជាតិ គឺលោកមានគោលដៅសំដៅទៅប្រទេសនៅខាងក្រៅគឺអុីរ៉ង់។ ដោយសារតែលោក Mark Esper ប្រឆាំងការធ្វើសង្គ្រាមវាយប្រហារអុីរ៉ង់។
រដ្ឋាភិបាលរបស់លោកត្រាំ ជិតចប់អាណត្តិ ហើយពេលនេះត្រៀម លក្ខណៈប្រើប្រាស់កណ្តាប់ដៃរបស់ខ្លួនវាយប្រហារសម្រុកទៅលើគោលដៅដើម្បីអាចបន្តឈរជើងទៅមុខទៀត។ គ្រប់មធ្យោបាយដែលអាចជួយរក្សាអំណាចលោកបាន មិនថាអាក្រក់ឬល្អនោះឡើយ លោកត្រាំនឹងអនុវត្តដើម្បីបានដឹកនាំអាមេរិក៤ឆ្នាំទៀត។
ប៉ុន្តែអ្វីគ្រប់យ៉ាងពិបាកក្នុងការកែប្រែដោយសារតែរកមិនឃើញមានករណីបន្លំសន្លឹកឆ្នោត ដែលជាហេតុមិនអាចផ្លាស់ប្តូរលទ្ធផលបោះឆ្នោតបានឡើយ។ ទាំងនោះហើយបានជាលោកត្រាំ ងាកមកបង្កស្ថានភាពនៃសង្គ្រាមដោយចៃដន្យដើម្បីបន្តរក្សា«ប្រធានាធិបតីសម័យសង្គ្រាម»អាចនឹងបន្តឈរជើងនៅសេតវិមានដដែល។
នៅពេលនេះដែរ ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi បានព្រមានថាការសម្រេច ដកតំណែងរដ្ឋមន្ត្រីការពារជាតិ ហើយជំនួសវិញដោយបុគ្គលផ្សេងមិនជាប់ពាក់ព័ន្ធក្រសួងការពារជាតិ គឺមានចេតនាដើម្បីធ្វើឲ្យការផ្លាស់ប្តូរអំណាចត្រូវជាប់គាំង ហើយលោកត្រាំបន្តដឹកនាំអាមេរិក។
ចំណែកអុីស្រាអែលវិញ បារម្ភខ្លាច លោកបៃឌិនដឹកនាំអាមេរិក ហើយបង្កើតទំនាក់ទំនងឡើងវិញ ជាហេតុធ្វើឲ្យគោលដៅរបស់អុីស្រាអែលត្រូវបំផ្លាញ។ ចំណុចទាំងនោះហើយ ទើបក្រុមអ្នកវិភាគបានលើកឡើងថា អុីស្រាអែលអាចវាយប្រហារទៅលើទាហានអាមេរិកដើម្បីទម្លាក់កំហុសទៅលើអុីរ៉ង់ ពេលនោះសង្គ្រាមវាយប្រហារក៏ចាប់ផ្តើមឡើង ។ បើមានសង្គ្រាមកើតឡើងបន្ទាន់ លទ្ធផលបោះឆ្នោតអាមេរិក ក៏ត្រូវទុកចោលម្ខាង ហើយលោកត្រាំបន្តដឹកនាំអាមេរិកក្នុងការធ្វើសង្គ្រាម៕