លោក ខៀវ កាញារីទ្ធ៖ ស្ថានីយផ្សាយបន្ត វិទ្យុ និងទូរទស្សន៍ជាតិកម្ពុជានៅលើភ្នំបូកគោ ខេត្តកំពត ត្រូវបានជួសជុលកែលម្អជាថ្មីឡើងវិញ

ចែករំលែក៖

ខេត្តកំពត៖ ស្ថានីយផ្សាយបន្ត វិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា នៅលើភ្នំបូកគោ ខេត្តកំពត ត្រូវបានជួសជុលកែលម្អជាថ្មីឡើងវិញ ដើម្បីឱ្យការផ្សាយបន្តអាចផ្សាយបានទៅកាន់តំបន់ឆ្ងាយៗសម្រាប់បម្រើការស្តាប់និងទស្សនារបស់ប្រជាពលរដ្ឋបានកាន់តែទូលំទូលាយ ។
ក្នុងឱកាសអញ្ជើញទៅពិនិត្យមើល អគារស្ថានីយផ្សាយបន្តវិទ្យុនិងទូរទស្សន៍នៅលើភ្នំបូកគោខេត្តកំពត កាលពីរសៀលថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២០លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានណែនាំដល់ក្រុមការងារជំនាញត្រូវពន្លឿនការជួសជុលអគារនេះឡើងវិញ ដើម្បីបម្រើឱ្យការផ្សាយកាន់តែមានគុណភាព លឿន ច្បាស់ បានឆ្ងាយ ខណៈ ដំណើរការនៃគោលនយោបាយឌីជីថល របស់ក្រសួងព័ត៌មានដែលបានដាក់ចេញ ក្នុងគម្រោងចន្លោះឆ្នាំ២០២១ រហូតដល់ឆ្នាំ២០២៣ គឺទីតាំងនៅលើភ្នំបូកគោនេះ ក៏ជាគោលដៅមួយនៃបង្គោលអង់តែន សម្រាប់ជាគម្រូ វិទ្យុ និងទូរទស្សន៍ ឌីជីថលនេះផងដែរ។
លោកបានបញ្ជាក់ថា ទីតាំងនៅលើភ្នំបូកគោនេះ មានលក្ខណ:អំណោយផលល្អ សម្រាប់ដាក់ស្ថានីយផ្សាយបន្ត វិទ្យុជាតិFM ៩៦ ,វិទ្យុ FM វត្តភ្នំ ,វិទ្យុ FM ខេត្តកំពត និងផ្សាយបន្តទូរទស្សន៍ជាតិកម្ពុជា ដែលអាចផ្សាយបានទៅកាន់ តំបន់ឆ្ងាយៗ ពិសេសសម្រាប់អ្នកនេសាទនៅសមុទ្រ អាចបើកមើលឃើញ និងស្តាប់បានពីការផ្សាយរបស់វិទ្យុ និងទូរទស្សន៍អំពីដំណឹងនិងព័ត៌មានថ្មីៗទាន់ហេតុការណ៍ ។
លោកបន្តថា អ្វីដែលសំខាន់គឺការផ្សាយអំពីការព្យាករអាកាសធាតុ សម្រាប់អ្នកនេសាទនៅសមុទ្របានដឹង ដែលបញ្ចៀសពីឧបទ្ទវហេតុផ្សេងៗដែលអាចកើតមាន។ ក្នុងគម្រោងនៃការសាងសង់អគារនេះ ក៏ទុកសម្រាប់ឱ្យមន្ត្រីក្រសួងព័ត៌មានមកលេងកម្សាន្តនិងស្នាក់នៅផងដែរ។
លោករដ្ឋមន្ត្រីបន្តថា ពីមួយថ្ងៃទៅមួយថ្ងៃក្រសួងព័ត៌មានកាន់តែមានកិច្ចការងារជាច្រើនដែលត្រូវបំពេញទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីធ្វើយ៉ាងណាឱ្យវិស័យព័ត៌មាននិងសោតទស្សន៍កាន់តែរីកចម្រើន ស្របតាមការវិវត្តនៃបច្ចេកវិទ្យា ព័ត៌មានវិទ្យា និងស្របតាមទិសស្លោក ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន ។
អគារស្ថានីយផ្សាយបន្តពីវិទ្យុ និងទូរទស្សន៍ខេត្តកំពតនេះ ត្រូវបានកសាងឡើងតាំងពីអំឡុងឆ្នាំ២០១២មកម្ល៉េះ ប៉ុន្តែសាងសង់មិនទាន់រួចរាល់ហើយទុក ចោល ដែលជាហេតុធ្វើឱ្យអគារមានសភាពចាស់ទ្រុឌទ្រោម ដែលទាមទារឱ្យមានការជួសជុលឡើងវិញ ដើម្បីអាចដាក់សម្ភារ ម៉ាស៊ីនផ្សាយដែលអាចផ្សព្វផ្សាយ គ្របដណ្តប់តាមបណ្តាខេត្តជាប់សមុទ្រ និងភាគនិរតី នៃប្រទេសកម្ពុជា ៕ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print