ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍វត្តភ្នំឃាត់ខ្លួន បន្ទាប់ពីពួកគេជិះម៉ូតូ១គ្រឿងបានធ្វើសកម្មភាពកាបូបស្ត្រីជនជាតិបរទេសម្នាក់ នៅមុខក្រុមហ៊ុនរថយន្តក្រុងយីហោ វីរះប៊ុនថាំ មិនបានសម្រេចក៏ត្រូវសមត្ថកិច្ចមូលដ្ឋានដែលកំពុងល្បាតនៅក្បែរនោះអន្តរគមន៍ចាប់ក្របួចជាប់តែម្តង ។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើទាំង២នាក់នេះ បានធ្វើឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នៅចំនុចក្រុមហ៊ុន វីរះប៊ុនថាំ ផ្លូវលេខ106កែងព្រះសុីសុវត្ថិ ភូមិ08 សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលប៉ុស្តិ៍វត្តភ្នំបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លូននេះ ទី១ឈ្មោះ ចាន់សុីថា ភេទប្រុស អាយុ18ឆ្នាំស្នាក់នៅផ្ទះលេខ316E5 សង្កាត់មិត្តភាព ខណ្ឌ7មករា(ជាអ្នកបើកម៉ូតូ) និងទី២ឈ្មោះ សិទ្ធិ រិទ្ធី ភេទប្រុស អាយុ18ឆ្នាំ ទីលំនៅមិនពិតប្រាកដ (ជាអ្នកឆក់កាបូបជនបរទេស) និងដកហូតសម្ភារៈជនសង្ស័យរួមមានម៉ូតូ១គ្រឿងម៉ាកវីវា ពណ៌ខ្មៅ ស្លាកលេខព្រៃវែង 1A-1103 ស៊េរីឆ្នាំ 2006 ។ចំណែកឯជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថាជាជនជាតិបរទេស ភេទស្រី ក្រោយកើតហេតុជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹង ។
មន្ត្រីដដែរបានបន្តទៀតថា នៅមុនពេលកើតហេតុ គឺគេឃើញស្ត្រីជនបរទេសម្នាក់កំពុងតែឈរស្ពាយកាបូបនៅមុខក្រុមហ៊ុនរថយន្តក្រុងយីហោ វីរះប៊ុនថាំ ស្រាប់តែជនសង្ស័យ២នាក់នេះ បានជិះម៉ូតូមួយគ្រឿងមកក្បែរ រួចធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះតែម្តង ប៉ុន្តែមិនបានសម្រេចនោះទេ ហើយជនរងគ្រោះបានស្រែឆោឡោផ្អើលដល់សមត្ថកិច្ចដែលកំពុងល្បាតនៅក្បែរនោះអន្តរគមន៍ចាប់ក្របួចជាប់តែម្តង ។
ក្រោយកើតហេតុជនសង្ស័យទាំង២នាក់នេះ ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសុំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕
ដោយ៖ ស ដារ៉ា