ខេត្តកំពង់ស្ពឺ÷កម្លាំងកងរាជអាវុធហត្ថស្រុក ថ្ពងសហការជាមួយនិងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស
បានបង្រ្កាបគោយន្តកន្ត្រៃមួយគ្រឿងដឹកឈើក្រហមជាប្រភេទឃ្នាបខុសច្បាប់ រួចប្រគល់ឈើទាំងនោះឲ្យនាយសង្កាត់រដ្ឋបាលព្រៃឈើអូរទេះភ្លូក ដើម្បីចាត់ការតាមនីតិវិធីច្បាប់របស់រដ្ឋបាលព្រៃឈើ។
ក្នុងករណីនេះម្ចាស់គោយន្តកន្ត្រៃមិនព្រមសហការជាមួយកងកម្លាំងទេបែរជាបើកគោយន្តកន្ត្រៃដើម្បីរត់គេចតែដោយសារកងកម្លាំងមានគ្នាច្រើនទើបឈានដល់ការបង្ក្រាបបាន។
តាមការឲ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថស្រុកថ្ពងថាការបង្ក្រាបគោយន្តកន្ត្រៃដឹកឈើខាងលើនេះ ធ្វើឡើងបន្ទាប់ពីក្រុមឈ្មួញបានដឹកជញ្ជូនឈើទាំងនេះដោយគ្មានច្បាប់អនុញ្ញាតប្រុងយកទៅលក់បន្ត។ ក្រោយពីទទួលបានព័ត៌មានភ្លាមៗ កម្លាំងកងរាជអាវុធហត្ថស្រុកថ្ពង បានសហការជាមួយកងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសធ្វើការបង្ក្រាបបានតែម្តង ខណ:ម្ចាស់គោយន្តបើកគេចសមត្ថកិច្ចហើយក្រោយមកបានរត់គេចខ្លួនបាត់ស្រមោលតែម្តង។
យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថស្រុកថ្ពងបញ្ជាក់ថាករណីបង្ក្រាបបទល្មើសខាងលើនេះធ្វើឡើងនៅវេលាម៉ោង១៨និង៣០នាទីព្រលប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយកម្លាំងកងរាជអាវុធហត្ថស្រុកថ្ពងចំនួន០៤នាក់និង រថយន្ត០១គ្រឿងដឹកនាំដោយលោកអនុសេនីយឯក ធី សុវណ្ណ បានសហការជាមួយកម្លាំងអ .ហលើផ្ទៃប្រទេសចំនួនពីរនាក់បានចុះបង្ក្រាបគោយន្តកន្ត្រៃ១គ្រឿងលើផ្លូវជាតិលេខ៤៤ចន្លោះគីឡូម៉ែត្រលេខ 91-92 ស្ថិតក្នុងភូមិថ្មគប់ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ក្រោយបង្ក្រាបដកហូតវត្ថុតាងបាន គោយន្ត០១គ្រឿង និងឈើក្រហមចំនួន៧២សន្លឹកស្មើនិង៣,០២៤ម៉ែត្រគូប។
វត្ថុតាងទាំងអស់ត្រូវបានធ្វើកំណត់ហេតុប្រគល់ឲ្យនាយ សង្កាត់រដ្ឋបាលព្រៃឈើអូរទេះភ្លូកស្រុកថ្ពង ដើម្បីកសាងសំណុំរឿងតាមនិតិវិធីបន្ត ៕
ដោយ÷ប្រាថ្នា