ក្រុមហង្សក្រហម Liverpool បានប្រកួតចាញ់ក្រុមខ្លាំងមកពីអុីតាលី Atalanta កាលពីរាត្រីថ្ងៃទី២៥ឈានចូលថ្ងៃទី២៦ វិច្ឆិកានេះ ក្នុងវគ្គជម្រុះ UEFA Champions League តាមពូល ដែលធ្វើឲ្យក្រុមមួយនេះបាត់បង់៣ពិន្ទុដ៏សំខាន់។
យោងតាមការចុះផ្សាយរបស់ BBC Sport និងតាមលទ្ធផលរបស់ soccerway បានបង្ហាញថា ក្រុមហង្សក្រហមបានគ្រប់គ្រងបាល់រហូតដល់៥៤ភាគរយ ប៉ុន្តែឱកាសនៃការស៊ុតបាល់បែរជាមានតែ២ដង ខណៈដែលក្រុមភ្ញៀវ Atalanta មានរហូតដល់៨ដងឯណោះ។
២គ្រាប់របស់ក្រុមភ្ញៀវ Atalanta រកបានដោយកីឡាករ Iličić នៅនាទីទី៦០ តាមរយៈការបញ្ជូនបាល់ពីកីឡាករ Gómez និង១គ្រាប់ទៀតរកបានដោយកីឡាករ Gosens នៅនាទីទី៦៤ ដែលជាការបញ្ជូនបាល់ពីកីឡាករ Hateboer ។ ជ័យជម្នះរបស់ក្រុម Atalanta ធ្វើឲ្យក្រុមនេះទទួលបាន៣ពិន្ទុបន្ថែម សរុបមាន៧ពិន្ទុក្នុងពូលD ស្មើពិន្ទុជាមួយក្រុម Ajax ដែលយកឈ្នះក្រុម Midtjylland កាលពីយប់មិញដូចគ្នា។
ចំណែក្រុមហង្សក្រហម Liverpool បន្តឈរកំពូលតារាងដដែលដោយមាន៩ពិន្ទុ បើទោះបីចាញ់ការប្រកួតនេះក៏ដោយ ដោយនៅសល់២ប្រកួតទៀតចប់វគ្គជម្រុះតាមពូល នឹងត្រូវប៉ះក្រុម Ajax នៅថ្ងៃទី២ ខែធ្នូខាងមុខ ហើយប្រសិនបើចាញ់ Ajax ទៀតនោះ ក្រុមហង្សក្រហមអាចនឹងមានឱកាសកាន់តែតិចក្នុងការឡើងវគ្គ១៦ក្រុម ដូចរដូវកាលមុនដែរ ៕ដោយ៖ភារៈ