ភ្នំពេញ៖ បុរសម្នាក់សង្ស័យខូចចិត្តដោយសារប្រពន្ធរត់ចោលបានរត់ឡើងលើចុងឈើប្រុងលោតសម្លាប់ខ្លួនបង្កភាពភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានចុះធ្វើអន្តរាគមន៍ភ្លាមៗ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតក្នុងរង្វង់មូលវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់នេះដើរចូលក្នុងរង្វង់មូលវត្តភ្នំ ដោយមិនដឹងថាគាត់មានវិបត្តិអ្វីនោះទេ រួចបានធ្វើសកម្មភាពរត់ឡើងលើចុងឈើ ប្រុងលោតសម្លាប់ខ្លួន តែត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញដែលកំពុងបោសសម្អាតបរិវេណរង្វង់មូលវត្តភ្នំនាំគ្នាជួយធ្វើអន្តគមន៍ និងលួងលោមឱ្យបុរសរូបនេះចុះពីលើចុងឈើវិញ តែទោះជាយ៉ាងណាក៏បុរសរូបនោះមិនព្រមចុះដែរ ។
លើសពីនេះទៀត បុរសដែលឡើងលើចុងឈើបានស្រែកថា ខ្លួនខូចចិត្តរឿងប្រពន្ធរត់ចោលទើបរត់មកឡើងលើចុងឈើនេះដើម្បីលោតសម្លាប់ខ្លួន តែគាត់មិនបានបញ្ជាក់អត្តសញ្ញាណរបស់គាត់នោះទេ។
ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋបានទំនាក់ទំនងទៅកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះមកធ្វើអន្តរាគមន៍ដើម្បីយកបុរសនៅលើចុងឈើចុះមកក្រោមវិញ៕ដោយ៖រ៉ារ៉ា