រដ្ឋបាលរាជធានី និងខណ្ឌចំការមន ត្រៀមធ្វើពិធីសូត្រមន្ត បង្សុកូលឧទ្ទិសកុសលជូនដល់ជនរងគ្រោះស្លាប់នៅលើអតីតស្ពានពេជ្រគម្រប់ខួប១០ឆ្នាំ នៅថ្ងៃទី២២ខែវិច្ឆិកានេះ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំកម្មវិធីសូត្រមន្ត បង្សុកូល និងរាប់បាត្រឧទ្ទិសកុសលជូនដល់ជនរងគ្រោះដែលបានបាត់បង់ជីវិតនៅលើស្ពានពេជ្រ គម្រប់ខូប១០ឆ្នាំ (២២វិច្ឆិកា ២០១០-២២វិច្ឆិកា២០២០) ក្នុងឧបទ្ទវហេតុរត់ជាន់គ្នាលើអតីតស្ពានពេជ្រ កាលពីយប់ថ្ងៃទី២២ វិច្ឆិកា២០១០ ឬថ្ងៃទី៣នៃព្រះរាជពិធីបុណ្យអុំទូក ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅថ្ងៃទី២១ ខែវិច្ឆិកានេះ។ 

ជាមួយគ្នានេះដែរលោកអភិបាលរាជធានីក៏បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌចំការ មន ជាអ្នករៀបចំធ្វេីតាមប្រពៃណីព្រះពុទ្ធសាសនា នៅថ្ងៃទី២២ខែ វិច្ឆិកានេះ  

     លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអភិបាល ខណ្ឌចំការមន លោក ថេង សុថុល រៀបចំប្រារព្ធពិធីសូត្រមន្ត បង្សុកូល និងរាប់បាត្រប្រគេនព្រះសង្ឃទៅតាមប្រពៃណីព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះក្នុងឧបទ្ទវហេតុរត់ជាន់គ្នាលើអតីតស្ពានពេជ្រ នៃទីក្រុងកោះពេជ្រ ដែលប្រព្រឹត្ត ទៅនៅព្រឹកថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២០ ។ ពិធីរំលឹកវិញ្ញាណក្ខន្ធនេះធ្វើនៅខាងមុខស្តូបរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះស្ថិតនៅជាប់ស្ពាននាគនៃតំបន់កោះពេជ្រ ជាទីដែលជនរងគ្រោះបានបាត់បង់ជីវិតកាលពី១០ឆ្នាំមុន ដែលមានការចូលរួមពី មន្ត្រីរាជការ, អាជ្ញាធរដែនដី,សាច់ញាតិក្រុមគ្រួសារបស់ជនរងគ្រោះ និងប្រជាពលរដ្ឋផ្សេងៗទៀតផងដែរ ។

       សូមបញ្ជាក់ថា៖ កាលពីយប់ថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១០ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ មានឧបទ្ទវហេតុរត់ជាន់គ្នាបានកើតឡើងនៅលើស្ពានកោះពេជ្រ បណ្តាលឲ្យមនុស្សស្លាប់៣៥៣នាក់ និងរងរបួសជាង៤០០នាក់ផងដែរ ៕ ដោយ៖សំរិត

...

    

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print