ខេត្តក្រចេះ៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ការធ្វើស្រែឡើងវិញ ក្រោយពេលទឹកជំនន់សម្រេចបានជាង ៦២ភាគរយហើយ។ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការបង្កបង្កើនផលឡើងវិញរបស់ប្រជាកសិករបានរហ័ស ក៏ព្រោះតែមានការចាត់ចែងការងារបន្ទាន់ និងដាក់ចេញបទបញ្ជាដ៏ម៉ត់ចត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ក្នុងពេលអញ្ជើញចុះទៅពិនិត្យការធ្វើស្រែឡើងវិញ របស់ប្រជាកសិករនៅក្នុងខេត្តកំពង់ចាម និងខេត្តក្រចេះ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ឃើញថាប្រជាកសិករដែលរងការខូចខាតដំណាំស្រូវដោយសារទឹកជំនន់នាពេលកន្លងទៅ បាននិងកំពុងមមាញឹកជាខ្លាំងជាមួយការបង្កបង្កើនផលឡើងវិញ។
ដើម្បីជួយអន្តរាគមន៍ និងឆ្លើយតបតម្រូវការរបស់ប្រជាកសិករលើការធ្វើស្រែឡើងវិញនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានចុះទៅពិនិត្យដោយផ្ទាល់នៅតាមវាលស្រែចាប់តាំងពីថ្ងៃទី២០ ខែវិច្ឆិកា។ លោកទេសរដ្ឋមន្ត្រី បានចុះទៅខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ធំ កំពង់ចាម និងក្រចេះ។
ក្នុងដំណើរចុះពិនិត្យមើលការធ្វើស្រែឡើងវិញនៅខេត្តក្រចេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានសម្តែងការរីករាយដោយបានឃើញប្រជាកសិករកំពុងមមាញឹកនឹងការបង្កបង្កើនផលឡើងវិញ ដ្បិតជាការចង់ឃើញរបស់សម្តេចតេជោ។
ក្នុងកិច្ចសំណេះសំណាលជាមួយកសិករតាមវាលស្រែលោកទេសរដ្ឋមន្ត្រី បានប្រាប់កសិករថា ការងារបង្កបង្កើនផលឡើងវិញរបស់ប្រជាកសិករក្រោយពេលទឺកជំនន់ស្រកទៅវិញ ជាការងារដែលសម្តេចតេជោនាយករដ្ឋមន្ត្រីយកចិត្តទុកដាក់ខ្ពស់បំផុត។ ព្រោះការបង្កបង្កើនផលឡើងវិញនេះ ជួយធានាដល់សន្តិសុខស្បៀង ហើយក៏ជួយដោះស្រាយការលំបាកក្នុងជីវភាពរបស់ប្រជាពលរដ្ឋផងដែរ។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា ព្រោះតែការយកចិត្តទុកដាក់ និងគិតគូរដ៏ម៉ត់ចត់នេះហើយ ទើបសម្តេចបានចាត់ចែងបន្ទាន់លើការងារបង្កបង្កើនឡើងវិញ ទាំងការចាត់ចែងពូជស្រូវ ការរៀបចំប្រព័ន្ធផ្គត់ផ្គង់ទឹកស្រោចស្រប់ និងការរៀបចំប្រព័ន្ធផ្លូវដឹកជញ្ជូនជាដើម។
ជាមួយគ្នានេះលោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានកោតសរសើរចំពោះអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលយកចិត្តទុកដាក់ឆ្លើយតបបានលឿនជួយសម្រួលដល់ការបង្កបង្កើនផលរបស់ប្រជាកសិករ។ ទោះបីជាយ៉ាងណា លោកទេសរដ្ឋមន្ត្រី បានក្រើនរំលឹកដល់អាជ្ញាធរឱ្យបន្តការយកចិត្តទុកដាក់បន្ថែមទៀត ជាពិសេសលើប្រព័ន្ធទឹក ដើម្បីធានាថាការបង្កបង្កើនផលឡើងវិញនេះទទួលបានផលតាមការរំពឹងទុក៕
ដោយ៖ សិលា