ភ្នំពេញ៖ បុរសម្នាក់បើករថយន្តឡិចសុីស RX300 ហើយសង្ស័យងោកមួយភាំងបានរេចង្កូតទៅបុករះឡាំងស្នោ ដាក់ គរជាគំនរគ្នានៅមុខផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យបែករាយប៉ាយពេញផ្លូវរួចបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមទៀតបណ្ដាលឲ្យទ្រេត ឯរថយន្តបង្កផ្ទប់ជាប់នឹងបង្គោលភ្លើងទៅមុខលែងរួច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង៤០ នាទីយប់ថ្ងៃទី ១៧ ខែវិច្ឆិកាឆ្នាំ ២០២០ ស្ថិតតាមបណ្ដោយផ្លូវបេតុងវត្តតាំងកសាង ក្នុងភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសមិនស្គាល់អត្តសញ្ញាណម្នាក់បើករថយន្តឡិចស៊ីស RX300 មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BA-5722ធ្វើដំណើរទិសដៅពីត្បូងទៅជើង ។លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុករះឡាំងស្នោគរលើគ្នាដែលម្ចាស់ផ្ទះដាក់នៅមុខផ្ទះបាក់បែករាយប៉ាយពេញផ្លូវរួចរថយន្តបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលឲ្យទ្រេតមួយដើមទៀត ឯរថយន្តផ្ទប់ជាប់ជាមួយបង្គោលភ្លើងទៅមុខលែងរួចនិងរងការខូចខាតយ៉ាងដំណំ។ចំណែកម្ចាស់រថយន្តរងរបួសស្រាលទុករថយន្តចោលគេចខ្លួនបាត់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមច្បាប់ពេលក្រោយ៕
ដោយ÷ សុខា សែនជ័យ