ផ្សព្វផ្សាយអនុក្រឹត្យថ្មីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់សិស្សានុសិស្សនៅវិទ្យាល័យស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅវិទ្យាល័យស្វាយរៀងមានរៀបចំពិធីអប់រំផ្សព្វផ្សាយអនុក្រឹត្យថ្មីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងពិការភាព ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ របួស និងពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្រោមការចូលរួមពីលោក សរ វណ្ណា នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង, លោកយស់ ពៅ នាយកវិទ្យាល័យ, លោកនាយករង, លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន១,២២៥នាក់ ស្រី៦២៣នាក់ផងដែរ។

ការអប់រំផ្សព្វផ្សាយនេះធ្វើឡើងនៅថ្ងៃ សៅរ៍ ៦កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅវិទ្យាល័យស្វាយរៀងក្រុងស្វាយរៀង។

លោក សរ វណ្ណា នាយកសាខា បានបញ្ជាក់ថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍បានបង្កនូវផលលំបាកដ៏ធ្ងន់ធ្ងរដល់សង្គមជាតិ ដោយបានបំផ្លាញទាំងទ្រព្យសម្បត្តិ ទាំងអាយុជីវិត និងបន្សល់ទុកនូវជនរងគ្រោះ ជនពិការ ក្មេងកំព្រា ស្ត្រីមេម៉ាយ គ្រួសារក្រីក្រ ។ បញ្ហានេះ បានទាក់ទាញនូវការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍តាមរយៈការបង្កើតគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រព័ន្ធព័ត៌មានជនរងគ្រោះ និង គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គោលនយោបាយ និងផែនការសកម្មភាពជាតិ ទសវត្សសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល ១០ឆ្នាំ ហើយការផ្សព្វផ្សាយនាពេលនេះគឺក្នុងគោលបំណងអំពាវនាវដល់សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋទាំងអស់ត្រូវពាក់មួកសុវត្ថិភាពឲ្យបានគ្រប់ៗគ្នាទាំងអ្នកបើកបរ និងអ្នករួមដំណើរពីក្រោយ។ គ្រប់ពេលវេលាដែលធ្វើចរាចរណ៍តាមដងផ្លូវតាមរយៈម៉ូតូ ដើម្បីធានាសុវត្ថិភាព កុំឲ្យមានរបួសក្បាលបណ្តាលឲ្យស្លាប់បើគ្មានមួកសុវត្ថិភាពទេសូមកុំបើកបរ និងជិះពីក្រោយ ។ ត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន កុំបើកបរហួសល្បឿនកំណត់ និងត្រូវបំពេញលក្ខខណ្ឌយានជំនិះរបស់ខ្លួនឲ្យបានគ្រប់គ្រាន់ ដូចជាកញ្ចក់មើលក្រោយ ចង្កៀងបំភ្លឺភ្លើងសញ្ញាបត់ ។ល។ លោកនាយកសាខាបានបន្តទៀតថា គ្រោះថ្នាក់ចរាចរណ៍កំពុងក្លាយជាឃាតកសម្លាប់ជីវិតមនុស្សនៅលើដងផ្លូវសាធារណៈយ៉ាងច្រើនបំផុត និងបង្កឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពសាធារណៈក្នុងប្រទេសកម្ពុជា ដែលមានមនុស្សស្លាប់ និងច្រើនពាន់អ្នកផ្សេងទៀតរងរបួសធ្ងន់ ស្រាល ធ្វើឲ្យប្រទេសកម្ពុជាខាតបង់ថវិកាច្រើនរយលានដុល្លារ ។

ក្នុងឱកាសនោះលោកយស់ ពៅ នាយកវិទ្យាល័យស្វាយរៀងបានអំពាវនាវដល់កូនៗក្មួយៗដែលជាសិស្សានុសិស្សត្រូវចេះគោរពច្បាប់ចរាចរណ៍ផ្លូវគោក កុំប្រើប្រាស់គ្រឿងញៀន ហើយត្រូវខិតខំរៀនសូត្រព្រោះជិតដល់ថ្ងៃប្រឡងថ្នាក់ជាតិហើយ។

លោកនាយកសាលាបានលើកពាក្យថា«សេពគប់បណ្ឌិតពិតជាបានវិជ្ជា សេពគប់ពាលាពុកម្ដាយទឹកភ្នែកជ្រុលខ្លួនប្រើថ្នាំរងកម្មអនេក ចង់មានថ្ងៃស្អែកធ្វើខ្លួនឱ្យល្អ»៕ យឹម សុថាន

...

       

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print