លោកផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថានអញ្ជើញជាអធិបតីក្នុងពិធីដុតបំផ្លាញអាវុធកែច្នៃនិងឧបករណ៍នេសាទខុសច្បាប់នៅស្រុកសៀមប៉ាង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ពិធីដុតកម្ទេចវត្ថុតាងបម្រើឱ្យបទល្មើសធនធានធម្មជាតិក្នុងតំបន់ការពារធនធានធម្មជាតិក្នុងភូមិសាស្រ្តស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលប្រារព្វធ្វើនៅស្នាក់ការឧទ្យានជាតិ ក្រោមកិច្ចសហប្រតិបត្តិការរៀបចំដោយក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្ត មន្ទីរបរិស្ថានខេត្ត រដ្ឋបាលសាលាស្រុកសៀមប៉ាង និងអង្គការដៃគូអភិវឌ្ឍន៍ ដើម្បីដុតអាវុធកែច្នៃ និងឧបករណ៍នេសាទខុសច្បាប់ដែលប្រព្រឹត្តទៅនៅរសៀស ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ ក្រោមអធិបតីភាព លោកផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន លោកញ៉ែម សារី អភិបាលនៃគណៈអភិបាលខេត្ត លោកអភិបាលស្រុក រួមនិេងមន្ត្រីពាក់ព័ន្ធជុំវិញខេត្ត ស្រុក ក្នុងមូលដ្ឋានផងដែរ។

លោក អេង ភិរុន ប្រធានមន្ទីរបរិស្ថាន ខេត្តស្ទឹងត្រែង បានឱ្យដឹងថា: ដោយអនុ វត្តតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងមានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំ ក្រសួងបរិស្ថាន និងគណៈអភិបាលខេត្ត រយៈពេលកន្លងមក មន្ទីរបរិស្ថានខេត្ត បានបង្រ្កាបដកហូតនិងប្រមូលវត្ថុតាងបទល្មើសក្នុងតំបន់ការពារធម្មជាតិភូមិសាស្រ្តក្នុងខេត្តស្ទឹងត្រែងទាំងមូល មានដូចជាអាវុធកែច្នៃចំនួន២៥៦ដើម ខ្សែអន្ទាក់ចំនួន៣.៥៣១ខ្សែ ឧបករណ៍ ឆក់ចំនួន៨១គ្រឿង មងទាក់សត្វចំនួន ១២៧ត្បូង ស្មើ៧៤១០ម៉ែត្រ ហើយវត្ថុតាងដែលជាអាវុធកែច្នៃ និងឧបករណ៍នេសាទខុសច្បាប់ទាំងនេះត្រូវដុតបំផ្លាញចោលនៅស្នាក់ការឧទ្យានជាតិវរជ័យក្នុងស្រុកសៀមប៉ាងថ្ងៃនេះតែម្តង រួមមាន៖ អាវុធកែច្នៃចំនួន៩៧ដើម ខ្សែអន្ទាក់ចំនួន ២.៥០០ខ្សែ ឧបករណ៍ឆក់ ចំនួន១០គ្រឿង មងទាក់សត្វចំនួន ១២៧ត្បូង ស្មើ៦.៣៥០ម៉ែត្រ។

លោកបន្តថា វត្ថុតាងដែលត្រូវដុតជាបន្តទៀតនៅស្នាក់ការដែនជម្រកសត្វព្រៃព្រៃឡង់វិញ មានអាវុធកែច្នៃចំនួន១៥៩ដើម ខ្សែអន្ទាក់ចំនួន៩៦៩ខ្សែ ឧបករណ៍ឆក់ ចំនួន៧១គ្រឿង មងទាក់សត្វចំនួន ១.០៦០ម៉ែត្រ។

លោកផៃ ប៊ុនឈឿន បានមានប្រសាសន៍លើកឡើងថា ការដុតបំផ្លាញវត្ថុតាងដូចជាអាវុធកែច្នៃ និងឧបករណ៍នេសាទ ខុសច្បាប់ មិនមែនជាបញ្ហាធំនោះទេ
បញ្ហាដែលធំនោះ គឺបញ្ហាឱ្យយល់អំពីមនសិការ ឱ្យយល់អំពីការការពារធនធានធម្មជាតិ ត្រូវចេះថែរក្សាការពារធនធានធម្មជាតិ និងមច្ឆជាតិទើបប្រសើរ។
ចំពោះការដុតបំផ្លាញចោលនូវវត្ថុតាងក៏មិនមែនជាការគំរាមកំហែងនោះឡើយ តែជាការបង្ហាញដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងថា ឧបករណ៍ទាំងនេះជាឧបករណ៍ខុសច្បាប់ដែលមិនអាចយកមកប្រើប្រាស់បាននោះឡើយ។
លោកផៃ ប៊ុនឈឿន មានប្រសាសន៍បន្តថា: ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្រ្ត៣ធំៗដែលបញ្ហាគោលដៅទី១គឺកិច្ចព្រមព្រៀងបរិស្ថាន គោលដៅទី២គឺការអភិរក្សធនធានធម្មជាតិ គោលដៅទី៣គឺការរស់នៅដោយចីរភាព៕
ដោយ៖ មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print