លោក ហ៊ុន ម៉ាណែតនាំយកពូជស្រូវចែកជូនប្រជាពលរដ្ឋ ៦៦៥០គ្រួសារ ដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជួបសំណេះសំណាល និងនាំយកពូជស្រូវចែកជូនប្រជាពលរដ្ឋ ៦៦៥០គ្រួសារដែលរងផល ប៉ះពាល់ដោយទឹកជំនន់នៅខេត្តកំពង់ធំ ដើម្បីស្តារផលិតកម្មស្បៀងឡើងវិញ ក្រោយពេលទឹកស្រកនៅពហុកីឡដ្ឋានខេត្ត ភូមិរូង ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែនឹករលឹក និងចាត់ទុកសុខទុក្ខប្រជាពលរដ្ឋជាសុខទុក្ខ របស់សម្តេច។

លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ បានយកចិត្តទុកដាក់បំផុត ហើយសម្រាប់គ្រោះទឹកជំនន់នៅឆ្នាំ២០២០នេះ សម្តេចបានយកចិត្តទុកដាក់លើការជួយសង្គ្រោះ អាយុជីវិតរបស់បងប្អូន ប្រជាពលរដ្ឋ និងផ្តល់គ្រាប់ពូជស្រោចស្រង់ដាំដុះបង្កបង្កើនផលឡើងវិញ ឲ្យទាន់ពេលវេលាដើម្បីជួយទ្រទ្រង់ជីវភាពបង្កើនសុវត្ថិភាពស្បៀងអាហារឡើងវិញ។

លោកបន្តថា ការផ្តល់ជូននេះគឺជាគោលការណ៍របស់សម្តេចតេជោធ្វើយ៉ាងណាឲ្យទៅដល់ដៃប្រជាពលរដ្ឋដែលជាជនរងគ្រោះ ពិតប្រាកដ និងត្រូវការជាចាំបាច់គ្រាប់ពូជទាំងអស់នេះ យកទៅបង្កបង្កើនផលឡើងវិញបានទាន់ពេលវេលា។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត បានជម្រាបជូនប្រជាពលរដ្ឋអំពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា និងនៅលើពិភពលោក ដោយលោកមានការជឿជាក់ថា រដ្ឋបាលមូលដ្ឋាន និងប្រជាពលរដ្ឋ នឹងបង្កើនការប្រុងប្រយ័ត្ន ហើយអនុត្តវិធានការនានាតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានជាប់ជានិច្ច។

លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានធ្វើរបាយការណ៍ថា រដូវវស្សាឆ្នាំនេះ ពីដើមរដូវមកមានភ្លៀងខ្លាំងល្អ ធ្វើឲ្យការបង្កបង្កើនផលអនុវត្តសរុបបានទូទាំងខេត្តចំនួន ២២៣៧៨៥ហិកតាស្មើនឹង ១០៤.៩៣% នៃផែនការប៉ុន្តែមកដល់ខែតុលា មានភ្លៀងធ្លាក់ជាប់គ្នាបង្កជាទឹកជំនន់ទឹកភ្លៀងនៅស្ទឹងស្ទោង ស្ទឹងសែន និងស្ទឹងជីនិត ធ្វើឲ្យខេត្តកំពង់ធំរងនៅការប៉ះពាល់ដល់ដំណាំស្រូវ លើផ្ទៃដីសរុបចំនួន ១៨.៨៥០ហិកតា និងខូចខាតទាំងស្រុងចំនួន ១០.៣៣៥ហិកតាស្មើនឹង ១២៣៦៥គ្រួសារ និងដំណាំបន្លែរួមផ្សំលើផ្ទៃដី៣៤២ហិកតា។

លោកថា គ្រួសារដាំដំណាំស្រូវដែលអាចស្ដារឡើងវិញ ដោយមានប្រភពទឹកស្រោចស្រពចំនួន ៧.៣៩៤ហិកតាស្មើនឹង ៦.៦៥០គ្រួសារ និងអាចធ្វើការស្ដារឡើងវិញបាន ក្នុងខែវិច្ឆិកានេះ និងគ្រួសារមានប្រភពទឹកអាចធ្វើការដាំដុះបន្លែបានចំនួន ៨.៣៨៤ហ្នឹង អាចដាំដុះចាប់ពីខែធ្នូ ២០២០បាន។

លោកបានបន្តទៀតថា ខេត្តកំពង់ធំបានធ្វើឱ្យប៉ះពាល់លំនៅឋានប្រជាពលរដ្ឋ ១១៦៩៥ខ្នង និងបណ្ដាលឱ្យស្លាប់មនុស្ស ៨នាក់ និងរងការខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើនរួមមាន៖ ផ្លូវកៅស៊ូ៩.៧០០ម ផ្លូវគ្រួសក្រហម ៥.៣៨៥០ម លូ៩កន្លែង និងស្ពាន៣កន្លែង។

ជាមួយគ្នានេះដែរ អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋ បានសម្តែងនូវក្តីសប្បាយរីករាយដែលសម្តេចបានយកចិត្តទុកដាក់នៅពេលប្រជាពលរដ្ឋជួបការលំបាក៕

       

...

ដោយ៖សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print