រឿងព្រេងខ្មែរ៖ ខ្លាចាញ់ប្រាជ្ញាគីង្គក់និងអណ្ដើក

ចែករំលែក៖

មាន​សត្វ​ខ្លា​មួយ ដើរ​ស្វែង​រក​ស៊ី​តាម​ទម្លាប់​វា លុះ​ដើរ​ទៅ​ប្រទះ​នឹង​សត្វ​គីង្គក់​មួយ​កំពុង​លោត​ផ្លោត ៗ ក៏​ស្រែក​សួរ​ទៅ​ថា «យើ ! បង​ម៉ាំងកាយេ (ខ្លះ​ហៅ​ថា​មាំងកាជា) ឯង​ដើរ​រក​ស៊ី​អ្វី​ហ្នឹង ?» ។ គីង្គក់​តប​ថា «ចុះ​បង​ខ្លា​ឯង​ដើរ​មក​រក​អ្វី​ដែរ ?» ។ ខ្លា​ថា «យើង​ដើរ​រក​ស៊ី» ។ គីង្គក់​តប​ថា​យើង​ក៏​ដើរ​រក​ស៊ី ដូច​បង​ឯង​ដែរ» ។ ខ្លា​ថា «ចុះ​ដើរ​រក​ស៊ី​អ្វី​នឹង​បាន បើ​បង​ឯង​លោត​ម្ដង​បាន​មួយ​សុញ​ដូច្នេះ តើ​ចាប់​សត្វ​អ្វី​នឹង​បាន?»។ គីង្គក់​ក៏​អួត​អា​ត្មា ប្រាថ្នា​ខ្លា​កោត​ខ្លាច​ថា «យើ ! ថ្វី​បើ​ឃើញ​យើង​លោត​តិចៗ​ដូច្នេះ បើ​ចង់​លោត​យ៉ាង​ណា​ក៏​បាន ចង់​ចាប់​សត្វ​តូច​ក្ដី ធំ​ប៉ុន្មាន​ក្ដី ក៏​បាន​ទាំងអស់ មិន​ចាញ់​បង​ឯង​ទេ » ។ ខ្លា​ថា បើ​បង​ឯង ពូកែ​ដូច​សំដី​ថា​នេះ យើង​លោត​ប្រឡង​គ្នា​ ពី​ត្រើយ​ព្រែក​ម្ខាង​ទៅ​ត្រើយ​ម្ខាង​មើល, បើ​បង​ឯង​លោត​ឆ្លង​ដល់ យើង​ជឿ​ថា​ពូកែ​មែន ។ គីង្គក់​ជា​សត្វ​មាន​ប្រាជ្ញា​ គិត​ឃើញ​ថា «សត្វ​ខ្លា​នេះ តែ​កាលណា​វា​រៀប​នឹង​លោត​រមែង​ចោល​កន្ទុយ​ទៅ​ខាង​ក្រោយ, បើ​ដូច្នេះ​អញ​ចាំ​ខាំ​កន្ទុយ​វា កាល​មុន​វា​នឹង​លោត​ទៅ​នោះ» ទើប​គីង្គក់​តប​ទៅ​ថា « ខ្លាច​អ្វី​បង​ខ្លា​ឯង ! បើ​ចង់​លោត ពី​ត្រឹម​ណា​ទៅ​ត្រឹម​ណា ក៏​បាន​ដែរ ហើយ​យើង​ហ៊ាន​ឲ្យ​បង​ឯង​ទៅ​ឈរ​ពី​មុខ​យើង​ទៀត​ផង, តែ​កាលណា​យើង​ស្រែក​ថា ហ៍ ! ត្រូវ​បង​ឯង​លោត​ទៅ​ចុះ » ។ ខ្លា​ជា​សត្វ​ឆោត មិន​អាច​គិត​ដឹង​គំនិត​គីង្គក់ វា​នឹង​ខាំ​កន្ទុយ​ខ្លួន​នោះ​សោះ, ឯ​ខ្លួន​ទៀត​ក៏​មិន​បាន​គិត​ឃើញ​ពី​របៀប​ខ្លួន ដែល​រៀប​នឹង​លោត​ទៅ​នោះ ធ្វើ​កិរិយា​យ៉ាង​ណាៗ​ដែរ ក៏​ព្រម​សន្យា​ទៅ​ឈរ​នៅ​ពី​មុខ​គីង្គក់ ។ ឯ​គីង្គក់​កាល​ខ្លា​មក​ឈរ​ពី​មុខ ឃើញ​ពេល​ល្អ​ហើយ ក៏​ប្រាប់​ថា « បង​ឯង​ប្រុង​ស្ដាប់ » ។ រីឯ​ខ្លា​រវល់​តែ​ប្រុង​ត្រចៀក​ស្ដាប់ ចោល​ឯ​កន្ទុយ​នោះ​ទៅ​ត្រង់​ពី​មុខ​គីង្គក់ ៗ ស្រែក​ថា ហ៍ ! ហើយ​ខាំ​កន្ទុយ​ជាប់ ។ ខ្លា​លោត​ផ្លោត​ទៅ​ភ្លាម​ដល់​ត្រើយ​ម្ខាង​មួយ​រំពេច ។ អំណាច​កន្ទុយ​ខ្លា​វាត់​ទៅ​មុខ​នោះ ដោយ​ទាំង​គីង្គក់​ទៅ​ផង ដូច​ជា​ដុំ​ដី​ដែល​គេ​ចោល​នឹង​ឈើ​ដង្ហក់ ធ្លាក់​ហួស​ទៅ​មុខ​ខ្លា​ស្ទើរ​តែ​នឹង​ស្លាប់ ។ ខ្លា​ក៏​មិន​អាច​ដឹង​បាន ប្រែ​ប្រាណ​ទៅ​ខាង​ក្រោយ​វិញ ស្រែក​ហៅ​ថា « បង​ម៉ាំងកាយេ​អើយ ! មក » ។ គីង្គក់​ឆ្លើយ «គូក ! នៅ​ឯ​នេះ​ហើយ» ។ ខ្លា​ឮ​គីង្គក់​ឆ្លើយ​ពី​មុខ​ដូច្នោះ​ក៏​ថា « បង​ម៉ាំងកាយេ ! ពូកែ​មែន​ហើយ​ ប៉ុន្តែ​ខាង​ការ​ចាប់​សត្វ​នោះ យើង​មិន​ទាន់​ឃើញ​រឹទ្ធិ​បង​ឯង​នៅ​ឡើយ, បើ​ដូច្នេះ យើង​នឹង​ចាប់​សត្វ​ល្បង​គ្នា​ទៀត » ។ គីង្គក់​ព្រម​ក៏​តប​វិញ​ថា​បង​ទៅ​ចាប់​សត្វ​ចុះ បាន​សត្វ​ប៉ុន្មាន ៗ​ មក​ជួប​គ្នា​នៅ​កន្លែង​នេះ យើង​នឹង​រើ​សាច់​នោះ​ល្បង​គ្នា​មើល តើ​អ្នក​ណា​ច្រើន​ជាង ? » ។ ខ្លា​ព្រម​ក៏​ចេញ​ទៅ​រក​ចាប់​សត្វ​ផ្សេងៗ បាន​ច្រើន ។

ឯ​គីង្គក់ ក្រោយ​ខ្លា​ចេញ​ទៅ​នោះ ខំ​សង្វាត​លោត​ទៅ​មិន​ដឹង​នឹង​ទៅ​ចាប់​សត្វ​ណា​បាន​ទេ ព្រោះ​ធ្លាប់​តែ​ចាប់​ជន្លេន​នឹង​ស្រមោច​សង្អារ, លោត​បន្តិច​ទៅ​ឃើញ​មាន​ធ្យូង​មួយ​ដុំ​ប៉ុន​គ្រាប់​សណ្ដែក ក៏​លេប​ធ្យូង​នោះ​ចូល​ទៅ, លោត​បន្តិច​ទៅ​ទៀត​ឃើញ​ឆ្អឹង​ត្រី​ស្លាត​មួយ​តូច​នៅ​កណ្ដាល​ផ្លូវ លេប​ថែម​ទៅ​ទៀត លោត​បន្តិច​ទៅ​ទៀត ឃើញ​គ្រាប់​អង្ក្រេមអង្ក្រម​មួយ ក៏​លេប​ទៅ​ទៀត, បាន​ជា ៣ មុខ​ល្មម​តែ​ពេញ​នោះ រួច​ក៏​ត្រឡប់​វិល​មក​ចាំ​ខ្លា​ខាង​ទី​ដដែល​វិញ ។

ឯ​ខ្លា កាល​បើ​ស្វែង​រក​សត្វ​បាន​សព្វ​គ្រប់​ហើយ ក៏​ត្រឡប់​មក​ឯ​កន្លែង​ដើម​តាម​សន្យា, លុះ​មក​ដល់ ឃើញ​គីង្គក់​អង្គុយ​ចាំ​ ច្រប៉ុក​ប៉ុក​ក៏​សួរ​ថា «យើ ! បង​មាំងកាយេ​មក​ដល់​ហើយ​ហេះ» គីង្គក់​តប​ថា យើង​មក​ចាំ​ឯង​យូរ​ណាស់​ហើយ, មើល៍ ! បង​ខ្លា​ឯង​បាន​ប៉ុន្មាន​មុខ ? បង​ឯង​រើ​ចេញ​មក​មើល ! យើង​នឹង​កត់​ត្រា ។ ខ្លា​រើស​សាច់​នានា​ជា​ច្រើន​មុខ​ ប្រាប់​គីង្គក់, រើស​ចេញ​អស់​ទើប​ប្រាប់​ថា« អស់​តែ​ប៉ុណ្ណេះ​ហើយ » ។ គីង្គក់​រើ​ចំណែក​របស់​ខ្លួន​វិញ​ឲ្យ​ខ្លា​មើល​ម្ដង ។

ទី ១ រើ​បញ្ចេញ​ធ្យូង​មក​មុន ។ ខ្លា​សួរ​ថា « សត្វ​អី​បង ! » ។ គីង្គក់​ថា : ហ្នឹង​គេ​ហៅ​ថា គាស​រម៉ុយ ” ខ្»ស្ដាប់​មិន​បាន​អង្វរ​ថា​ កុំ​និយាយ​បាលី​បាគូ​បង ! សូម​ប្រាប់​ជា​សម្រាយ​មក​ចុះ ។ គីង្គក់​ប្រាប់​ថា «  នេះ​កុយ​រមាស » ។ ខ្លា​ក៏​កោត​ថា « យើ ! ខាំ​ដល់​ទៅ​រមាស​ផង » ។ ទី ២ រើ​ឆ្អឹង​ត្រី​ស្លាត​ចេញ​មក​ទៀត ។ ខ្លា​សួរ​ថា « សត្វ​អី​ស​ស្គុះ​ដូច្នេះ​បង ? គីង្គក់​ប្រាប់​ថា « ផ្ល​ដំរី​ស៊ុក» ។ ខ្លា​ថា « អាណិត​ទៅ កុំ​និយាយ​បាលី​បាគូ​អ្វី » ។ គីង្គក់​ថា « ហ្នឹង​គេ​ហៅ​ភ្លុក​ដំរី​ស » ។ ខ្លា​រឹត​តែ​កោត​ថា «អៃយ៉ា ! លេង​ដល់​ភ្លុក​ដំរី​ស​ទៀត​ផង, ចុះ​អស់​ប៉ុណ្ណឹង​ហើយ​ឬ​នៅ​ទៀត​បង ? » ។ គីង្គក់​ថា « យើ ! អស់​ប៉ុណ្ណឹង​អ្នក​ម៉ែ ! នៅ​ច្រើន​មុខ​ណាស់ បង​ឯង​ចាំ​តែ​រាប់​ចុះ » ។

ទី ៣ រើ​ទម្លាក់​គ្រាប់​អង្ក្រេមអង្ក្រម​ចេញ​មក ។ ខ្លា​សួរ​ថា « សត្វ​អ្វី​ក្រហម​ផង​ ខ្មៅ​ផង​ដូច្នេះ ? ។ គីង្គក់​តប​ថា « ផ្នា​អា​ឃ្លែក » ។ ខ្លា​ថា « សុំ​និយាយ​ជា​សម្រាយ​ទៅ​វិញ​មើល ! » គីង្គក់​តប​ថា ហ្នឹង​ហើយ គេ​ហៅ​ថា « ភ្នែក​អា​ខ្លា​ឯង » ។

ខ្លា​ឮ​ថា ភ្នែក​របស់​ខ្លួន ក៏​ស្ទុះ​រត់​ភ្លាម មិន​ហ៊ាន​នៅ ។ គីង្គក់​ស្រែក​ថា « ឈប់​សិន ឯង​ទៅ​ណា ចាំ​អញ​យក​ភ្នែក​ឯង​ស៊ី​សិន » ។ ខ្លា​រឹត​ភ័យ​ខ្លាំង​ឡើង​ទៀត ចេះ​តែ​រត់​ទៅ ។ គីង្គក់​ខំ​ដេញ​តាម​ពី​ក្រោយ, លុះ​ឆ្ងាយ​បន្តិច​ទៅ​ស្រាប់​តែ​ប្រទះ​នឹង​អណ្ដើក ៗ​សួរ​ថា « បង​មាំងកាយេ​រត់​ទៅ​ណា ? » គីង្គក់​ថា « បង​ជា​បុរិល ! ខ្ញុំ​ដេញ​តាម​ខ្លា​វា​រត់​ទៅ​មិញ ៗ​បង​ប្រទះ​ដែរ​ឬ ? ។ អណ្ដើក​ថា « ឃើញ​វា​រត់​ទៅ​ហើយ បើ​ដូច្នេះ​ខ្ញុំ​ជួយ​តាម » ។ គីង្គក់​និង​អណ្ដើក​ក៏​នាំ​គ្នា​តាម, ដើរ​បន្តិច​ទៅ ឃើញ​ខ្លា​សម្ងំ​ពួន​លើ​គុម្ព​ឫស្សី ។ អណ្ដើក​ឃើញ​ស្រែក​ប្រាប់​ទៅ​គីង្គក់​ថា « វា​នៅ ៗ​នេះ​ទេ » ។ គីង្គក់​ថា « បង​ឯង​ចាំ​នៅ​ត្រង់​ទីនេះ​ចុះ ខ្ញុំ​នឹង​ឡើង​ទៅ​ចាប់​វា» ។ គីង្គក់​ខំ​ឡើង​តាម​វល្លិ និង​មែក​ឈើ​ទៅ​បាន​ពាក់​កណ្ដាល​គុម្ព​ឫស្សី ស្រាប់​តែ​របូត​ដៃ​ធ្លាក់​មក​ដី​ឮ​សូរ​ប្រោក ។ អណ្ដើក​ថា « អើ​បង ? » ។ គីង្គក់​ថា « ខ្ញុំ​ចុះ​មក​បោច​វល្លិ​យក​ទៅ​ចង​វា​តែ​ម្ដង » ។ ខ្លា​ឮ​ដូច្នោះ​ស្ទុះ​លោត​ចុះ រត់​ទៅ​ទៀត ទៅ​ឃើញ​ដើម​ឈើ​មួយ​ដើម​ធំ ក៏​ត្រេកអរ​ខំ​ឡើង​ទៅ​នៅ​សម្ងំ មិន​ឲ្យ​សត្វ​ទាំង​ពីរ​ដឹង ។ ឯ​គីង្គក់ និង​អណ្ដើក​ខំ​តាម​ដាន​ទៅ​ បាត់​ដាន​ត្រង់​ដើម​ឈើ​នោះ មើល​លើ ឃើញ​ឯ​ខ្លា​ពួន​ក្រាប​នៅ​លើ​មែក​ឈើ​គ្រមាមៗ ទើប​ស្រែក​ប្រាប់​គ្នា​ថា « កន​យើង ! វា​នៅ ៗ​នេះ​ទេ » ។ គីង្គក់​ប្រាប់​ថា « បង​ជា​បុរិល​ឯង ចាំ​នៅ​គល់​នេះ​ចុះ ខ្ញុំ​នឹង​ឡើង​ទៅ​ចាប់​វា​ឯ​លើ» ។ គីង្គក់​ខំ​ប្រវេ​ប្រវា​ឡើង​ទៅ​ជិត​ប្រគាប​មែក​ឈើ ស្រាប់​តែ​សម្បក​ឈើ​របេះ​ធ្លាក់​ចុះ​មក ដោយ​ទាំង​ខ្លួន​វា​មក​ដល់​ដី ។ អណ្ដើក​ឃើញ​សួរ​ថា « ម្ដេច​ដូច្នេះ ? » ។ គីង្គក់​ថា « យើង​គិត​រលំ​ឈើ​នេះ​វិញ ឲ្យ​ដួល​មក​នឹង​ចាប់ »។ អណ្ដើក​បោល​ទង្គិច​គល់​ឈើ​នោះ​ឮ​សូរ​ប៉ូកៗ រួច​គីង្គក់​ធ្វើ​បញ្ចេញ​សំឡេង​ឮ​តែ​ក្រតៗ ហើយ​ស្រែក​បន្ទរ​ទៀត​ថា « ហ៍ ! រលំ​ឈើ​ហើយ » ។ ខ្លា​ឮ​ថា​វារ​លំ ទទួល​ក្រឡេក​មើល​ទៅ​លើ ឃើញ​ពពក​រសាត់​លឿន​ស្លៅ​ស្មាន​ថា​រលំ​មែន ក៏​ស្ទុះ​រត់​ចុះ​ទៅ​ទៀត ។ សត្វ​ទាំង​ពីរ​ចេះ​តែ​ដេញ​តាម​ទៅ ។

ឯ​ខ្លា​រត់​កាន់​តែ​ឆ្ងាយ​បាន​ប្រទះ​នឹង​តា​ចាស់​ម្នាក់ ធ្វើ​ជាង​ដែក​ខ្លា​ចូល​ទៅ​សំពះ​តា​ចាស់​នោះ​ថា « សូម​ឲ្យ​ជួយ​យក​អាយុ​ខ្ញុំ​ផង ត្បិត​គីង្គក់​និង​អណ្ដើក​វា​ដេញ​ចាប់​ខ្ញុំ​នឹង​ប្រហារ​ជីវិត » ។ តា​ចាស់​តប​ទៅ​នឹង​ខ្លា​ថា «នៅ​ចុះ សឹម​អញ​ជួយ​ឯង​ឲ្យ​រួច​ពី​ស្លាប់ កុំ​ឲ្យ​អា​គីង្គក់​អណ្ដើក​ធ្វើ​អ្វី​បាន » ។ យូរ​បន្តិច​ឃើញ​អណ្ដើក​ទៅ​ដល់​មុន ។ ខ្លា​ប្រាប់​តា​ចាស់​ថា « អុញ​ហ្ន មក​ទៀត​ហើយ​តា » តា​ចាស់​ថា «មិន​អី​ទេ​បើ​ខ្លាច​ណាស់​ត្រូវ​ខំ​សប់​ខ្លាំង ៗ​ទៅ ។ ខ្លា​រឹត​តែ​សប់​ខ្លាំង​ឡើង ៗ ។ តា​ចាស់​ចាប់​អណ្ដើក​នោះ​បាន​យក​ទ្រាប់​គូថ​អង្គុយ​ ហើយ​ថា « ជា​ហើយ​ចាំ​តែ​ធ្វើ​ដែក​រួច​សឹម​ស្ងោរ » ។ បន្តិច​ឃើញ​គីង្គក់​ទៅ​ដល់​ទៀត​ខ្លា​ថា « អា​ហ្នឹង​ហើយ វា​ប្រាថ្នា​តែ​ភ្នែក​ខ្ញុំ​ទេ » ។ តា​ចាស់​ប្រាប់​ថា «បើ​ឯង​ខ្លាច​ណាស់​ត្រូវ​យក​ខ្សែ​ចង​ស្នប់​ផ្ទាប់​នឹង​ចង្កេះ​ទៅ ។ ខ្លា​ធ្វើ​តាម ។ ឯ​តា​ចាស់​នោះ​គាត់​ស្លៀក​ខោ​ជើង​ធំ ៗ​ពេក​ អង្គុយ​លើ​អណ្ដើក​កំពុង​តែ​ពើត​រូស​កោស​កាំបិត ភ្លេច​គិត​ឯ​ប្រដាប់​របស់​ខ្លួន​ខាង​ក្រោម​ធ្លាក់​ស្តោក​នៅ​កណ្ដាល​វាល ។ គីង្គក់​ក្រឡេក​ឃើញ​ប្រាប់​ទៅ​អណ្ដើក​ថា « បង​ជា​បុរិល​ឯង មើល​ខាង​ក្រោម ។ អណ្ដើក​ក្រឡេក​ទៅ ឃើញ​ប្រដាប់​តា​ចាស់​នោះ​ទាំងអស់ ក៏​មាន​ចិត្ត​អរ​ព្រួច ហើយ​អើត​ក្បាល​ចូល​ទៅ​ក្នុង​ជើង​ខោ​ខាំ​គ្រឹប​ដោយ​ចង្កូម ដាច់​ត្រឹម​គល់​ទៅ​ទាំងអស់ ។ តា​ចាស់​ដួល​បះ​ជើង​ច្រោង ។ គីង្គក់​ស្រែក​ថា « ទៅ ! កន​យើង​ដួល​មួយ​ហើយ » ។ ខ្លា​ឃើញ​តា​ចាស់​ដួល ក៏​ស្ទុះ​រត់​ទៅ ដោយ​ទាំង​ស្នប់​នោះ​ទៅ​ផង ។ គីង្គក់​ដេញ​តាម​ទៅ​ដល់​ជិត​មាត់​ស្ទឹង​មួយ មាន​ទឹក​ជ្រៅ គីង្គក់​ស្រែក​ឲ្យ​អណ្ដើក​ថា « បង​ប្រយ័ត្ន ! ខំ​ស្ទាក់​កុំ​ឲ្យ​វា​លោត​ទឹក ក្រែង​បាត់​ដាន » ។ ខ្លា​ឮ​ក៏​លោត​ទៅ​ក្នុង​ទឹក ៗ ចូល​ក្នុង​ស្នប់, ទឹក​ហូរ​ខ្លាំង ក៏​នាំ​ខ្លា​លិច​ស្លាប់​ទៅ ។

(ផ្ចាញ់កម្លាំងកាយ ដោយ​កម្លាំង​ប្រាជ្ញា

ផ្ចាញ់​មនុស្ស​ក្លៀវក្លា ដោយការអង់អាច)

កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត

...

(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print