ភ្នំពេញ ៖ រថយន្តពីរគ្រឿងបានបុកគ្នាលាន់ដូចរន្ទះដោយសារតែរថយន្តបើកនៅខាងក្រោយចាប់ហ្វ្រ័ងមិនទាន់ជ្រុលទៅបុករថយន្តខាងមុខពីក្រោយរងការខូច
ខាតយ៉ាងដំណំ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៥០នាទីព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាុំ២០២០ ស្ថិតនៅតាមមហាវិថីព្រះនរោត្តម ត្រង់ចំណុចខាងត្បួងរង្វង់មូលវិមានឯករាជ្យ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាកឡង់គ្រីស័រ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-0529 បើកបរដោយបុរសម្នាក់តាមមហាវិថីព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង ហើយស្របពេលគ្នានោះគេក៏បានឃើញរថយន្តមួយគ្រឿងទៀតម៉ាក TOYOTA Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BI-2219បើកបរដោយបុរសម្នាក់តាមពីក្រោយរថយន្តឡង់គ្រីស័រ ពេលមកដល់ចំណុចកើតហេតុរថយន្តម៉ាកឡង់គ្រីស័រ ដែលនៅខាងមុខបានវាក់អឺជាមួយម៉ូតូ ក៏បានជាន់ហ្វ្រ័ងជ្រុល ទើបធ្វើឱ្យរថយន្ត ព្រូសខាងក្រោយជាន់ហ្វ្រ័ងមិនទាន់ក៏បានបុករថយន្តឡង់គ្រីស័រពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តព្រូសខូចខាតផ្នែកខាងមុខយ៉ាងខ្លាំង ចំណែករថយន្តទ្បង់គ្រីស័រ ខូចខាតផ្នែកខាងក្រោយបន្តិចបន្តួច តែមិនបណ្តាលឱ្យនរណាម្នាក់រងរបួសនៅក្នុងករណីនេះទេ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចទីតាំងកើតហេតុ រួចធ្វើការសម្របសម្រួលដោយភាគីខាងរថយន្តព្រូសព្រមសងសំណងទៅភាគីរថយន្តឡង់គ្រីស័រនូវទឹកប្រាក់ចំនួន១០មុឺនរៀល(១០០.០០០៛)៕ ដោយ រ៉ារ៉ា