តើអ្នកបានទៅតំបន់រ៉ាមសារ ឬនៅ ! តំបន់ រ៉ាមសារ ខេត្តស្ទឹងត្រែង ជាទី លំហែកាយសម្រាប់អ្នកស្រលាញ់ធម្មជាតិ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ខេត្តស្ទឹងត្រែងមានលក្ខណៈពិសេសច្រើន ដែលអ្នកខ្លះមិនទាន់ទទួលព័ត៌មានលម្អិត ដូចជាប្លែកជាងខេត្តដទៃ ត្រង់មានទន្លេចំនួន៤ ប្រសព្វគ្នា គឺទន្លេសេកុង ទន្លេសេសាន ទន្លេស្រែពក និងទន្លេមេគង្គ។

ដោយឡែកតំបន់​រ៉ា​ម​សារ ជា​តំបន់​ព្រៃ​លិច​ទឹក និង​វាល​ខ្សាច់​ទឹកសាប​សក្បុស ដែលជា​ជំរក​នូវ​ជីវៈចម្រុះ​ច្រើន​ប្រភេទ​។

តំបន់​ដែល​ស្ថិតនៅ​ដង​ទន្លេមេគង្គ​មួយ​នេះ ជាទី​តាំង​ល្អ​បំផុត​សម្រាប់អ្នកទេសចរ​ដែល​ចូលចិត្ត​ដំណើរ​កម្សាន្ត ហែល​ទឹក សម្រាក​កម្សាន្ត ក៏ដូចជា​អ្នក​ស្រលាញ់​ធម្មជាតិ និង​សត្វ​ស្លាប​ជាដើម​។​

បើយោងតាម​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង​ បានអោយដឹងថា៖ តំបន់​រ៉ា​ម​សារ​នេះ​លាតសន្ធឹង​តាម​បណ្ដោយ​ទន្លេមេគង្គ ក្នុង​ក្រុង​ស្ទឹងត្រែង​រហូតដល់​ព្រំដែន​ឡាវ​។ តំបន់​នេះ​ស្ថិត​លើ​ផ្ទៃក្រឡា ១៤,៦០០​ហិកតា​។ ទីតាំង​ស្ថិតនៅ​ទន្លេមេគង្គ ដែលមាន​សភាព​បៃតង​ថ្លា​នេះ ក៏មាន​ព្រៃ​លិច​ទឹក​យ៉ាង​ស្រស់ស្អាត ដែលមាន​កម្ពស់​ខ្ពស់ៗ​ពី ១៥-៣០​ម៉ែត្រ​។​

​ដោយឡែក លោក អ៊ុន ប៉ោ​សឿន បានបញ្ជាក់ប្រាប់គេហទំព័រក្នុងស្រុកថា ៖ ទីតាំង​ទេសចរណ៍​មួយ​នេះ សម្បូរ​ដោយ​ប្រជុំ​កោះ​ចំនួន ៥០ ក្នុងនោះ​មាន​កោះធំ​ចំនួន ៧ និង​កោះ​តូចៗ​ចំនួន ៤៣ ហាក់បីដូច​អំណោយផល​ដល់​ជីវៈចម្រុះ​ទាំងឡាយ​ស្នាក់អាស្រ័យ​ក្នុង​តំបន់​រ៉ា​ម​សារ​មួយ​នេះ​។ លើសពី​ព្រៃ​លិច​ទឹក និង​ទឹកថ្លា​យ៉ង់​នេះ វា​ក៏​ជាទី​តាំង​ដែល​មាននូវ​សត្វ​ស្លាប​ចំនួន ៩២​ប្រភេទ ត្រី ១៣០​ប្រភេទ និង​ប្រភេទ​ជីវៈចម្រុះ​ផ្សេងៗ​ទៀត​ដល​មាន​វត្តមាន​នៅទីនេះ​ផងដែរ ។

​លោក អ៊ុន ប៉ោ​សឿន ថ្លែងថា៖ តំបន់​ទេសចរណ៍ធម្មជាតិ​មួយ​នេះ​មាន​ភាព​ទាក់ទាញ ជាពិសេស​ភ្ញៀវ​ក្នុងស្រុក​។ អ្នកដំណើរ​មកកាន់​ទី​នេះ​តែងតែ​ជិះទូក​ធ្វើដំណើរ​ទស្សនា​ព្រៃ​លិច​ទឹក ក៏ដូចជា​ទស្សនា​នូវ​សត្វ​ស្លាប​មួយចំនួន​ផង។​

​តំបន់​រ៉ា​ម​សារ​នេះ​ពុំទាន់​បានរៀបចំ​ជា​កន្លែង​ទេសចរណ៍​ដែល​អាច​បម្រើ​សេវាកម្ម​ទេស​ចរណ៍ និង​ផ្សព្វផ្សាយ​នៅឡើយ​ទេ ប៉​ន្តែ​យើង​មាន​សេវាកម្ម​ដឹក​ភ្ញៀវ​ដោយ​ទូក ហើយ​ភ្ញៀវ​ក៏​អាច​បោះ​តុង​ដែល​រៀបចំ​ដោយ​សហគមន៍ និង​ក្រុមហ៊ុន​ឯកជន​ផ្សេងៗ​បាន​ផងដែ​»​។ លោក អ៊ុន ប៉ោ​សឿន បន្តទៀតថា តំបន់​មួយ​នេះ​ហាក់​មាន​ភាព​អំណោយផល​ក្នុង​វិស័យ​អេកូ​ទេសចរណ៍ ក៏ដូចជា​ផ្ដល់​ផលប្រយោជន៍​ដល់​ពលរដ្ឋ នៅក្នុង​តំបន់​ធម្មជាតិ​នេះ​។

​បច្ចុប្បន្ន​តំបន់​រ៉ា​ម​សារ មាន​សហគមន៍​ចំនួន​ពីរ ក្នុងនោះ​រួមមាន សហគមន៍​អេកូ​ទេសចរណ៍​បុរី​អូរ​ស្វាយ និង សហគមន៍​អេកូ​ទេសចរណ៍​សម្រស់​កោះ​ហាន ដែល​សហគមន៍​ទាំងពីរ​អាច​បម្រើសេវា​ជូន​អ្នកដំណើរ​ដូចជា ផ្ទះសំណាក់ បោះ​តុង ជិះទូក និង​ម្ហូបអាហារ​ជាដើម​។​

​ក្រៅពី​តំបន់​រ៉ា​ម​សារ​នេះ សក្ដានុពល​ខេត្តស្ទឹងត្រែង​ទាំងមូល ក៏មាន​ទីតាំង​ទេសចរណ៍​ផ្សេងៗ​ទៀត សម្រាប់​ទាក់ទាញ​ចិត្ត​អ្នកទេសចរ​ដែរ ក្នុងនោះ​មាន​កន្លែង​លេង​កម្សាន្ត​ប្រមាណ ២១​កន្លែង ដែល​សុទ្ធសឹង​ជា​តំបន់​ទេសចរណ៍​បែប​វប្បធម៌ និង​ធម្មជាតិ​។ ជាមួយគ្នានេះ​សហគមន៍​ចំនួន ៦ ក៏​រង់ចាំ​ទទួលភ្ញៀវ​ទេសចរ​ផង។
សូមជម្រាបថា៖ នៅខេត្តស្ទឹងត្រែងពេលរដូវទឹកឡើង មានភ្ញៀវទេសចរណ៍ ជិៈទូកកម្សាន្ត តាមតំបន់ព្រៃ តំបន់ភ្នំ តំបន់កោះ រួចទៅស្នាក់នៅតាម រីស៊តតាមមាត់ទន្លេ ស្រូបយកខ្យល់ឱកាសបរិសុទ្ធ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print