ភ្នំពេញ៖ លោក សៀង ឡាប្រេស្ស អនុប្រ ធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ព្រមទាំងប្រតិភូអមចំនួន៦រូបទៀត ដែលមានលោកស្រីមុំ ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន
និងយុវនិីតិសម្បទារាជធានីភ្នំពេញនិងជាប្រធានមជ្ឈមណ្ឌលឱកាសខ្ញុំ បានចូលរួមចុះត្រួតពិនិត្យលើការផ្ដល់សេវាព្យាបាល អប់រំ និងស្ដារនីតិសម្បទាដល់អ្នកញៀនគ្រឿងញៀនក្នុងមជ្ឈមណ្ឌលឱកាសខ្ញុំ ។ ដំណើរទស្សនកិច្ចនេះ បានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្នុងឱកាសនោះ បន្ទាប់ពីតំណាងមជ្ឈមណ្ឌលឱកាសខ្ញុំ បានស្វាគមន៍និងធ្វើបទបង្ហាញរបាយការណ៍ស្តីពីលទ្ធផលនៃការព្យាបាលស្ដារនិីតិសម្បទានិងសមាហរណកម្មរួចមក លោកប្រធានប្រតិភូអមបានចាប់អារម្មណ៍ខ្លាំងលើការគ្រប់គ្រងជនរងគ្រោះដោយគ្រឿងញៀនបានល្អប្រសើរ។
លោកប្រធានបានចាប់អារម្មណ៍និង
យកចិត្តទុកដាក់លើរបាយការណ៍និងការធ្វើបទបង្ហាញស្តីពីការព្យាបាល អប់រំ ផ្ដល់ជំនាញវិជ្ជាជីវៈនិងស្ដារនីតិសម្បទាក្នុងមណ្ឌល។
ក្នុងនោះលោកប្រធានប្រតិភូបានកោតសរសើរលោកស្រីប្រធានមជ្ឈមណ្ឌលឱកាសខ្ញុំ ចំពោះការរៀបចំ ការគ្រប់គ្រង ដឹកនាំលើការផ្ដល់ជំនាញបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់បំណិនជីវិត, ការគោរពនូវសិទ្ធិមនុស្សនិងការមិនបំពានឬការដកហូតសិទ្ធិពីជនរងគ្រោះដោយការប្រើអំពើហិង្សា ក្នុងប្រការណាមួយនៅក្នុងមជ្ឈមណ្ឌលឱកាសខ្ញុំនោះឡើយ។
ជាមួយគ្នានោះលោក សៀង ឡាប្រេស្ស ប្រធានប្រតិភូក៏បានពេញចិត្តដល់មជ្ឈមណ្ឌលដែលបានខិតខំប្រឹងប្រែងកៀរគរគ្រូស្ម័គ្រចិត្តផ្ដល់នូវការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដោយមិនគិតថវិកា។ លោកប្រធានប្រតិភូនិងប្រតិភូអមបានកោតសរសើរដល់លោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាព្រមទាំងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រសួងស្ថាប័ន អាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញអង្គភាពជំនាញនិងអ្នកពាក់ព័ន្ធទាំងអស់ដែលបានយកចិត្តទុកដាក់គាំទ្រយ៉ាងពេញទំហឹងដើម្បីធ្វើយ៉ាងណាឱ្យមជ្ឈមណ្ឌលផ្ដល់សេវាព្យាបាលស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនប្រកប ដោយគុណភាព ប្រសិទ្ធភាពនិងផ្ដល់ឱកាសឲ្យយុវជនយុវនារីដែលបានជាសះស្បើយបានប្រែក្លាយពលរដ្ឋថ្មី។ក្រោយចូលទស្សនាតាមបន្ទប់ស្នាក់នៅរបស់ជនរងគ្រោះនិងការគ្រប់គ្រងយ៉ាងល្អ ដោយប្រើប្រាស់បុគ្គលិកសន្តិសុខចំនួនតិច(បុគ្គលិកសន្តិសុខស៊ីវិល) ដោយមិនមានប្រើអាវុធក្នុងការយាមប្រចាំការឡើយ ។ មានការគ្រប់គ្រងទិន្នន័យនិងបញ្ជីឯកសារលិខិតស្នាមផ្សេងៗបានយ៉ាងល្អ។
ក្នុងឱកាសនោះដែរលោក សៀង ឡាប្រេស្សបានកោតសរសើរថា៖ មជ្ឈមណ្ឌលឱកាសខ្ញុំមានទីធ្លាល្អប្រកបដោយបរិយាកាសស្រស់ថ្លាស័ក្តិសមជាមណ្ឌលស្ដារនីតិសម្បទានិងមានការគ្រប់គ្រងចាត់ចែងល្អទាំងលើជនរងគ្រោះដែលមកទទួលសេវាក្នុងមណ្ឌលបានយ៉ាងល្អប្រសើរ៕ សំរិត