លោក ថងលូន ស៊ីសូលីត៖ ម៉ាសគឺជាអំណោយដ៏ថ្លៃថ្លាបំផុតសម្រាប់រដ្ឋាភិបាល និងប្រជាពលរដ្ឋឡាវ ក្នុងពេលជួបការលំបាកដោយសារជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ម៉ាស់ចំនួន ២លាន ១០ម៉ឺន និងបរិក្ខារសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ សរុប ១២មុខ ដល់រាជរដ្ឋាភិបាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅក្នុងប្រទេសឡាវ។ លោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ បានចាត់ទុកម៉ាស់ និងបរិក្ខារសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាអំណោយដ៏ថ្លៃថ្លាបំផុតសម្រាប់រដ្ឋាភិបាល និងប្រជាពលរដ្ឋឡាវ ក្នុងពេលជួបការលំបាកដោយសារជំងឺកូវីដ១៩។

សូមបញ្ជាក់ថា៖ ម៉ាស់ និងបរិក្ខារទាំងអស់នេះ ត្រូវបានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដឹកតាមយន្តហោះពិសេសទៅប្រគល់ជូនរដ្ឋាភិបាលឡាវនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ និងប្រគល់ជូនភ្លាមៗ។
លោក ថងលូន ស៊ីសូលីត និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលឡាវជាច្រើនរូបទៀត បានចេញមកទទួលម៉ាស់ និងបរិក្ខារទាំងនេះដោយផ្ទាល់នៅព្រលានយន្តហោះ នាទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។
ថ្លែងក្នុងពិធីទទួលនោះ លោកនាយករដ្ឋមន្ត្រីឡាវ បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ដែលបានផ្តល់អំណោយជាម៉ាស់ និងបរិក្ខារសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នាពេលនេះ។ លោកបានចាត់ទុកអំណោយនេះ ជាអំណោយដ៏ថ្លៃថ្លាសម្រាប់រដ្ឋាភិបាល និងប្រជាពលរដ្ឋឡាវ។
លោក ថងលូន ស៊ីសូលីត បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមសម្តែងនូវការថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់ចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលតែងតែមានសេចក្តីព្រួយបារម្ភ និងបានផ្តល់នូវអំណោយមនុស្សធម៌ដ៏ថ្លៃថ្លាជូនចំពោះរាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនប្រទេសឡាវយើងខ្ញុំនៅក្នុងឱកាសនេះ»។
លោកនាយករដ្ឋមន្ត្រីបន្តថា «ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះអំណោយដ៏មានអត្ថន័យយ៉ាងក្រៃលែងនេះ ទោះបីកម្ពុជាខ្លួនឯងទទួលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ដូចគ្នាយ៉ាងណាក៏ដោយ។ ប៉ុន្តែរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តែងតែមានទឹកចិត្តសម្បុរសធម៌ ចែករំលែកអំណោយដ៏ថ្លៃថ្លាបំផុតនេះ បានទាន់ពេលវេលាដល់រដ្ឋាភិបាល និងប្រជាជនឡាវយើងខ្ញុំ»។

លោក ថងលូន ស៊ីសូលីត បានគូសរំលេចផងដែរថា ក្នុងនាមជាប្រទេសភូមិផង ជាបងប្អូន កម្ពុជា និងឡាវ គឺមានទំនាក់ទំនងដ៏ល្អ ហើយតែងជួយឧបត្ថម្ភគ្នាតាំងពីយូរលង់ណាស់មកហើយ។ ជាពិសេសតាំងពីដំណាក់កាលតស៊ូរំដោះជាតិពីអាណានិគម ដោយបានកៀកស្មាគ្នា និងជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ដែលមិនអាចបំបែកចេញពីគ្នាបាន ដើម្បីតស៊ូជាមួយសត្រូវតែមួយ។

សូមបញ្ជាក់ផងដែរថាអំណោយកម្ពុជាជូនទៅមិត្តឡាវរួមមាន៖ ម៉ាស ចំនួន២លាន, ម៉ាសក្រណាត់ចំនួន ១០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 1។

ក្នុងនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏ សូមជូនពរបងប្អូនជនរួមជាតិកម្ពុជា និងប្រជាជនឡាវចៀសផុតពីជំងឺឆ្លងកូវីដទាំងអស់គ្នា។ ស្រលាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងពេលលំបាក៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print