រឿងព្រេងខ្មែរ÷រឿង អាសុខកាចអាសុខស្លូត

ចែករំលែក៖

កាលពីព្រេងនាយយ មាន​ក្មេង​ប្រុស ២ នាក់ នៅ​ភូមិ​ជា​មួយ​គ្នា មួយ​ឈ្មោះ​អា​សុខ​ស្លូត មួយ​ឈ្មោះ​អា​សុខ​កាច ។ ឯ​អា​សុខ​កាច​ចិត្ត​អាក្រក់ បើ​លេង​ល្បែង​អ្វីៗ​នឹង​ក្មេង​ផង​គ្នា រក​តែ​រឿង​ឈ្លោះ​ជេរ​វាយ​គេ​មិន​ដែល​ខាន ។ ម្ដាយ​ឪពុក​អា​សុខ​កាច​នោះ​ជា​អ្នក​គ្រាន់​បើ មាន​ស៊ី មាន​ចាយ កាន់​ជើង​អា​សុខ​កាច​ណាស់ បណ្ដាជន​ក្នុង​ភូមិ​នោះ​ខឹង​ស្អប់​អា​សុខ​កាច​ពន់​ពេក ។ ឯ​អា​សុខ​ស្លូត​កំព្រា​ឥត​មាន​មាតា​បិតា មាន​តែ​ជីដូន ៗ ក៏​ចាស់​ជរា ក្រ​លំបាក​ពេក​ក្រៃ ។ អា​សុខ​ស្លូត​នោះ បើ​លេង​ល្បែង​អ្វីៗ​នឹង​ក្មេង​ផង​គ្នា ក្នុង​ភូមិ​នោះ​ពុំ​ដែល​ឈ្លោះ​ប្រកែក​ដល់​ម្ដង​ឡើយ ។ បណ្ដា​ជន​ក្នុង​ភូមិ​នោះ អាណិត​ស្រឡាញ់ ឲ្យ​ចំណី​ស៊ី​ខុស​អ្នក​នេះ អ្នក​នោះ​ឲ្យ មិន​ដែល​សល់​ខាន ម្ល៉ោះ​ហើយ​អា​សុខ​កាច​នោះ​ច្រណែន​ទាំង​មួម៉ៅ​ក្ដៅ​ចិត្ត រឹត​តែ​កាច​ឡើង ជេរ​វាយ​កូន​គេ​ឥត​កោត​ញញើត ចាស់​និង​ចាស់​ឈ្លោះ​គ្នា​ព្រោះ​តែ​កាន់​ជើង​កូន​រៀង​ខ្លួន ។ លុះ​អា​សុខ​ស្លូត​និង​អា​សុខ​កាច​ចំរើន​អាយុ​ធំ​ឡើង អា​សុខ​កាច​បបួល​អា​សុខ​ស្លូត​ថា «វ៉ី យើង​ចង់​នាំ​គ្នា​ទៅ​កាប់​ឫស្សី លួស​រនាប ត្បិត​ផ្ទះ​អា​សុខ​​ស្លូត​ឯង​ បាក់​ពុក​អស់​ហើយ » ។ អា​សុខ​ស្លូត​ថា « អញ​គ្មាន​ប្រដាប់​កាំបិត ឲ្យ​ជា​មុត​មាំ​ទេ ទាំង​អង្ករ ត្រី​សាច់ ថ្នាំ​ជក់​ក៏​គ្មាន​ផង ។ សព្វ​ថ្ងៃ​រក​បាន​ព្រឹក​ខ្វះ​ល្ងាច» ។ អា​សុខ​កាច​ថា «កុំ​បាច់​យក​ម្ហូប​ចំណី ថ្នាំ​ជក់ កាំបិត គ្រប់​ប្រដាប់​ទៅ​ឡើយ​ធានា​លើ​អញ​ទាំង​អស់ ឯង​មាន​តែ​ខ្លួន​ចុះ» ហើយ​ក៏​បណ្ដើរ​គ្នា​ទៅ​ដល់​ផ្ទះ​អា​សុខ​ស្លូត​ ហើយ​អា​សុខ​ស្លូត​ក៏​និយាយ​ប្រាប់​ជីដូន​​ថា «បង​សុខ គេ​បបួល​ខ្ញុំ​ទៅ​កាប់​ឫស្សី​លួស​រនាប​ប្រដាប់​ប្រដា អាហារ​ភោជន នៅ​លើ​គេ​ទាំងអស់ ខ្ញុំ​មាន​តែ​ខ្លួន​ទេ» ជីដូន​ឃាត់​ថា « ចៅ​កុំ​ទៅ ! ព្រៃ​ឫស្សី​នោះ​ស្ងាត់​ណាស់ » ។ អា​សុខ​ថា « មិន​អី​ទេ​យាយ ! ផ្ទះ​យាយ​បាក់​ពុក​អស់​ហើយ បាន​រនាប​មក​គ្រាន់​នឹង​ជួស​ជុល កុំ​ឲ្យ​ផុង​យាយ ! » ។ ឯ​យាយ​ផ្ដាំ​ថា « ចៅ​ទៅ ក៏​ទៅ​ចុះ តែ​ចៅ​មើល​ថែ​ទាំ​ប្អូន​ផង » ។ អា​សុខ​ស្លូត​អា​សុខ​កាច​វេច​បាយ​សំណុំ​គ្រប់​ប្រដាប់​សម្រាប់​កាប់​ឫស្សី លួស​រនាប ចេញ​ទាំង​ពីរ​នាក់​ទៅ ដល់​ព្រៃ​ឫស្សី​កាប់​បាន​ហើយ​លួស​រនាប ។ អា​សុខ​កាច​បាន​រនាប​តិច អា​សុខ​ស្លូត​បាន​រនាប​ច្រើន ហើយ​ឈប់​សម្រាក​ស៊ី​បាយ​ទាំង​ពីរ​នាក់ អង្គុយ​ទល់​មុខ​គ្នា, អា​សុខ​កាច​គិត​ថា «ជីវិត​អា​ឯង មុខ​ជា​ស្លាប់​នឹង​ដៃ​អញ​ឥឡូវ​នេះ » គិត​ហើយ​ក៏​ចាប់​យក​កាំបិត​បន្ទោះ​ចាក់​ចំ​ភ្នែក​អា​សុខ​ស្លូត​ដែល​កំពុង​ស៊ី​បាយ ។ អា​សុខ​ស្លូត​ស្រែក​យំ​ថា « ហេតុ​ដូចម្ដេច​ ក៏​មក​ចាក់​ខ្ញុំ ? ។ អា​សុខ​កាច​ឆ្លើយ​ថា « អា​ឯង​រក​របរ​របស់​ឯង​ ហើយ​មក​ស៊ី​បាយ​អញ​ទាំង​រនាប​ក៏​បាន​ច្រើន​ជាង​អញ​ទៀត » ។ អា​សុខ​ស្លូត​ឆ្លើយ​ថា « កាល​បង​ឯង​បបួល​ខ្ញុំ​មក​កាប់​ឫស្សី លួស​រនាប ខ្ញុំ​ប្រកែក​ថា​ខ្ញុំ​គ្មាន​អ្វី​ទេ បង​ឯង​ធានា​ថា បាយ​ម្ហូប​គ្រប់​ប្រដាប់​នៅ​លើ​បង​ឯង​ទាំងអស់​បាន​ជា​ខ្ញុំ​មក, ឥឡូវ​បង​ឯង​ចង់​យក​រនាប​ទាំងអស់ ក៏​យក​ចុះ​ កុំ​តែ​សម្លាប់​ខ្ញុំ » ។ អា​សុខ​កាច​ឆ្លើយ​ថា «អា​ឯង​នេះ​មាត់​រឹង​ណាស់ អា​ភាវនា​ទៅ » ។ ថា​ហើយ​អា​សុខ​កាច ក៏​ចាប់​កាំបិត​បន្ទោះ​ចាក់​ភ្នែក​អា​សុខ​ស្លូត​ម្ខាង​ទៀត ឈាម​បាញ់​ហូរ​ស្រក់​ជោក​មុខ ជោក​ដើម​ទ្រូង ខ្វាក់​ភ្នែក​ទាំងពីរ ឈឺ​ចាប់​ខ្លាំង​​ណា​ស្ដាយ​ជីវិត​ខ្លួន​​ណា​គិត​ដល់​ជីដូន​ចាស់​ជរា កំព្រា​នៅ​ផ្ទះ​តែ​ម្នាក់​ឯង ។
អា​សុខ​កាច​ថា «អា​ឯង​ទៅ ឲ្យ​ត្រី​វា​ស៊ី​ទៅ » ថា​ហើយ​ច្រាន​អា​សុខ​ស្លូត​ទៅ​ជិត​មាត់​ស្ទឹង​ ហើយ​ធាក់​ទម្លាក់​ទៅ​ក្នុង​ទឹក​ស្ទឹង​កំពុង​ហូរ ដោយ​គិត​ថា « អា​សុខ​ស្លូត​មុខ​ជា​ស្លាប់​ហើយ » ក៏​ប្រមូល​រនាប​ទាំងអស់ ចង​បាច់​វិល​មក​ផ្ទះ, ដាក់​រនាប​ហើយ​ហួស​ទៅ​និយាយ​ថ្លែង​កុហក​ប្រាប់​ជីដូន​អា​សុខ​ស្លូត​ថា « ចៅ​យាយ​ឯង​ខ្លា​ខាំ​ស្លាប់​ទៅ​ហើយ» ។
យាយ​ឮ​អា​សុខ​កាច​ប្រាប់​ថា ខ្លា​ខាំ​ចៅ​ស្លាប់ ក៏​ទួញ​យំ​សោក​បោក​ខ្លួន​ហៀប​នឹង​ក្ស័យ​ជីវិត ។ ឯ​អា​សុខ​កាច រីករាយ​សប្បាយ​ចិត្ត ហើយ​ក៏​ដើរ​លេង​ជិត ៗ ផ្ទះ​ដូច​ធម្មតា ដោយ​ចិត្ត​ក្លាហាន រក​តែ​រឿង​ឈ្លោះ​នឹង​គេ ។

ត​ពី​នេះ ដំណាល​ពី​អា​សុខ​ស្លូត គ្រា​ដែល​អា​សុខ​កាច ចាក់​ឆ្កៀល​ភ្នែក​ទាំង​ពីរ​ខាង​ហើយ​វា​ធាក់​ទម្លាក់​ទឹក​ស្ទឹង​កំពុង​ហូរ​ទៅ​នោះ អា​សុខ​ស្លូត ហែល​បណ្ដែត​ខ្លួន​តាម​ខ្សែ​ទឹក​ហូរ​ទៅ ក៏​ភាវនា​រក​ពុទ្ធោ ៗ ពុំ​ដាច់​ពី​មាត់ ។ គ្រា​នោះ​អ្នក​តា​មួយ មាន​មហិទ្ធិឫទ្ធិ​ខ្លាំង​ពូកែ​ណាស់ ដែល​មាន​អាស្រម នៅ​ក្នុង​ព្រៃ​រំលោង​ជិត​មាត់​ស្ទឹង​នោះ, អ្នកតា​មាន​ក្រពើ​ធំ​មួយ​ដេក​នៅ​ក្រោម​អាស្រម អាច​តំណែង​ជា​មនុស្ស​បាន ។ ដល់​ពេល​ឃ្លាន​អាហារ​ ក្រពើ​នោះ​ ក៏​វា​ចុះ​មក​ក្នុង​ស្ទឹង ស្វែង​រក​អាហារ វា​ហែល​ច្រាស​ទឹក, ហែល​ទៅ ៗ​ប្រទះ​នឹង​អា​សុខ​ស្លូត ដែល​កំពុង​ហែល​បណ្ដែត​ខ្លួន​តាម​ខ្សែ​ទឹក ក្រពើ​លាន់​មាត់​ថា «អៃយ៉ា លាភ​ធំ​ណាស់​តើ ! អញ​មក​រក​អាហារ​ថ្ងៃ​នេះ​ ប្រទះ​បាន​មនុស្ស​ស៊ី» ហើយ​ប្រឹង​ស្ទុះ​ហែល​ទៅ​ជិត​ឮ​មាត់​ថា​ពុទ្ធោ ៗ​ក៏​សង្ស័យ​ក្នុង​ចិត្ត មើល​ទៅ​ភ្នែក​ទាំង​ពីរ ឃើញ​ធ្លុះ​រក​ប្រស្រី​គ្មាន, ក្រពើ​គិត​ថា «គួរ​អញ​យក​ទៅ​ថ្វាយ​លោក​តា​អញ ៗ​ កុំ​ស៊ី​មនុស្ស​នេះ » ហើយ​ក៏​មុជ​កៀង​អា​សុខ​ស្លូត​ឲ្យ​នៅ​ពី​លើ​ខ្នង ហែល​ត្រឡប់​មក​ដល់​អាស្រម​វិញ ហើយ​តំណែង​ខ្លួន​ជា​មនុស្ស ដឹក​ដៃ នាំ​ខ្លួន​អា​សុខ​ស្លូត​ទៅ​ថ្វាយ​អ្នកតា ៗ​សួរ, អា​សុខ​ស្លូត​នោះ​ក៏​ថ្វាយ​បង្គំ​រាយ​រឿង​តាម​ដំណើរ​គ្រប់​ប្រការ, អ្នកតា​ស្ដាប់​សព្វ​គ្រប់​ហើយ​មាន​ចិត្ត​មេត្តា​អា​សុខ​ស្លូត​នោះ​ពន់​ពេក លោក​ថា «ឱ ! អា​សុខ​កាច​អើយ ចិត្ត​អី​អាក្រក់​ម្ល៉េះ ?ណ្ហើយ ! ចៅ​សុខ​ស្លូត​ឯង​កុំ​ភ័យ សឹម​តា​ជួយ​សង្គ្រោះ​ឲ្យ​ចៅ​រស់​ជីវិត ភ្នែក​ក៏​ឲ្យ​ភ្លឺ​ដូច​ដើម​បាន​ទៅ​ជួប​នឹង​ជីដូន​ឯ​ផ្ទះ​វិញ» ថា​ហើយ​ក៏​ផ្សំ​ថ្នាំ​ដាក់​ភ្នែក សូត្រ​ទិព្វ​មន្ត​ផ្លុំ​ភ្នែក​ឲ្យ, ចៅ​សុខ​ស្លូត​នោះ ក៏​បាន​ភ្លឺ​ភ្នែក​ដូច​ដើម ទើប​អ្នកតា​ក្ដាប់​ដី​ខ្សាច់​មួយ​ដៃ សែក​ទិព្វ​មន្ត​ផ្លុំ​ដី​ខ្សាច់​ដាក់​ដៃ​ឲ្យ​ចៅ​សុខ ផ្ដាំ​ថា «ចៅ ! ចូរ​ឯង​ក្ដាប់​ឲ្យ​ជាប់​កុំ​លា​ដៃ បើ​ទៅ​ដល់​ផ្ទះ​ចៅ ៗ​ប្រាប់​ជីដូន​ឲ្យ​ក្រាល​កន្ទេល​ក្នុង​ផ្ទះ​ហើយ​សឹម​ចៅ​ដាក់​ដី​ខ្សាច់​នេះ​ទៅ​លើ​កន្ទេល » អ្នកតា​ផ្ដាំ​ហើយ ហោ​ក្រពើ​មក​ឲ្យ​ចៅ​សុខ​ស្លូត​ជិះ​លើ​ខ្នង ហែល​តាម​ស្ទឹង​ទៅ ។ បាន​ទៅ​ដល់​កន្លែង​ដែល​អា​សុខ​កាច​ធាក់​ទម្លាក់​ក្នុង​ទឹក​នោះ ចៅ​សុខ​ ឃើញ​ព្រៃ​ឫស្សី​ដែល​កាប់​លួស​រនាប​ក៏​ចាំ​ជាក់, ក្រពើ​ដាក់​ចៅ​សុខ​ឲ្យ​ឡើង​លើ​គោក, ចៅ​សុខ​ក៏​លា​ក្រពើ​ដើរ​ដរាប​ទៅ​ដល់​ផ្ទះ, ហើយ​ចូល​ទៅ​យំ​សំពះ​ជីដូន ៗ​ ឃើញ​ចៅ​ហើយ ស្ទុះ​មក​យំ​ខ្សឹកខ្សួល​ និយាយ​ប្រាប់​ចៅ​ថា « គេ​ប្រាប់​យាយ​ថា ខ្លា​ខាំ​ចៅ​ស្លាប់​ទៅ​ហើយ ម្ចាស់​ជីវិត​អើយ ! ជីដូន​យំ​សោក​បោក​ខ្លួន​អា​សូរ​ចៅ ហៀប​នឹង​ក្ស័យ​ជីវិត, ចៅ​មិន​ស្លាប់ ជីដូន​អរ​ណាស់ រក​អ្វី​មក​ប្រៀប​ផ្ទឹម​ពុំ​បាន» ។
ឯ​ចៅ​សុខ​និយាយ​ប្រាប់​ជីដូន តាំង​ពី​ទៅ​កាប់​ឫស្សី លួស​រនាប ត្រូវ​អា​សុខ​កាច វា​ចាក់​ភ្នែក​ធាក់​ទម្លាក់​ទឹក ហើយ​បាន​ក្រពើ​នាំ​ទៅ​ថ្វាយ​អ្នកតា, លុះ​រៀប​រាប់​រឿង​ប្រាប់​ជីដូន​គ្រប់​ប្រការ ជីដូន​រឹង​រឹត​តែ​អាណិត​ចៅ​ពេក ហើយ​វា​ប្រាប់​ជីដូន​ថា «យាយ ! ក្រាល​កន្ទេល​ក្នុង​ផ្ទះ​ទៅ » ជីដូន​ក្រាល​តាម​ពាក្យ​ចៅ ៗ​សុខ​ស្លូត​ក៏​លា​ដៃ ដាក់​ដី​ខ្សាច់​លើ​កន្ទេល កើត​ជា​ប្រាក់​គរ​ក្នុង​ផ្ទះ អរ​ណាស់ តែ​ពីរ​នាក់​ជីដូន​និង​ចៅ បាន​ចាត់​ចែង​ទិញ​សំលៀក​បំពាក់​គ្រប់​ប្រដាប់​ប្រើ​ប្រាស់ សង់​ផ្ទះ​ថ្មី ល្បី​មាន​ដាច់​គេ​ក្នុង​ភូមិ​នោះ ។
ឯ​អា​សុខ​កាច ឃើញ​អា​សុខ​ស្លូត ក៏​នឹក​ឆ្ងល់​ក្នុង​ចិត្ត​ថា «អញ​ចាក់​ភ្នែក​វា​ទាំង​ពីរ​ខាង​​ធាក់​ទម្លាក់​ទឹក ស្មាន​ថា​វា​ស្លាប់ ឥឡូវ​វា​រស់​ឡើង​វិញ ភ្នែក​ក៏​ភ្លឺ​ដូច​ដើម មាន​ទាំង​សម្បត្តិ​សម្បូរណ៍​ប្រើប្រាស់ គ្មាន​ខ្វះ​អ្វី ប្លែក​អំពី​ដើម » ។ លុះ​ដល់​វេលា​ស្ងាត់​មួយ វា​បាន​ជួប​នឹង​អា​សុខ​ស្លូត ក៏​សួរ​ថា «កាល​ឯង​និង​អញ​ទៅ​កាប់​ឫស្សី​លួស​រនាប​នោះ បិសាច​មក​បណ្ដាល​ចិត្ត​អញ ឲ្យ​ចាក់​ភ្នែក​ទាំង​ពីរ​ខាង​ធាក់​ទម្លាក់​ទៅ​ក្នុង​ទឹក​ស្ទឹង អញ​ស្មាន​ថា​ឯង​ស្លាប់ ហេតុ​ម្ដេច ក៏​ឯង​រស់​ឡើង​វិញ ហើយ​មាន​ទាំង​ទ្រព្យ​ច្រើន​ជាង​គេ​ផង » ។ អា​សុខ​ស្លូត​ឆ្លើយ​ថា « បាន​គុណ​បង កុំ​អី​ខ្ញុំ​ក្រីក្រ​លំបាក​តោកយ៉ាក ដូច​បង​ឯង​ដឹង​ស្រាប់» ។ ហើយ​និយាយ​ប្រាប់​អា​សុខ​កាច​តាម​ត្រង់​ថា « កាល​ដែល​បង​ចាក់​ភ្នែក​ខ្ញុំ​ទាំង​ពីរ​ខាង​ធាក់​ទម្លាក់​ក្នុង​ស្ទឹង​ទៅ​នោះ ខ្ញុំ​ភាវនា​រក​តែ​ពុទ្ធោ ៗ ក៏​បាន​ជួប​នឹង​ក្រពើ ៗ នាំ​ទៅ​ថ្វាយ​អ្នកតា ៗ ជប់​ភ្នែក​ជប់​ដី​ខ្សាច់​ឲ្យ​ខ្ញុំ, លុះ​ខ្ញុំ​មក​ដល់​ផ្ទះ​ដាក់​ដី​ខ្សាច់ កើត​ជា​ប្រាក់​មាស បាន​ជា​ខ្ញុំ​មាន​សព្វ​ថ្ងៃ​នេះ » ។
អា​សុខ​កាច ឮ​អា​សុខ​ស្លូត រាយ​រឿង​ដូច្នោះ ក៏​បណ្ដាល​ចិត្ត​លោភលន់​ពន់​ប្រមាណ​គិត​ថា «អញ​នឹង​ធ្វើ​ឲ្យ​បាន​ដូច​អា​សុខ​ស្លូត » ថ្ងៃ​ក្រោយ​ជួប​នឹង​អា​សុខ​ស្លូត ក៏​និយាយ​ថា «អា​សម្លាញ់​អើយ ! អញ​ចង់​ទៅ​កាប់​ឫស្សី លួស​រនាប​នៅ​ព្រៃ​ដែល​យើង​ទៅ​កាប់​ត្រង់​កន្លែង​មុន​នោះ , ឯ​បាយ​ទឹក​អាហារ​ភោជន ថ្នាំ​ជក់ កាំបិត​តូច​ធំ ប្រដាប់​កាប់​ឫស្សី លួស​រនាប ស្រេច​នៅ​លើ​អញ​ទាំងអស់ ឯង​មាន​តែ​ខ្លួន​ទៅ​បាន​ហើយ » ។ អា​សុខ​ស្លូត​ថា «ក្រែង​សម្លាប់​អញ​ទៀត » ។ អា​សុខ​កាច​ថា «មុន​នោះ​ខ្មោច​កំរោល​វា​ចូល​ឲ្យ​អញ​ងងឹត​មុខ អញ​ចាក់​ឯង ដោយ​មិន​ដឹង​ខ្លួន​សោះ ឯង​កុំ​ប្រកាន់​ខឹង​នឹង​អញ » ។ អា​សុខ​ស្លូត​ថា «ចាំ​ខ្ញុំ​ជូន​ទៅ ត្បិត​បង​សុខ​ឯង មាន​គុណ​លើ​ខ្ញុំ​ច្រើន​ខ្ញុំ​មាន​សម្បត្តិ​ទ្រព្យ​ក៏​ព្រោះ​បង » ។ លុះ​ព្រឹក​ឡើង អា​សុខ​កាច ស្ពាយ​បាយ​សំណុំ មាន​គ្រប់​ប្រដាប់​ដូច​មុន ហើយ​បណ្ដើរ​គ្នា​ដល់​ព្រៃ​ឫស្សី, លុះ​កាប់​បាន ពុះ​លួស​រនាប​ហើយ នាំ​គ្នា​អង្គុយ​ស៊ី​បាយ ។ អា​សុខ​កាច​ហុច​កាំបិត​បន្ទោះ​ទៅ​អា​សុខ​ស្លូត ប្រាប់​ថា « ឯង​ចាក់​ភ្នែក​អញ​ម្ខាង​ទៅ » អា​សុខ​ស្លូត​ប្រកែក​ពុំ​ព្រម​ចាក់ ។ អា​សុខ​កាច​ថា « ជើ ! ចាក់​មក ៗ, ហ៊ី ! ម្ដេច​មិន​អាណិត​គ្នា​ផង​សោះ » ។ អា​សុខ​ស្លូត​ក៏​ចាក់​ឆ្កៀល​ដូច​គេ​ឆ្កៀល​ក្រសាំង ឲ្យ​ខ្វាក់​ភ្នែក​ម្ខាង​ទៅ ។ អា​សុខ​កាច​ឈឺ​ពើត​ខ្លាំង​ណាស់ តែ​ចិត្ត​ចង់​ប្រញាប់​ឲ្យ​បាន​ប្រាក់ ដូច​អា​សុខ​ស្លូត ក៏​ឲ្យ​អា​សុខ​ស្លូត​ចាក់​ភ្នែក​ម្ខាង​ទៀត ហើយ​បង្គាប់​ឲ្យ​អា​សុខ​ស្លូត​ច្រាន​ទៅ​ជិត​មាត់​ស្ទឹង ទាំង​បង្គាប់​ឲ្យ​ធាក់​ផង ។ អា​សុខ​ស្លូត​ក៏​ធាក់​ទម្លាក់​ក្នុង​ទឹក​ស្ទឹង ។ អា​សុខ​កាច​សួរ​ថា «កាល​ដែល​អញ​ចាក់​ឯង​មុន​នោះ ឯង​ធ្វើ​ម្ដេច​ខ្លះ ? » ។ អា​សុខ​ស្លូត​ថា «អញ​រក​តែ​ពុទ្ធោ​ជាប់​នៅ​មាត់ » ។ អា​សុខ​កាច​ប្រឹង​ស្រែក​រក​តែ​ពុទ្ធោ​មិន​ឈប ឮ​រំពង​ព្រៃ​មាត់​ស្ទឹង​ទន្ទឹង​រក​ក្រពើ​ក៏​ពុំ​ជួប​សោះ ណា​មួយ​វា​ឈឺ​ចាប់​ ហែល​បណ្ដែត​ខ្លួន​យូរ​បន្តិច​ទៅ​អស់​កម្លាំង ឈ្លក់​ទឹក​ស្លាប់​ទៅ​ ហើម​រលួយ​រលេះ ត្រី​ស៊ី​នៅ​តែ​លលាដ៍​ក្បាល ។ ខ្មោច​អា​សុខ​កាច​ក៏​អណ្ដែត​តាម​ខ្សែ​ទក​ លង​គេ​ឮ​តែ​ពុទ្ធោ ៗ ដរាប​ដល់​កំពង់​ទឹក​មហា​សេដ្ឋី ។ វេលា​នោះ​កូន​ក្រមុំ​មហា​សេដ្ឋី នាំ​ខ្ញុំ​ប្រុស​ស្រី​ចុះ​ទៅ​ងូត​ទឹក​កំពង់, កំពុង​តែ​កញ្ជ្រោក​ទឹក​លេង​សប្បាយ ស្រាប់​តែ​ឃើញ​លលាដ៍​ក្បាល​អា​សុខ​កាច​នោះ​អណ្ដែត​មក​ជិត លង​ស្រែក​ថា « ពុទ្ធោ ៗ ! » ។ កូន​ក្រមុំ​មហា​សេដ្ឋី ឈប់​លេង​ទាំង​អស់​គ្នា​នឹក​សង្ស័យ ក៏​ប្រើ​ខ្ញុំ​ប្រុស​ម្នាក់​ឲ្យ​ទៅ​ស្រង់​យក​លលាដ៍​ក្បាល​ខ្មោច​នោះ មក​ដាក់​លើ​គោក​នៅ​មាត់​កំពង់​នោះ, លលាដ៍​ក្បាល​ខ្មោច​នោះ វា​មិន​បាត់​ស្ងាត់​សោះ ចេះ​តែ​លង​គេ​រក​តែ​ពុទ្ធោ ៗ ។
កូន​ក្រមុំ​មហា​សេដ្ឋី ក៏​នាំ​ខ្ញុំ​ប្រុស​ស្រី​ឡើង​ពី​ងូត​ទឹក​មក ប្រើ​ឲ្យ​ខ្ញុំ​ប្រុស​កាន់​យក​ក្បាល​ខ្មោច​អា​សុខ​កាច​នោះ​មក​ផ្ទះ ហើយ​នាង​ជម្រាប​មហា​សេដ្ឋី​ជា​ឪពុក​នាង​ថា « លោក​ឪពុក ! ខ្ញុំ​រើស​លលាដ៍​ក្បាល​ខ្មោច​មួយ​អណ្ដែត​ទឹក​នៅ​កំពង់​យើង វា​លង​ស្រែក​រក​ពុទ្ធោ ៗ» ។ សេដ្ឋី​ជា​មាតា​បិតា​ស្ដាប់​ហើយ ក៏​ស្ទុះ​មក​មើល ឃើញ​ក្បាល​ខ្មោច​នោះ​កំពុង​ស្រែក​រក​ពុទ្ធោ ៗ មែន​អស្ចារ្យ​ណាស់ ក៏​ឲ្យ​លាង​ដុស​ខាត់​ដាក់​លើ​តោក លលាដ​ក្បាល​នោះ ក៏​នៅ​តែ​ស្រែក​រក​ពុទ្ធោ ៗ​ជា​និច្ច គ្មាន​ឈប់ ។
ព្រឹក​ៗ សេដ្ឋី​នោះ​តែង​ទៅ​គាល់​ព្រះ​មហាក្សត្រ នៅ​ទី​ចុង​ព្រះ​រាជ​រោង​ជួប​ជុំ​អស់​មន្ត្រី​ចតុស្តម្ភ​រាល់​ពេល​ពុំ​ដែល​ខាន ។ សេដ្ឋី​ជម្រាប​អស់​លោក​ថា « ខ្ញុំ​បាន​លលាដ៍​ក្បាល​ខ្មោច​មួយ ចេះ​ស្រែក​រក​ពុទ្ធោ ៗ​ជា​និច្ច» ។ អស់​លោក​ចតុស្តម្ភ​ស្ដាប់​ហើយ​ឆ្លើយ​ថា «សេដ្ឋី​កុហក​ទេ មិន​ដែល​មាន​លលាដ៍​ក្បាល​ខ្មោច​ណា ចេះ​ស្រែក​រក​ពុទ្ធោ​ទេ យើង​មិន​ជឿ​ឡើយ» ។ សេដ្ឋី​ថា « ពិត​ប្រាកដ​ណាស់ បើ​អស់​លោក​មិន​ជឿ​ខ្ញុំ ៗ​ ហ៊ាន​ភ្នាល់​ដោយ​មាស​មួយ​រយ​តម្លឹង» ។ អស់​លោក​ចតុស្តម្ភ​ទាំង​៤​ថា «យើង​ហ៊ាន​ភ្នាល់» ។ ហើយ​ធ្វើ​សំបុត្រ​ចុះ​កិច្ច​សន្យា ។ សេដ្ឋី​ទៅ​ដល់​ផ្ទះ ឮ​លលាដ៍​ក្បាល​ខ្មោច​ស្រែក​រក​ពុទ្ធោ​កោកៗ​នឹក​ថា « អស់​លោក​មុខ​ជា​ចាញ់​អញ​ហើយ » សេដ្ឋី​យក​មាស​មួយ​រយ​តម្លឹង​ឲ្យ​កូន​ក្មួយ​កាន់​តោក​ដែល​ដាក់​លលាដ៍​ក្បាល​ខ្មោច​នោះ​យ៉ាង​រហ័ស​ទៅ លុះ​ចូល​ទៅ​ដល់​ទ្វារ​កំពែង​ខាង​ក្រៅ លលាដ៍​ក្បាល​ខ្មោច​បាត់​សំឡេង​ឈឹង ពុំ​ឮ​ស្រែក​រក​ពុទ្ធោ​សោះ, កាល​ចូល​ដល់​ចុង​ព្រះ​រាជ​រោង ដាក់​លលាដ៍​ក្បាល​ខ្មោច​ចំពោះ​មុខ​អស់​លោក​ចតុស្តម្ភ​ទាំង​៤​នោះ​ហើយ សេដ្ឋី​បង្គាប់​ថា «ចាំ​អី​ទៀត​ក៏​មិន​ស្រែក​រក​ពុទ្ធោ​ៗ​ទៅ» ។ លលាដ៍​ក្បាល​ខ្មោច​បាត់​សូន្យ​ឈឹង មិន​ឮ​រក​ពុទ្ធោ​សោះ ។ មហា​សេដ្ឋី​ចាញ់​ក៏​ជូន​មាស​មួយ​រយ​តម្លឹង​ទៅ​អស់​លោក, ឯ​អស់​លោក​ចំអក​ថា « សេដ្ឋី​យក​ក្បាល​ខ្មោច​មក​វា​រក​ពុទ្ធោ​ថ្លង់​យើង​រាល់​គ្នា » ហើយ​ទះ​ដៃ​សើច​លាន់​នៅ​ទី​ព្រះ​រាជ​រោង ។ សេដ្ឋី​ខឹង​នឹង​ក្បាល​ខ្មោច​ណាស់ លា​អស់​លោក​ចេញ​មក​ក្រៅ​ដល់​កំពែង ស្រាប់​តែ​លលាដ៍​ក្បាល​ខ្មោច​ស្រែក​ថា​ពុទ្ធោ ៗ ។ សេដ្ឋី​រឹត​តែ​ខឹង​ណាស់, ដល់​ផ្ទះ​ប្រើ​បាវ​ឲ្យ​យក​ពូថៅ នាំ​យក​លលាដ៍​ក្បាល​ខ្មោច​ទៅ​សំពង​ចោល​ឯ​កំពង់​ទឹក ។ បាវ​យក​ទៅ​មិន​សំពង​ឲ្យ​ល្អិត ត្រឡប់​ជា​បោះ​លលាដ៍​ខ្មោច​ទាំង​មូល​ចោល​ទៅ​ក្នុង​ទឹក ។ ឯ​លលាដ៍​ក្បាល​ខ្មោច​អា​សុខ​កាច​នោះ អណ្ដែត​តាម​ទឹក​ស្ទឹង ហូរ​រសាត់​ទៅ​ក្រោម វា​លង​រក​ពុទ្ធោ ៗ​រៀង​ទៅ​ដល់​កំពង់​វត្ត ។ វេលា​នោះ​លោក​សង្ឃ​និមន្ត​ទៅ​ស្រង់​ទឹក បាន​ឃើញ​លលាដ៍​ក្បាល​ខ្មោច​លង​រក​ពុទ្ធោ ៗ, លោក​ក៏​ស្រង់​យក​ទៅ​កុដិ និមន្ត​លោក​សង្ឃ​ផង​គ្នា​បង្សុកូល រួច​ដុត​ក្បាល​ខ្មោច​នោះ​សុស ហើយ​លោក​ពិចារណា​ថា «គួរ​យក​កម្ទេច​ឆ្អឹង​នេះ លាយ​នឹង​ម្រ័ក្សណ៍ ខ្មុក​សសរ​ព្រះ​វិហារ បញ្ជូន​ផល​ឲ្យ​បាន​ដល់​អ្នក​ដែល​ស្លាប់ ហើយ​លោក​ក៏​យក​ខ្មុក​លាប​តាម​សព្វ​ព្រះទ័យ​លោក​ទៅ, សល់​បន្តិច​បន្តួច យក​ទៅ​លាប​លន​រទេះ​លោក, កាល​ដែល​ម្រ័ក្សណ៍​ខ្មុក​រទេះ​នោះ​ស្ងួត​ហើយ លោក​ភ្នក​ព្រះទ័យ​ចង់​ទឹម​រទេះ​បរ​ទៅ​សួរ​ញាតិ​ញោម, លោក​ក៏​ឲ្យ​សិស្ស​ដឹក​គោ​មក​ទឹម​រទេះ​ឡើង​គង់ បរ​ចេញ​ពី​កុដិ​ទៅ ។ វេលា​ស្ងាត់​ពី​មនុស្ស​រទេះ​នោះ​លាន់​ភ្លៅ​នឹង​ដុំ​សង្កៀត​គ្នា, ដូច​រទេះ​ធម្មតា តែ​ដល់​ជួប​នឹង​ឧបាសក​ឧបាសិកា រទេះ​នោះ​លាន់​ឮ​ដូច​លោក​ជេរ​បញ្ចោរ​គេ​ថា «មេ​ចោរ ៗ » ញាប់ញិញ ។ ឧបាសក​ឧបាសិកា​ឮ​ខឹង​នឹង​លោក ព្រោះ​ថា​លោក​ជេរ​បញ្ចោរ​ប្រពន្ធ​កូន​គេ ក៏​ដៀល​ត្មះ​ជា​ពាក្យ​ទម្ងន់ ៗ, លោក​ប្រកែក​ដូចម្ដេច ក៏​ពុំ​ស្ដាប់​រឹត​តែ​ប្រមាថ​លោក ឥត​កោត​ញញើត, លោក​បរ​ហួស​ទៅ​ទៀត ជួប​នឹង​នាហ្មឺន​គេ​កំពុង​ដើរ មាន​គ្នា​ច្រើន, ឯ​រទេះ​លាន់​ឮ​ទៀត ដូច​ជា​លោក​ជេរ​ម្ដាយ​នាហ្មឺន​ទាំង​នោះ​ថា «ចោរ​ម្ដាយ​នាហ្មឺន » នាហ្មឺន​ខឹង​នឹង​លោក ក៏​នាំ​គ្នា​ដេញ​វាយ​លោក ៗ​ ភ័យ​វាយ​គោ​បំបោល​រួច​ទៅ ។
លោក​នេះ គិត​ថា « ពី​ដើម​រទេះ​អញ បរ​មក​មិន​ដែល​ឮ​សូរ​ជេរ​បញ្ចោរ​គេ​ទេ, រឿង​នេះ ឃើញ​តែ​កម្ទេច​ឆ្អឹង​ក្បាល​ខ្មោច​ដែល​ខ្មុក​បិទ​សសរ​ព្រះ​វិហារ សល់​ពី​នេះ​អញ​យក​មក​លាប​លន​រទេះ​នេះ » ។ លុះ​ត្រឡប់​មក​ពី​សួរ​ញាតិ​ញោម មក​ដល់​វត្ត​វិញ លោក​កាប់​រទេះ​ដុត​នៅ​កន្លែង​ដែល​ដុត​លលាដ៍​ក្បាល​ខ្មោច​អា​សុខ​កាច ឆេះ​ជា​ផេះ, កន្លែង​នោះ​ដោយ​មាន​ជាតិ​អា​សុខ​កាច ក៏​ដុះ​កើត​ជា​ស្មៅ​កន្ត្រើយ ដែល​ជាប់​សំពត់​ខោ​មនុស្ស​សព្វ​ថ្ងៃ​នេះ​ឯង ៕
(ចិត្ត​មិន​អប់រំ នាំឲ្យវិនាស)
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print