រដ្ឋបាលរាជធានីភ្នំពេញកំពុងស្តារប្រឡាយអូរខ្សាច់ប្រវែង១៨គីឡូម៉ែត្រ ដើម្បីរំដោះទឹកកុំឲ្យលិចលង់នៅផ្លូវជាតិលេខ៤និងនៅមុខអាកាសយានដ្ឋានអន្ដរជាតិ ភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញកំពុងជីកស្តារប្រឡាយអូរខ្សាច់ ដែលមានប្រវែង១៨គីឡូម៉ែត្រចេញពីឃុំបែកចាន ក្នុងស្រុកអង្គស្នួលខេត្តកណ្ដាល ឆ្លងមកសង្កាត់កំបូល, សង្កាត់ឪឡោក,សង្កាត់ស្នោ ខណ្ឌកំបូល ហើយបន្តហូរចូលទៅក្នុងបឹងតាមោក ដើម្បីរំដោះទឹកកុំឲ្យលិចលង់នៅផ្លូវជាតិលេខ៤និងនៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។
លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធន ធានទឹក និងឧតុនិយម រាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២០នេះថា៖ ប្រឡាយអូរខ្សាច់មានប្រវែង១៨គីឡូម៉ែត្រ ដោយចាប់ផ្តើមពីឃុំបែកចាន ក្នុងស្រុកអង្គស្នួលខេត្តកណ្ដាល បន្តមកសង្កាត់កំបូល,សង្កាត់ឪឡោក,សង្កាត់ស្នោ ខណ្ឌកំបូល ហើយបន្តហូរចូលទៅក្នុងបឹងតាមោកតែម្ដង។
លោកក៏បានបញ្ជាក់ថា ប្រឡាយអូរខ្សាច់ពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកតាមបណ្ដោយផ្លូវជាតិលេខ៤ ពោលគឺទឹកដែលបានធ្លាក់មកពីខេត្តកំពង់ស្ពឺតាមអមផ្លូវជាតិលេខ៤ដល់ចំណុចឃុំបែកចាន ស្រុកអង្គស្នួលខាងលើ ប្រឡាយនេះបានបង្វែរផ្លូវទឹកទៅរកបឹងតាមោកតែម្ដង ដែលធ្វើឱ្យកាត់បន្ថយនូវបរិមាណទឹកដែលត្រូវហូរចូលរាជធានី ដែលធ្លាប់តែធ្វើឱ្យលិចលង់ នៅមុខអាកាសយានដ្ឋានអន្ដរជាតិពោធិ៍ចិនតុង នាពេលកន្លងមក។
លោកក៏បានបញ្ជាក់ថា ប្រឡាយរំដោះទឹកប្រវែង១៨គីឡូម៉ែត្រនេះ មានទទឹងចាប់ពី ១០ម៉ែត្រទៅ១៥ម៉ែត្រ អាស្រ័យទៅតាមស្ថានភាពជាក់ស្ដែងនៃតួប្រឡាយ។
លោកម៉ៅ ប៊ុនធឿន បានបន្តថា៖ ក្រោមការណែនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រឡាយអូរខ្សាច់នេះ ត្រូវបានមន្ទីរធនធានទឹករាជធានីភ្នំពេញចាប់ផ្ដើមការដ្ឋានកាលពីខែកក្កដា២០២០ ហើយគម្រោងនេះ គ្រោងនឹងបញ្ចប់រួចរាល់នៅរដូវប្រាំងខាងមុខនេះ ពោលគឺនៅពេលរដូវវស្សាឆ្នាំ២០២១មកដល់ ប្រឡាយអូរខ្សាច់អាចដើរតួនាទីក្នុងការរំដោះទឹកបានតែម្ដង ដោយមិនឲ្យទឹកហូរមកដល់ព្រលានយន្តហោះភ្នំពេញឡើយ។
លោកកបានបញ្ជាក់ថា គិតមកដល់ពេលនេះប្រឡាយអូរខ្សាច់ សម្រេចបានជាច្រើនភាគរយហើយ ពោលគឺនៅសល់១១គីឡូម៉ែត្រទៀត ប៉ុណ្ណោះនឹងបញ្ចប់ការដ្ឋានទាំងស្រុង៕ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print