លេខសម្ងាត់ (Password) ដែលងាយស្មានបំផុត ប៉ុន្តែវានៅតែពេញនិយមខ្លាំងក្នុងឆ្នាំ២០២០ ដដែល

ចែករំលែក៖

ភ្នំពេញ៖ អស់រយៈពេលជាច្រើនឆ្នាំក្រុមអ្នកស្រាវជ្រាវបានរកឃើញថាលេខសម្ងាត់ដែលមានប្រជាប្រិយភាពខ្លាំងនោះគឺ “123456” និង “password”។ ស្របពេលដែលឆ្នាំ២០២០ ជិតកន្លងផុតទៅហើយនោះ ពួកគេក៏បានធ្វើការស្រាវជ្រាវជាថ្មីម្តងទៀត ដើម្បីបង្ហាញអំពីលេខសម្ងាត់ដែលងាយស្មានបំផុត ប៉ុន្តែវានៅតែមានភាពពេញនិយមចំពោះអ្នកប្រើប្រាស់។ នេះជាការលើកឡើងដោយ អង្គភាពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ។

បន្ទាប់ពីបានធ្វើការវិភាគទៅលើលេខសម្ងាត់ដែលបានបែកធ្លាយប្រមាណជិត ៣លាន ក្រុមអ្នកស្រាវជ្រាវនៅក្រុមហ៊ុន NordPass បានរកឃើញថា លេខសម្ងាត់ភាគច្រើនគឺងាយនឹងស្មានដឹង ដែលនេះអាចឱ្យក្រុមអ្នកវាយប្រហារ ជ្រៀតចូលទៅក្នុងគណនីដោយប្រើរយៈពេលតែ ១-២វិនាទីតែប៉ុណ្ណោះ។ នៅក្នុងរបាយការណ៍នេះក៏បានបង្ហាញអំពីលេខសម្ងាត់ដែលអ្នកប្រើប្រាស់ជាច្រើននៅតែចូលចិត្តប្រើ មានដូចជា “123456”, “123456789”, “picture1”, “password,” និង “12345678” ជាដើម ហើយនៅក្នុងចំណោមលេខសម្ងាត់ទាំងអស់នេះមានតែលេខសម្ងាត់ “picture1” តែមួយប៉ុណ្ណោះដែលត្រូវចំណាយពេលប្រមាណ៣ម៉ោង ដើម្បីបំបែកបាន។

ក្នុងការស្រាវជ្រាវនេះ គេក៏បានរកឃើញផងដែរថាអ្នកប្រើប្រាស់មួយចំនួនបានប្រើលេខសម្ងាត់ដូចជា “football” “iloveyou” “letmein” និង “pokemon” ដែលនេះបង្ហាញថាអ្នកប្រើប្រាស់ជាច្រើននៅតែមិនមានការប្រុងប្រយ័ត្នជាមួយនឹង សុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យានៅឡើយទេ។

គួររំឭកផងដែរថា កាលពីខែកក្កដាកន្លងទៅ ក៏មាននិស្សិតម្នាក់បានធ្វើការស្រាវជ្រាវទាក់ទងនឹងបញ្ហាលេខសម្ងាត់នេះ ហើយនាយកដ្ឋានក៏បានធ្វើការផ្សព្វផ្សាយរួចមកហើយដែរ។ ដូច្នេះជាថ្មីម្ដងទៀត នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសូមធ្វើការណែនាំដល់អ្នកប្រើប្រាស់ទាំងអស់ឱ្យប្រើលេខសម្ងាត់ដែលមានលក្ខណៈស្មុគស្មាញ និងពិបាកស្មានជាងនេះបន្តិច ចៀសវាងប្រើលេខសម្ងាត់ដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ ស្លាកលេខយានយន្ត ដែលធ្វើឱ្យមានភាពងាយស្រួលក្នុងការលួចចូលរបស់ជនអនាមិក៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print