អគ្គិភ័យឆាបឆេះអតីតឃ្លាំងលក់​ និងជួសជុលរថយន្តដ៏ធំមួយកន្លែង​ក្នុងខណ្ឌ៧មករា​ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះធ្វើអន្តរាគមន៍ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ​ ៖​ អគ្គិភ័យ​បាន​ឆាប​ឆេះ​អតីតឃ្លាំងលក់​និងជួសជុលរថយន្តដ៏ធំមួយកន្លែងស្ថិតនៅជាប់ផ្លូវលេខ១០៥ ក្នុងភូមិ១​ សង្កាត់បឹងព្រលឹត​ ខណ្ឌ៧មករា​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចចុះធ្វើអន្តរាគមន៍ភ្លាមៗ នៅវេលាម៉ោង៩​ និង៣០នាទីយប់​
ថ្ងៃទី២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ ។

​ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកេីតហេតុបានឲ្យដឹងថា​ ទីតាំងដែលត្រូវអគ្គិភ័យឆាបឆេះខាងលេីនេះគឺជា​ឃ្លាំងលក់​ និងជួសជុលរថយន្ត​ត្រូវបានគេទុកចោលជាយូរមកហេីយ​ ដោយនៅមានសម្ភារសេសសល់ចាស់ៗ​ពុំសូវមានតម្លៃតែប៉ុណ្ណោះ​។ ចំណែកប្រព័ន្ធភ្លេីងក៏នៅមានប្រេីធម្មតាផងដែរ​ ។ ប្រភពដដែលបានឲ្យដឹងទៀតថា​ នៅយប់កេីតហេតុគេសង្កេតឃេីញមានផ្សែងហុយតិចតួចចេញពីក្នុងឃ្លាំង​ ដោយនឹកស្មានថាគេដុតសំរាម​។ តែមួយសន្ទុះធំក្រោយមកក៏មានផ្សែងហុយកាន់តែខ្លាំង​ធ្វេីឲ្យប្រជាពលរដ្ឋចូលទៅមេីលស្រាប់តែឃេីញមានអណ្ដាតភ្លេីងឆាបឆេះឡេីងជាខ្លាំង​ រួចក៏ទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋាន​ និងភ្នាក់ងារបង្ការ ពន្លត់អគ្គិភ័យឲ្យចុះមកជួយធ្វើអន្តរាគមន៍ភ្លាមៗតែម្ដង​ ។

​ ក្រោយពីទទួលបានព័ត៌មានខាងលេី​ភ្លាម មន្ត្រីសាលាខណ្ឌ៧មករា​ បានចេញរថយន្តពន្លត់អគ្គិភ័យ១គ្រឿង​ និងកម្លាំងជំនាញបង្ការ ពន្លត់អគ្គិភ័យ​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង​ ដោយមានកម្លាំងចម្រុះជាច្រេីននាក់បានសហការគ្នាយ៉ាងយកចិត្តទុកដាក់ជួយបាញ់ទឹកពន្លត់អគ្គិភ័យខាងលេីនេះឲ្យរលត់ទៅវិញជាស្ថាពរ​ត្រឹមតែរយៈពេលកន្លះម៉ោង​ និងប្រេីប្រាស់ឡានទឹកអស់ចំនួន៣គ្រឿង​ ។

​ ចំពោះមូលហេតុ​ដែលបង្កឲ្យមានអគ្គិភ័យនេះកេីតឡេីងគឺ​សមត្ថកិច្ចសន្និដ្ឋានថា​ អាចមកពីឆ្លងចរន្តអគ្គិសនី​ ព្រោះប្រព័ន្ធភ្លេីងមានភាពច្របួកច្របល់ជាមួយនិងសម្ភារចាស់ៗងាយឆ្លងឲ្យឆេះ​ ។ នៅក្នុងករណីនេះមិនបានឆ្លងរាលដាលដល់ផ្ទះប្រជាពលរដ្ឋរស់នៅជិតខាងនោះទេ​ និងមិនបង្កឲ្យនរណាម្នាក់រងរបួសនោះដែរ​ ៕​

ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print